រដ្ឋមន្ត្រី​សុខាភិបាល​ព្រមានៈ សោកនាដកម្ម នៃ កូ​វីដ ១៩ នៅ​ចំពោះមុខ កម្ពុជា នៅឡើយ​

255
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ព្រមាន​អំពី​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​បណ្តា​លពី​មេរោគ​កូ​វីដ ១៩ នៅ កម្ពុជា ថា សោកនាដកម្ម នៃ ជំងឺ​កូ​វីដ ១៩ មិនទាន់​រសាត់​ទៅណា​ឆ្ងាយ​ពី​កម្ពុជា ទេ គឺ​វា​កំពុង​នៅ​ចំពោះមុខ​កម្ពុជា នៅឡើយ ពោលគឺ​គ្រោះថ្នាក់ នឹង​កើតឡើង​ចំពោះ​កម្ពុជា គ្រប់ពេលវេលា ប្រសិនបើ​យើងទាំងអស់គ្នា​ហ៊ាន​ភ្លេចខ្លួន ! ហេតុនេះ សូម​សាធារណជន​ទាំងអស់ មេត្តា​ជ្រាបថា កម្ពុជា ពិតជា​មិនទាន់​អាច​ធ្វេសប្រហែស​នៅឡើយ ជាពិសេស​ការជួបជុំ​ផឹកស៊ី ជាដើម គួរតែ​អត់ធ្មត់​ប​ន្តិ​សិន ! ។​

លោក រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ព្រមាន​អំពី​គ្រោះថ្នាក់ នៃ ជំងឺ​កូ​វីដ ១៩ មកលើ​កម្ពុជា ប្រសិនបើ​ពេលនេះ​សាធារណជន​កម្ពុជា ហ៊ាន​តែ​ធ្វេសប្រហែស ( រូបៈ មេសា )


​លោក ម៉ម ប៊ុនហេង ព្រមាន​ឡើងវិញ​បែបនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២០ នេះ នៅឯ​ក្រសួងសុខាភិបាល ស្តីពី​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ ហើយ​ការព្រមាន​ឡើងវិញ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​សាធារណជន​នៅ​កម្ពុជា ហាក់​លែង​ភ័យខ្លាច​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ទៀតហើយ ដូចជា​តាម​ដង​វិថី​សាធារណៈ មាន​យាយ​ន្ត​ច្រើន​កកកុញ​ឡើងវិញ ខណៈ​អ្នកខ្លះ ក៏បាន​ចាប់ផ្តើម​ជួបជុំគ្នា ដោយ​រួមទាំង​សេព​គ្រឿង​ស្រវឹង​ផង ហើយ​ទិដ្ឋភាព​បែបនេះ កើតឡើង​បន្ទាប់ពី​កម្ពុជា មិនបាន​រកឃើញ​អ្នក​ឆ្លង​ថ្មី នៃ ជំ​អឺ​កូ​វីដ ១៩ ខណៈ​អ្នកជា​សះ​ស្ទើរតែ​ទាំងស្រុង ។​


​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២០ នេះ ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា គឺ ៖ អ្នក​ដែល​បាន​រកឃើញ​មាន​វីរុស កូ​វីដ ១៩ ទាំងអស់ ( ទាំង​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ហើយ​ផង ) សរុប ១២២ នាក់​ដដែល ( ស្ត្រី ៣៨ នាក់ និង បុរស ៨៤ នាក់ ), អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ឡើងដល់ ១២០ នាក់ ( ស្មើនឹង ៩៨ , ៣៦ ភាគរយ ធៀប​នឹង​អ្នក​ឆ្លង​ទាំងអស់ ក្នុងនោះ ស្ត្រី ៣៧ នាក់ និង បុរស ៨៣ នាក់ ) , អ្នក​កំពុង​សម្រាក​ព្យាបាល បាន​ថយ​ចុះមក​នៅត្រឹមតែ ០២ នាក់ ។​


​លោកស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​កម្ពុជា ដែលមាន​វត្តមាន​នៅក្នុង​សន្និសីទ​នេះដែរ បាន​ស្របគ្នា​ទៅនឹង​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ថា កម្ពុជា ពិតជា​មិនទាន់​អាច​ធ្វេសប្រហែស​បាន​នៅឡើយ​ទេ ខណៈ​ប្រទេសជិតខាង ប្រទេស​ក្នុង​តំបន់ និង ពិភពលោក​ទាំងមូល នៅតែ​រង​ការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ ១៩ នេះ​យ៉ាង​ខ្លាំងក្លា​នៅឡើយ ខណៈ​វ៉ាក់សាំង និង វិធី​ព្យាបាល ដ៏​ជាក់លាក់​មួយ នៅតែ​មិនទាន់បាន​រកឃើញ​នៅឡើយ ។​


​លោកស្រី​វេជ្ជបណ្ឌិត Li Ailan បាន​បន្ថែមថា អង្គការ​សុខភាព​ពិភពលោក នៅតែ​បន្ត​សហការ​ឧបត្ថម្ភ​ទំនុកបម្រុង​ប្រទេស​កម្ពុជា យ៉ាង​ពេញទំហឹង ជាពិសេស​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ហើយ ទាំង កម្ពុជា ទាំង អង្គការ​សុខភាព​ពិភពលោក និង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ​ទៅ​នៅ​កម្ពុជា ដូចជា​វិទ្យា​ស្ថា​ប៉ាស្ទ័រ និង នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង នៃ សហរដ្ឋអាមេរិក ជាដើម យើង​មិនមែន​ធ្វើការ​ងារ​នេះ​តែម្នាក់ឯង​ទេ គឺ​យើង​ធ្វើការ​ជាមួយ​ស្ថាប័ន​សំខាន់ៗ ទាំង​នៅ​ជុំវិញ​ពិភពលោក ជាពិសេស​ជាមួយ​ផ្នែក​ផ្សេងទៀត នៃ អង្គការសហប្រជាជាតិ ។​


​គប្បី​រំឭកថា ការព្រមាន​ស្រដៀង​គ្នា​នេះ មិនមែនជា​លើក​ទី ១ ទេ ដោយ​កន្លងមក​លោករ​ដ្ឋ​មន្ត្រី ម៉ម ប៊ុនហេង ក៏​ធ្លាប់បាន​ព្រមាន​ធ្ងន់ៗ​ដែរ ដោយ​លោក​លើកឡើងថា កុំ​ចាំ​ដល់​ឃើញ​ក្តារ​មឈូស ទើប​ស្រក់​ទឹកភ្នែក ពោលគឺ​ត្រូវតែ​បន្ត​ប្រុងប្រយ័ត្ន​តទៅទៀត ពុំ​នោះទេ កម្ពុជា អាច​នឹងរង​ការវាយប្រហារ​ដោយ​រលក​ទី ២ នៃ ជំងឺ​កូ​វីដ ១៩ ដែល​អាច​រលក​ខ្លាំងក្លា​ជាង​អ្វីដែល​កម្ពុជា បាន​រង​នាពេល​កន្លងមកនេះ ។​


​ហេតុនេះ​ជាថ្មី​ម្តងទៀត លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បាន​អំពាវនាវ និង សំណូមពរ​យ៉ាងទទូច ឱ្យ​សាធារណជន​ទាំងអស់​បន្ត​គោរព​គោលការណ៍ ០៣ ចំណុច​សំខាន់ៗ​គឺ ៖


១. សូម​អនុវត្ត​ឱ្យបាន​ខ្ជាប់​នូវ​ការណែនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ថា “ យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ ១៩ ជាប់​ជានិច្ច “ ។​


