លោកសារ៉ានស្គីនឹងប្រើប្រាក់រង្វាន់១លានដុល្លាររបស់គាត់ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

203
ចែករម្លែក

អតីតជនប្រឆាំងសញ្ជាតិសូវៀតឈ្មោះ ណាតាន សារ៉ានស្គី ជ័យលាភីពានរង្វាន់លោកុប្បត្តិ (ការសិក្សាអំពីដើមកំណើតជីវិតលើផែនដី) ឆ្នាំ ២០២០ បានប្រកាសនៅថ្ងៃចន្ទទី៤ឧសភានេះថា លោកនឹងបរិច្ចាគប្រាក់រង្វាន់ ១ លានដុល្លាររបស់គាត់ដល់អង្គការនានា ដែលប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ និង ជួយដល់ប្រជាជនដែលរងគ្រោះខ្លាំងបំផុតដោយជំងឺនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយអ្នករៀបចំរង្វាន់នេះ លោកសារ៉ានស្គីបាននិយាយថាលោកនឹងគាំទ្រដល់អង្គការនានានៅក្នុងប្រទេសអ៊ីស្រាអែលនិងនៅបរទេស ដោយប្រាក់ខ្លះនឹងផ្តល់សម្រាប់ការសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះនិងប្រាក់ផ្សេងទៀតគឺសម្រាប់ការស្រាវជ្រាវរយៈពេលវែងប្រឆាំងនឹងជំងឺនេះ។

លោកសារ៉ានស្គីនិយាយថា “មនុស្សមានសុឆន្ទៈជាច្រើននៅជុំវិញពិភពលោកបានផ្តល់ជំនួយដល់អង្គការនិងបុគ្គលដែលរងការបំផ្លាញដោយកូវីដ១៩។ ខ្ញុំមានសេចក្តីរីករាយដែលមានឱកាសចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌នេះ”។

អង្គការមូលនិធិពានរង្វាន់លោកុប្បត្តិបាននិយាយថាប្រាក់បរិច្ចាគនឹងបានទៅអង្គការដែលផ្តល់សេវាសង្គ្រោះបន្ទាន់ដល់អ្នករស់នៅក្នុងក្រុងហ្ស៊េរុយសាឡិមគ្រប់សាសនាទាំងអស់និងជួយដល់កុមារពិការ ជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ ជនចំណាកស្រុកអាហ្រ្វិកនៅទីក្រុងតែលអាល់វីវ និង ប្រជាជនដែលត្រូវការសេវាសុខភាពផ្លូវចិត្ត។

គាត់ក៏នឹងគាំទ្រការស្រាវជ្រាវនៅវិទ្យាស្ថានវិទ្យាសាស្ត្រ Weizmann របស់អ៊ីស្រាអែល សាកលវិទ្យាល័យកូឡុំប៊ី និង សាកលវិទ្យាល័យញូវយ៉ក និងជួយសហគមន៍ជនជាតិជ្វីហ្វចាស់ជរានៅឯបរទេសផងដែរ។

រង្វាន់ចំនួន ១ លានដុល្លារត្រូវបានផ្តល់ជារៀងរាល់ឆ្នាំដល់បុគ្គលដែលគេទទួលស្គាល់ចំពោះសមិទ្ធផលអាជីពឆ្នើម ការចូលរួមចំណែកមនុស្សជាតិ និងការប្តេជ្ញាចិត្តចំពោះគុណតម្លៃជនជាតិជ្វីហ្វ៕ ដោយ៖ កញ្ញាដាលីស

លោក ណាតាន សារ៉ានស្គី​

ទីតាំងផ្សាយពាណិជ្ជកម្ម