គ្រោង​ដាំ​និង​ចែកចាយ​កូនឈើ​ចំនួន​១១​ម៉ឺន​ដើម​ក្នុង​ឆ្នាំ​២០២០​នេះ​

266
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​ដើម្បី​បង្កើន​គម្រប​ព្រៃ​ក្នុង​រមណីយដ្ឋាន​អង្គរ​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត ក្នុង​ឆ្នាំ​២០២០​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​យុទ្ធនា​ការដាំ​និង​ចែកចាយ​ដើមឈើ​ចំនួន​១១​ម៉ឺន​ដើម​។ ក្រុមការងារ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​មមាញឹក​បណ្ដុះ​និង​ថែទាំ​កូនឈើ​ទាំងនោះ ត្រៀម​សម្រាប់​ដាំ​នា​រដូវវស្សា​ខាងមុខ​។​

​លោ​កឡី​គឹម​ស៊ី​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ទេសភាព​វប្បធម៌​និង​បរិស្ថាន​និង​ជា​អ្នកទទួលបន្ទុក​ការងារ​បណ្ដុះ​កូនឈើ​និង​ដាំ​ឈើ​បាន​លើកឡើងថា​ស្ថានីយ​បណ្ដុះ​កូនឈើ​ទាំង​៤​របស់​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​មមាញឹក​ខ្លាំង​ក្នុងការ​បណ្ដុះ​កូនឈើ​ចម្រុះ​សម្រាប់​ត្រៀម​ដាំ​ក្នុង​ឆ្នាំ​២០២០​នេះ​។ កូនឈើ​សរុប​មាន​ចំនួន​ប្រមាណ​១១​ម៉ឺន​ដើម​ត្រៀម​ដាំ​និង​ចែកចាយ​ក្នុង​ខែវស្សា​ខាងមុខនេះ​មាន​ទាំង​ប្រភេទ​ដើមឈើ​ប្រណិត ដើមឈើ​លម្អ និង​ប្រភេទ​ដើមឈើ​ព្រៃ​ហូប​ផ្លែ​។

​លោក​បានលើកឡើង​ទៀតថា​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​ធ្វើឱ្យ​គម្រោង​រៀបចំ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំៗ​ដែល​ធ្លាប់​រៀបចំ​កន្លងមក​មិនទាន់​ច្បាស់លាស់​។​លោ​កឡី​គឹម​ស៊ី​ពន្យល់ថា​ប្រសិនបើ​ស្ថានការណ៍​ជំងឺ​កូ​វីដ​ល្អប្រសើរ​ឡើងវិញ នោះ​នឹងមាន​ការរៀបចំ​កម្មវិធី​ធំៗ​ដែល​ចូលរួម​ពី​មហាជន​ខាងក្រៅ ។​តែ​ប្រសិនបើ​ស្ថិតក្នុង​ស្ថានការណ៍​ដូច​សព្វថ្ងៃនេះ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ដាំ​កូនឈើ​ជា​លក្ខណៈ​ផ្ទៃក្នុង​ទៅតាម​គោលដៅ​ដែល​បាន​គ្រោងទុក​។​

​លោក​បញ្ជាក់ថា​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ចំនួន​៤​ទីតាំង​ទី​១​គឺ​ស្ថានីយ​បណ្ដុះ​កូនឈើ​៨​ហិកតា​ដែល​បណ្ដុះ​កូនឈើ​ប្រណិត​៤​ប្រភេទ​មាន​ដើម​បេង​គ្រញូង​ច្រេះ​និង​ធ្នង់​។​ទី​២​ស្ថានីយ​បណ្ដុះ​កូនឈើ​ប្រាសាទតាកែវ​ដែល​បណ្ដុះ​ប្រភេទ​កូនឈើ​លេខ​១​លេខ​២​លេខ​៣​និង​ក្រៅ​លំដាប់ថ្នាក់​។


​ទី​៣ ស្ថានីយ​បណ្ដុះ​កូនឈើ​មណ្ឌល​៣​ដែល​បណ្ដុះ​ប្រភេទ​ឈើ​លម្អ​និង​ប្រភេទ​ឈើ​ព្រៃ​ហូប​ផ្លែ និង​ទី​៤ ស្ថានីយ​បា​ឡុង​បណ្តុះ​ថែទាំ​និង​ផ្សាំកូនឈើ​បន្តវេន​គ្រប់​ប្រភេទ​។​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ​កូនឈើ​ចំនួន​ជិត​៣​ម៉ឺន​ដើម​និង​បាន​ចែកចាយ​ទៅខាង​ក្រៅ​ជាង​៧​ម៉ឺន​ដើម​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម