ជនជាតិរ៉ូហ៊ីងយ៉ារាប់សិននាក់ត្រូវបានផ្លាស់ទៅលើកោះងាយរងគ្រោះទឹកជំនន់មួយរបស់បង់ក្លាដែស ក្រោយជាប់នៅលើសមុទ្ររាប់សប្តាហ៍

234
ចែករម្លែក

ក្រុមមន្រ្តីបង់ក្លាដែសបាននិយាយកាលពីថ្ងៃអាទិត្យទី៣ឧសភាថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់សិបនាក់ដែលជាប់គាំងនៅលើសមុទ្រអស់រយៈពេលជាច្រើនសប្តាហ៍ត្រូវបានផ្លាស់ទៅកោះងាយរងគ្រោះទឹកជំនន់មួយនៅឆកសមុទ្របេងហ្គាល់។

កាលពីឆ្នាំមុនបង់ក្លាដែសបានសាងសង់កន្លែងស្នាក់នៅសម្រាប់មនុស្ស ១០០.០០០ នាក់នៅលើកោះបាសានឆា (Bhashan Char) ជាកូនកោះភក់នៅក្នុងខ្សែក្រវាត់ឆ្នេរងាយរងគ្រោះដោយព្យុះស៊ីក្លូន ដោយនិយាយថាពួកគេត្រូវដកសម្ពាធចេញពីជំរំព្រំដែនដ៏ចង្អៀត ដែលមានជនជាតិរ៉ូហ៊ីងយ៉ារស់នៅជិត១លាននាក់។

រដ្ឋមន្ត្រីការបរទេសលោក អេឃេ អាប់ឌុល ម៉ូមិន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ជនជាតិរ៉ូហ៊ីងយ៉ាទាំង ២៨ នាក់ត្រូវបាននាំទៅកាន់កោះនេះកាលពីល្ងាចថ្ងៃសៅរ៍ជំនួសឱ្យការបញ្ជូនទៅជំរំ ព្រោះអាជ្ញាធរខ្លាចពួកគេអាចឆ្លងវីរុសកូរ៉ូណា។

លោកម៉ូមិននិយាយថា “ពួកគេទំនងជាស្នាក់នៅទីនោះរហូតដល់ពួកគេត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ”។

អាជ្ញាធរក្នុងតំបន់លោក ថានម៉ូយ ដាស បានប្រាប់ AFP ថាពួកគេជាក្រុមរ៉ូហ៊ីងយ៉ាដំបូងគេដែលត្រូវបានបញ្ជូនទៅកោះនោះហើយពួកគេកំពុងត្រូវបានមើលថែរក្សាដោយកងទ័ពជើងទឹក ដែលបានសាងសង់អគារទាំងនោះ។

ក្រុមមន្រ្តីបាននិយាយថា ក្រុមនេះ ដែលរួមទាំងស្ត្រី ១៥ នាក់និងកុមារ ៥ នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានទៅដល់ឆ្នេរសមុទ្រកាលពីថ្ងៃសៅរ៍ពីទូកមួយក្នុងចំណោមទូកពីរ ដែលជាប់នៅសមុទ្រពេលព្យាយាមទៅប្រទេសម៉ាឡេស៊ី។

លោកបានបន្ថែមថាជនភៀសខ្លួនប្រហែល ២៥០ នាក់ផ្សេងទៀតដែលបានចាកចេញតាមទូកពោងតូចៗចំនួន ៦ ទៅ ៧ គ្រឿងមិនត្រូវបានរកឃើញទេ។

បង់ក្លាដែសបានបដិសេធមិនអនុញ្ញាតឱ្យទូកធំពីរគ្រឿងដឹកមនុស្សប្រហែល ៥០០ នាក់ចូលមកលើទឹកដីរបស់ខ្លួនទេ ទោះបីជាអង្គការសហប្រជាជាតិអំពាវនាវឱ្យទទួលយកពួកគេចូលខណៈព្យុះដ៏ខ្លាំងក្លាកំពុងជិតបោកបក់មកតំបន់នេះក៏ដោយ។

រហូតមកទល់ពេលនេះមិនមានករណីឆ្លងវីរុសកូរ៉ូណាត្រូវបានបញ្ជាក់នៅក្នុងជំរំនៅទីក្រុងខុកស្បាសានៃប្រទេសបង់ក្លាដែស ដែលទទួលជនជាតិរ៉ូហ៊ីងយ៉ាដែលរត់គេចពីការបង្ក្រាបរបស់យោធាឆ្នាំ ២០១៧ នៅក្នុងប្រទេសជិតខាងមីយ៉ាន់ម៉ានោះទេ៕ ដោយ៖ កញ្ញាដាលីស

ជនជាតិរ៉ូហ៊ីងយ៉ា២៨នាក់ដែលជាប់លើសមុទ្រជាច្រើនសប្តាហ៍ត្រូវបានផ្ទេរទៅកោះបាសានឆា

ទីតាំងផ្សាយពាណិជ្ជកម្ម