«​ជីវិត​ក្នុង​ភាព​នឹងថ្កល់​»រឿងរ៉ាវ​របស់​ប្រជាជន​ក្រោម​របប​ខ្មែរក្រហម​ ​ញ៉ែម សូ​ផាន ៖ ពេទ្យ​ទាហាន​

458
ចែករម្លែក
ញ៉ែម សូ​ផាន អាយុ​១៥ ស្លៀកពាក់​ឯកសណ្ឋាន​ពេទ្យ ថត​នៅ​ឆ្នាំ​១៩៧៥ ។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ​វេ​នី ខក​ហ្កៀ​ល​, ប៊ា​ង ពី​វ័​ន្ត​, ស៊ឹម សុភ័ក្ត្រ និង រ៉ា ឆៃ​រ៉ា​ន់​
​ភ្នំពេញៈ​សព្វថ្ងៃនេះ​ខ្ញុំ​រស់នៅ​ផ្ទះ​ដដែល គឺ​កន្លែង​ដែល​ខ្ញុំ​កើត​កាលពី​៤៩​ឆ្នាំមុន​។ ក្នុង​គ្រួសារ​ខ្ញុំ​មាន​បងប្អូន​ប្រាំ​នាក់​បាន​ចូលរួម​បដិវត្តន៍​ខ្មែរក្រហម ហើយ​នៅក្នុង​ចំណោម​នោះ​មានតែ​ខ្ញុំ​ម្នាក់​ទេ​ដែល​នៅរស់​។ បងប្រុស​ខ្ញុំ​ឈ្មោះ នឿន ចូលធ្វើ​មុនគេ​។ គាត់​បាន​យក​ប្អូនស្រី​ខ្ញុំ​ពីរ​នាក់​ទៅតាម​គឺ ថាច់ និង ថុល រួមទាំង​ខ្ញុំ​ដែរ នៅ​ឆ្នាំ​១៩៧៣​។ កាលណោះ​គ្មាន​អ្នកណា​បង្ខំ​ឲ្យ​ខ្ញុំ​ចូលរួម​ទេ​។​
​ ​ដំបូង​ខ្ញុំ​ធ្វើការ​នៅ​មន្ទីរ តែ​ក្រោយមក​ខ្ញុំ​រៀន​ខាង​ឆ្មប​អស់​រយៈពេល​បី​ខែ​និង​រៀន​ខាង​ពេទ្យ​ទាហាន​អស់​រយៈពេល​បី​ខែ​ទៀត​។ នៅ​ពេទ្យ​ខ្ញុំ​ច្រើនតែ​លាងមុខ​របួស​ឲ្យ​កងទ័ព​។ អ្នកជំងឺ​ភាគច្រើន​ជា​កងទ័ព​ខ្មែរក្រហម​ដែល​ត្រូវរបួស​នៅ​សមរភូមិ​មុខ​។
​ ​ខ្ញុំ​ព្យាបាល​តែ​អ្នក​របួសស្រាល​តែប៉ុណ្ណោះ​។ បើ​មាន​អ្នកណា​ត្រូវ​របួសធ្ងន់​យើង​បញ្ជូន​នៅ​ពេទ្យ​ធំ​។