២. ការបាត់បង់​នូវ​ការប្រុងប្រយ័ត្ន​ក្នុងការ​ការពារ​ខ្លួន គឺជា​ហានិភ័យ​ខ្ពស់ ក្នុងការ​បើកឱកាស​ស​ម្រា​ប់​ការ​រាតត្បាត នៃ ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា ។ សូមកុំ​ច្រឡំ​ថា បច្ចុប្បន្ននេះ កម្ពុជា លែង​មានការ​រាតត្បាត នៃ ជំងឺ​កូ​វីដ ១៩ នេះ​ឱ្យសោះ ។


៣. យើងទាំងអស់គ្នា​ត្រូវ​ដឹងថា ជំងឺ​កូ​វីដ ១៩ ស្ថិតនៅ​ជាមួយ​យើង​រយៈពេល​វែង ដោយ​មិនអាច​នឹកស្មាន​បានឡើយ ហេតុនេះ វា​ជាការ​ចាំបាច់​ណាស់ ក្នុង​ការបន្ត​អនុវត្ត​នូវ​វិធានការ​នានា​ក្នុង​ការការពារ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ដូចជា ការ​លាងដៃ ការពាក់​ម៉ាស់ ការ​នៅ​ឱ្យ​ឃ្លាត​ពីគ្នា ពី ០១ ទៅ ០២ ម៉ែត្រ និង មិនត្រូវ​ជួបជុំ​ប្រមូលផ្តុំ​គ្នា​ជាដើម ។ យុទ្ធនាការ នៃ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ នឹង ចប់សព្វគ្រប់ លុះណាតែ​មាន​វ៉ាក់សាំង និង វិធី​ព្យាបាល​ច្បាស់លាស់​មួយ​ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មិនទាន់មាន​នៅឡើយ​ទេ ។​


​ក៏​មិន​ខុសពី​សប្តាហ៍​មុន​ដែរ នៅពេល​សួរថា តើ​ស្ថាប័ន​សាធារណៈ​ដូចជា​សាលារៀន​ជាដើម អាច​នឹង​បើក​ដំណើរការ​វិញ​នៅពេលណា​នោះ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​ឆ្លើយថា មិនទាន់​ដឹង​នៅឡើយ​ទេ ពោលគឺ​ត្រូវ​រង់ចាំ​មើល​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នេះ​បន្តទៀត​សិន ដែលជា​សរុបទៅ ដំណោះស្រាយ​ល្អប្រសើរ​បំផុត​មានតែ ១ ប៉ុណ្ណោះ គឺ​ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្តទៅទៀត មិនអាច​ធ្វេសប្រហែស​បានឡើយ ។​


​តាមរយៈ​សេចក្តីប្រកាស​ដែល​ត្រូវបាន​ចែកជូន​ដល់​អ្នកសារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​នោះ ក្រសួងសុខាភិបាល​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២០ នេះ កម្ពុជា បានធ្វើ​តេស្ត​លើ​វត្ថុ​សំណាក​ចំនួន ១២ ៣៧៨ សំណាក ឬ ជាង ៨០០ សំណាក នៃ ប្រជាជន ០១ លាន​នាក់ ដែល​ចំនួន​នេះ ជា​ចំនួន​ច្រើនជាង​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ ។​


​អង្គ​សន្និសីទ ក៏បាន​ឱ្យដឹង​ផងដែរ​ថា កម្ពុជា បាន​កំពុង​ត្រៀមខ្លួន​សម្រាប់​ឆ្លើយតប ចំពោះ​ហានិភ័យ​ណាមួយ ដូចជា​ការ​រាតត្បាត​រលក​ទី ២ នៃ ជំងឺ​កូ​វីដ ១៩ មកលើ​កម្ពុជា ដោយ​ត្រៀម​ទាំង​សម្ភារ​វេជ្ជសាស្ត្រ និង សម្ភារ​សម្រាប់​ប្រជាជន ដែល​សម្ភារ​ទាំងនោះ បាន​ត្រូវ​ដឹកជញ្ជូន​យកទៅ​រក្សាទុក​នៅក្នុង​ឃ្លាំង​យុទ្ធសាស្ត្រ​ហើយ ៕Kh

ទីតាំងផ្សាយពាណិជ្ជកម្ម