តំបន់អេកូទេសចរណ៍ស្ទឹងអារ៉ែងមាន៦០កន្លែងជារមណីយដ្ឋានទាក់ទាញភ្ញៀវទេសចរ

221
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ លោក សៅ សុភាព និង លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីរសៀល ថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២០ បានដឹកនាំមន្ត្រីក្រសួងបរិស្ថាន មួយចំនួនចូលរួមពិនិត្យលើការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

លោក ទិត លី ប្រធានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង បានឱ្យដឹងថា តំបន់ស្ទឹងអារ៉ែង មានតំបន់ទេសចរណ៍ទាក់ទាញជាង៦០កន្លែង ហើយបច្ចុប្បន្នអ្នកទេសចរបានស្គាល់កន្លែងសំខាន់ៗចំនួនជាង១០ទីតាំង រួមមាន ស្ទឹងឆាយអារ៉ែង ស្ទឹងឆាយតាហ៊ីង ភ្នំម្រេញកង្កែប ថ្នូរបុរាណ និងតំបន់ទឹកជ្រោះធ្លាក់ជាច្រើនកន្លែងទៀត។ បន្ទាប់ពីបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ជាផ្លូវការ សហគមន៍បានទទួលការគាំទ្រពីក្រសួងទេស ចរណ៍ ក្រសួងបរិស្ថាន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសពីអ្នកពាក់ព័ន្ធ អង្គការម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីធ្វើការលើការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ ដូចជាមានការផ្តល់សេវាមធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅ មគ្គុទេស្ទន៍ទេសចរណ៍ និងម្ហូបអាហារជាដើម។

ក្នុងឱកាសនោះ លោក សៅ សុភាព បានស្វែងយល់ពីបញ្ហាប្រឈម តម្រូវការ និងសក្តា នុពល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ប្រើប្រាស់ធនធានធម្មជាតិ ដោយមានការចូលរួម និងប្រកបដោយនិរន្តរភាព។លោកបានធ្វើការផ្សព្វផ្សាយ ស្តីពីធនធានជីវៈចម្រុះ និងទំនាក់ទំនងប្រព័ន្ធអេកូឡូស៊ីនៅតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងតំបន់ការពារធម្មជាតិនានានៅកម្ពុជា។ ជាមួយគ្នានេះលោកបានឱ្យដឹងថាក្រសួងបរិស្ថានបានធ្វើការការពារ និងអភិរក្សនធានធម្មជាតិ សំដៅធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ ជាក់ស្តែងក្រសួងបានបង្កើតសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីជំរុញឱ្យមានការចូលរួមការពារ និងអភិរក្សតំបន់ការពារធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍។

លោករដ្ឋលេខាធិការ បានបន្ថែមថាឧទ្យានជាតិក្រវ៉ាញខាងត្បូង បានកំពុងការពារ និងអភិរក្សពីក្រសួងបរិស្ថាន រួមជាមួយដៃគូសហការនានា ជាពិសេសនឹងទទួលបានការលក់កាបូន ដើម្បីការពារតំបន់ការពារធម្មជាតិផង និងដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានផង។ លើសពីនេះ សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ដែលមានមូលដ្ឋាននៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង នឹងអាចទទួលបានការគាំទ្របន្ថែមទៀត ដើម្បីពង្រឹងសេវាកម្មទេសចរណ៍ធម្មជាតិ។

ជាមួយគ្នានេះដែរ ក្រសួងបរិស្ថានបានកំពុងលើកទឹកចិត្តសហគមន៍តាមរយៈផ្តល់បច្ចេកទេស ដាំដំណាំ និងពូជសត្វចិញ្ចឹម ព្រមទាំងសម្ភារៈកសិម្មដើម្បីគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍជីវភាពសហគមន៍។

លោករដ្ឋលេខាធិការបានបន្ថែមថា នៅថ្ងៃខាងមុខក្រសួងបរិស្ថាននឹងបន្តគាំការអភិវឌ្ឍ សហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង និងជាមួយសហគមន៍តំបន់ការពារធម្មជាតិផ្សេងទៀត តាមរយៈគម្រោង«និរន្តរភាពតំបន់ទេសភាព និងទេសចរន៍ធម្មជាតិកម្ពុជា» ដែលបង្កើតឡើងដើម្បីធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប៕/B


បន្ទាប់ពីកិច្ចប្រជុំ មន្ត្រីក្រសួងបានចុះពិនិត្យមើលសក្តានុពលតំបន់ទេចរណ៍ធម្មជាតិមួយចំនួន និងធ្វើការស្នាក់នៅ បោះតង់ ដើម្បីស្វែងយល់ពីសក្តានុពលធនធានធម្មជាតិក្នុងតំបន់ស្ទឹងអារ៉ែងផងដែរ៕/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