គា ត្រូវជា​មិត្តភក្តិ និង​ជា​អ្នក​រួម​ការងារ​ជាមួយ ញ៉ែម សូ​ផាន ថត​ជាមួយ​ប្តី​របស់​នាង នៅ​អំឡុង​ឆ្នាំ​១៩៧៥​។
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​ខ្ញុំ​បាន​យក​រូបថត​នេះ​ពី​មិត្ត​ខ្ញុំ​ឈ្មោះ គា និង​ប្ដី​ឈ្មោះ តាំង​។ តាំង ជា​មេ​កងពល​។ គាត់​បាន​បញ្ជូន​ប្រពន្ធ​ទៅ​ពេទ្យ​ដែល​ខ្ញុំ​ធ្វើការ​ដើម្បី​ឲ្យ​នាង​សម្រាលកូន​នៅ​ទីនោះ​។ ក្រោយមក​អង្គការ​បញ្ជូន តាំង និង គា ទៅ​សហករណ៍​អំពិល​ទាប​។ តាំង បាត់​ខ្លួន​មុន​ទើប គា និង​កូនតូច​របស់​នាង​បាត់​ខ្លួន​តាម​ក្រោយ​។​
​ ​នៅ​ឆ្នាំ​១៩៧៥ ខ្ញុំ​ទៅលេង បង​នឿន នៅ​ខេត្តសៀមរាប​បាន​បី​ថ្ងៃ​។ បង​នឿន ឲ្យ​អ្នក​នៅ​កង​របស់គាត់​ជូន​ខ្ញុំ​ទៅ​។ គាត់​និយាយថា​គាត់​ស្ទើរតែ​ចំណាំ​ខ្ញុំ​មិនបាន​ព្រោះ​យើង​បែក​គ្នា​យូរពេក​។ គាត់​អង្អែល​ក្បាល​ខ្ញុំ ហើយ​ថតរូប​ខ្ញុំ​នៅមុខ​ផ្ទះ​របស់គាត់​។ ខ្ញុំ​សប្បាយចិត្ត​ដែរ​ព្រោះ​ពីមុនមក​មិន​ដែលមាន​រូបថត​មើល​នឹង​គេ​ទេ​។​


​ ​នៅ​ឆ្នាំ​១៩៧៥ ខ្ញុំ​បានធ្វើ​ពេទ្យធ្មេញ​នៅ​ខេត្តកំពង់ចាម​។ អង្គ​ការយក​គ្រូ​ពេទ្យធ្មេញ​ពី​ភ្នំពេញ​និង​កំពង់ធំ​មក​បង្រៀន​ខ្ញុំ​បាន​មួយរយៈ​ខ្លី​ដែរ ក្រោយមក​អ្នក​ទាំងនោះ​ស្រាប់តែ​បាត់​ខ្លួន​អស់​។ អ្នកជំងឺ​ដែល​ខ្ញុំ​ព្យាបាល​ភាគច្រើន​ជា​អ្នកភូមិ​។ អ្នកភូមិ​មួយចំនួន​ឈឺធ្មេញ ខ្លះទៀត​ចង់​ដក​ធ្មេញ​និង​ដាក់​ធ្មេញ​។ ឈ្មោះ កែ ពក លេខាធិការ​ភូមិភាគ​ឧ​ត្ត​រ បានមក​កន្លែង​ខ្ញុំ​ដើម្បី​ដាក់​ធ្មេញ​ថ្មី​។ ខ្ញុំ​បាន​ចាប់ដៃ​គាត់​ដែរ ប៉ុន្តែ​ពេល​មាន​មេៗ​ឯទៀត​មក​ខ្ញុំ​មិន​ហ៊ាន​ទាំង​សម្លឹង​ចំ​អ្នក​ទាំងនោះ​ផង​។​ខ្ញុំ​កាន់​ការងារ​នេះ​ទាល់តែ​ក្រុម​ពេទ្យធ្មេញ​ត្រូវ​អង្គការ​រំសាយ​។


​ ​នឿន ត្រូវ​ចាប់ខ្លួន​នៅ​ប្រហែល​ឆ្នាំ​១៩៧៧​ដល់​១៩៧៨​។ ខ្មែរក្រហម​មិនបាន​ប្រាប់​ខ្ញុំ​ពី​រឿងនេះ​ទេ គ្រាន់តែ​ប្រាប់ថា​បងប្រុស​ខ្ញុំ​ក្បត់​បដិវត្តន៍​តែប៉ុណ្ណោះ​។ អង្គ​ការហៅ​ខ្ញុំ​ទៅ​ប្រជុំ​និយាយ​ពី​រឿង​ចាប់ខ្លួន​បងប្រុស​ខ្ញុំ ក្រោយមក​បញ្ជូន​ខ្ញុំ​ទៅ​សហករណ៍​នៅ​ព្រៃទទឹង​។​
​ ​ក្រោយមក​មេកង​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា ឈ្មោះ​ខ្ញុំ​ត្រូវ​ផ្ញើ​ឡើងទៅ​ឲ្យ​ឈ្មោះ តូ​ស នៅ​ភូមិភាគ​បស្ចិម​។ បន្ទាប់មក តូ​ស ផ្ញើ​សំបុត្រ​ទៅខាង​ស្រុក​។ គណៈ​ស្រុក​មើលសំបុត្រ​នោះ​រួច​រក្សាទុក ហើយ​ចាប់ផ្ដើម​តាមដាន​ខ្ញុំ​។ ថ្ងៃមួយ​មនុស្ស​ម្នាក់​ហៅ​ខ្ញុំ​ឡើង​ឡាន​។ ខ្ញុំ​មិនបាន​ដឹង​ជាមុន​ថា​អង្គការ​មាន​គម្រោង​អ្វី​ទេ​។​ប៉ុន្តែ​ខ្ញុំ​ចេះតែ​គិតថា​ប្រហែលជា​អង្គ​ការយក​ខ្ញុំ​ទៅ​សម្លាប់​ហើយ​។ អ្នក​នៅក្នុង​ឡាន​ប្រាប់​ខ្ញុំ​ថា​យក​ខ្ញុំ​ទៅធ្វើ​ការងារ​កសិកម្ម​វិញ ព្រមទាំង​បាន​ឲ្យ​ខោអាវ​ប៉ុន្មាន​កំ​ប្លេ​រម​ក​ខ្ញុំ​។​ខ្ញុំ​ដឹងថា​ខោអាវ​អស់នេះ​ប្រាកដជា​របស់​ប្រជាជន​ដែល​ខ្មែរក្រហម​បានសម្លាប់​រួច​។ ប៉ុន្តែ​បើតាម​ខ្ញុំ​ស្មាន​អង្គការ​មិនសូវ​ជា​ច្បាស់​នឹង​ប្រវត្តិ​រូបខ្ញុំ​ទេ ព្រោះ​អង្គការ​ឲ្យ​ខ្ញុំ​ទៅ​នៅ​ភូមិ​ខ្ញុំ​វិញ​ដដែល​។​
​ ​ក្រោយ​វៀតណាម​ចូល​អ្នកភូមិ​សម្លាប់​ប្រធានភូមិ​នៅ​អំឡុង​ឆ្នាំ​១៩៨២​ដល់​១៩៨៣​។ មេភូមិ​ទាំងនោះ​បានធ្វើ​បាប​ប្រជាជន​តាំងពី​ឆ្នាំ​១៩៧៥​រហូតដល់​ឆ្នាំ​១៩៧៨ ដូច្នេះ​អ្នកភូមិ​ក៏​សម្លាប់​ដើម្បី​ជាការ​សងសឹក​វិញ​ទៅ​។ ខ្ញុំ​ឮសូរ​ថា​ប៉ុន្មាន​នាក់​នោះ​ត្រូវបាន​ចង​ព្យួរ​ឲ្យ​អ្នកភូមិ​មើល​។​បើ​អ្នក​ទាំងនោះ​ល្អជា ម្ល៉េះ​សមបាន​រស់​ហើយ​។ ប៉ុន្តែ​មេភូមិ​អស់នោះ​ចិត្តអាក្រក់​ឃោរឃៅ​ណាស់​ទើបត្រូវ​អ្នកភូមិ​សម្លាប់ចោល​៕សរន

មិត្តភក្តិ របស់ ញ៉ែម សូ​ផាន ឈ្មោះ គា នៅ​ខាងស្តាំ​ដៃ នៅ​អំឡុង​ឆ្នាំ​១៩៧៥​។
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
ញ៉ែម សូ​ផាន អាយុ​១៥ ស្លៀកពាក់​ឯកសណ្ឋាន​ពេទ្យ ថត​នៅ​ឆ្នាំ​១៩៧៥ ។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ទីតាំងផ្សាយពាណិជ្ជកម្ម