សម្តេចនាយក​រដ្ឋមន្ត្រី​បន្ត​ក្រើនរំលឹក​ឲ្យ​ប្រយ័ត្ន​កូ​វីដ ១៩ ទោះ​មិនមាន​ការរកឃើញ​ថ្មី​

282
ចែករម្លែក
សម្តេចនាយក​រដ្ឋមន្ត្រី​បន្ត​ក្រើនរំលឹក​ឲ្យ​ប្រយ័ត្ន​កូ​វីដ ១៩ ទោះ​មិនមាន​ការរកឃើញ​ថ្មី​

ដោយៈ មេសា​,​តារា​រិ​ទ្ធ​/ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅតែ​បន្ត​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​បើទោះជា​កម្ពុជា​នៅសល់​អ្នកជំងឺ​តែ​ពីរ​នាក់​និង​មិនមាន​ការរកឃើញ​ថ្មី​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​ក៏ដោយ​។​ការ​ដាស់តឿន​នេះ​បន្ទាប់ពី​ក្រសួងសុខាភិបាល​ប្រកាសថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២ ខែ ឧសភា ឆ្នាំ​២០២០ នេះ​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា មាន​សភាព​ដដែល ពោលគឺ​មិនមាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ទេ​។​អ្នកជា​សះស្បើយ​ថ្មី​ម្នាក់​និង​អ្នក​សម្រាក​ព្យាបាល​មានតែ​ពីរ​នាក់​ប៉ុណ្ណោះ​។​


​ ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​សម្តេច​តេ​ជោ ហ៊ុនសែន បានសរសេរថា​សូម​បងប្អូន​បន្ត​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​ជានិច្ច ជាពិសេស​ក្នុងពេលដែល​ប្រទេសជាតិ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​១៩​។​ទោះបី​ចំនួន​អ្នក​ដែល​ឆ្លង​មេរោគ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ច្រើន​ស្ទើរ​អស់ហើយ​ក្តី ហើ​មកទល់​ថ្ងៃនេះ​ក៏​ពុំមាន​អ្នក​ឆ្លង​ថ្មី​ក៏ដោយ ក៏​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​ប្រើ​ម៉ាស ទឹក​អាល់កុល និង​ជេ​ល​លាង​សម្អាត​កម្ចាត់​មេរោគ​និង​បាក់តេរី​ផ្សេងៗ​ឲ្យ​បានជា​ប្រចាំ​។


​សម្តេច​តេ​ជោ​បន្តថា​ស្របពេល​នឹង​ការបង្កើន​អនាម័យ​ថែរក្សា​សុវត្ថិភាព​សុខភាព​អាយុជីវិត សូម​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ក្មួយៗ​យុវជន​ត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ដាច់ខាត ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​រាល់ថ្ងៃ​គឺ​បានសម្លាប់​អាយុជីវិត​ពលរដ្ឋ​ច្រើនជាង​ជំងឺឆ្លង​កូ​វី​វីដ​១៩ ទៅទៀត​។
​ក្នុង​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​ព្រឹក​ថ្ងៃទី​២​ខែឧសភា​បាន​បង្ហាញថា​អ្នកជា​សះស្បើយ​ថ្មី​មួយ​នាក់​។​ដូចនេះ អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ឡើងដល់ ១២០ នាក់ ( ស្មើនឹង ៩៨ , ៣៦ ភាគរយ ធៀប​នឹង​អ្នក​ឆ្លង​ទាំងអស់ ក្នុងនោះ ស្ត្រី ៣៧ នាក់ និង បុរស ៨៣ នាក់ )​។ អ្នក​កំពុង​សម្រាក​ព្យាបាល បាន​ថយ​ចុះមក​នៅត្រឹមតែ ពីរ នាក់ ( ស្ត្រី មួយ​នាក់ ) នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ថ្នាក់ជាតិ និង ថ្នាក់​ខេត្ត ។​
​គួ​រំលឹកថា​នៅ​កម្ពុជា​អ្នក​ដែល​បាន​រកឃើញ​មាន​វីរុស កូ​វីដ ១៩ ទាំងអស់ ( ទាំង​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ហើយ​ផង ) សរុប ១២២ នាក់​ដដែល ( ស្ត្រី ៣៨ នាក់ និង បុរស ៨៤ នាក់ )៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម