ចិន​ថា​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​«​ឡប់សតិ​»​អំពី​ទ្រឹស្តី​នៃ​ប្រភព​វីរុស​កូរ៉ូណា​

306
ចែករម្លែក

​ទូរទស្សន៍​CCTV​របស់​រដ្ឋ​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​ឧសភា​ បាន​វាយប្រហារ​សម្តី​«​បែប​មនុស្ស​ឆ្កួត​និង​របៀប​គេចវេះបង្វែរ​បញ្ហា​»​របស់​រដ្ឋមន្ត្រីការបរទេស​​អាម៉េរិក ​លោក​ម៉ៃ ផ​ម​ផេវ ស្តី​ពី​ប្រភពដើម​នៃ​ជំងឺ​ឆ្លងកូវី​ដ​១៩ ដែល​បង្ក​ឡើង​ពី​វីរុស​កូរ៉ូណា​។​

​លោក​ផ​ម​ផេវ កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា​ «​ភស្តុ​ង​តាង​ដ៏​ធំ​»​បង្ហាញថា វីរុស​នេះ​មាន​ដើមកំណើត​នៅក្នុង​កន្លែង​ពិសោធន៍​មួយ​នៅ​ចិន ដោយ​វា​កាន់​​បន្ថែម​លើ​ការអះអាង​របស់​ក្រុម​មេដឹកនាំ​អាម៉េរិក​កាលពី​មុន​ដែល​ត្រូវបាន​ចិន​និង​អង្គការ​សុខភាព​ពិភពលោក​ក៏ដូចជា​អ្នកជំនាញ​វិទ្យាសាស្ត្រ​បដិសេធ​។​

​លោក​ផ​ម​ផេវ កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា​«​ភស្តុ​ង​តាង​ដ៏​ធំ​»​បង្ហាញថា វីរុស​នេះ​មាន​ដើមកំណើត​នៅក្នុង​កន្លែង​ពិសោធន៍​មួយ​នៅ​ចិន​

​វីរុស​កូរ៉ូណា បាន​សម្លាប់​មនុស្ស​ជាង​២៤៧.០០០​នាក់​និង​ចម្លង​មនុស្ស​ជាង​៣,៥​លាន​នាក់​នៅ​ពាសពេញ​ពិភពលោក​។​

​ដោយ​ហៅ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​ថា​ជា «​បិសាច​ព្រួស​ពិស​និង​សាប​ព្រួស​ពាក្យ​កុហក​»​សារព័ត៌មាន​ចិន​នេះ​ក៏​បាន​លើកយក​សម្តី​របស់​នាយ​ក​អង្គ​​ការ​សុខភាព​ពិភពលោក និង​អ្នកវិទ្យាសាស្ត្រ​ខាង​វីរុស​នៅ​សកល​វិទ្យាល័យ​កូឡុំប៊ី​ដែលថា វីរុស​នេះ​មាន​ប្រភព​ពី​ធម្មជាតិ និង​មិន​ធ្លាយ​ចេញ​ពី​កន្លែង​​ពិសោធន៍​ណាមួយ​ទេ​។​

​បទ​អត្ថាធិប្បាយ​របស់​សារព័ត៌មាន​ចិន​ដដែល​នេះ​បាន​និយាយថា​«​សម្តី​ខុសឆ្គង​និង​គ្មាន​ហេតុផល​របស់​ពួក​អ្នកនយោបាយ​អាម៉េរិក កាន់តែ​ធ្វើឲ្យ​​មនុស្ស​កាន់តែ​ច្រើន​ឡើង​ដឹងថា “​មិន​មាន​ភស្តុតាង​។​អ្វី​ដែល​ពួកគេ​ហៅថា “​វីរុស​ធ្លាយ​ចេញពី​កន្លែង​ពិសោធន៍​នៅ​វូ​ហាន” វា​គ្រាន់តែ​ជា​ការនិយាយ​​ភូតកុហក​។​ពួក​អ្នកនយោបាយ​អាម៉េរិក​ប្រញាប់ប្រញាល់​ទម្លាក់កំហុស​លើ​អ្នក​ដទៃ បោកប្រាស់​អ្នកបោះឆ្នោត និង​គាបសង្កត់​ចិន​នៅ​ពេល​កិច្ចខិតខំ​​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​នេះ​នៅក្នុង​ស្រុក​ខ្លួនឯងជួប​បញ្ហា​»​។​

​បទ​អត្ថាធិប្បាយ​២​ទៀត​របស់​កាសែត​រដ្ឋ​ចិន​People’s Daily ក៏​បាន​វាយប្រហា​រលោក​ផ​ម​ផេវ និង​អ្នក​យុទ្ធសាស្ត្រ​សេត​វិមាន ស្ទេ​វ បាន​ណុន ថា​ជា​«​ត្លុក​ភរ​មួយគូ​» និង​បាន​វាយប្រហារ​លោក​បាន​ណុន​ថា​ជា​«​ហ្វូ​ស៊ីល​សង្គ្រាមត្រជា​ក់រស់​»​។​

​លោក​បាន​ណុន កាលពី​សប្តាហ៍​មុន​បាន​និយាយ​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​មួយ​ថា ចិន​បាន​ប្រព្រឹត្ត​«​ឆែរ​ណូ​ប៊ីល​ជីវសាស្ត្រ​»​មួយ​ប្រឆាំង​អាម៉េរិក និង​គាំទ្រ​​ទ្រឹស្តី​ដែល​ថា វីរុស​នេះ​មាន​ប្រភព​ចេញពី​កន្លែង​ពិសោធន៍​នៅ​ក្រុង​វូ​ហាន ។​

​កាលពី​សប្តាហ៍​មុន​ទូរទស្សន៍​CCTV​ក៏​បាន​ហៅ​លោក​ផ​មផេវ​ថា​ជា​«​សត្រូវ​រួម​នៃ​មនុស្ស​លោក​»​និង​បាន​ចោទប្រកាន់​លោក​ថា​«​ធ្វើឲ្យ​រីក​រាលដាល​​វីរុស​នយោបាយ​» ដោយសារតែ​លោក​និយាយថា វីរុស​នេះ​ចេញពី​កន្លែង​ពិសោធន៍​ចិន​មួយ​។​

​សូមបញ្ជាក់​ថា ចិន​និង​អាម៉េរិក​បាន​ឆ្លើយឆ្លង​សម្តី​គ្នា​អំពី​ប្រភព​នៃ​វីរុស​កូរ៉ូណា​ថ្មី ។​កាលពី​ខែ​មីនា បន្ទាប់ពី​ត្រូវ​អាម៉េរិក​ចោទប្រកាន់ អ្នកនាំពាក្យ​ក្រសួង​​ការបរទេស​ចិន​លោក ហ្សា​វ លី​ជាន បាន​វាយបក​វិញដោយ​អះអាង​ថា យោធា​អាម៉េរិក​អាច​នាំ​វីរុស​នេះ​មក​ចិន​។​ចាប់តាំងពី​ពេលនោះ​មក មហាអំណាច​​ទាំងពីរ​បាន​ចោទប្រកាន់​គ្នា​ថា ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ហើយ​ប្រធានាធិបតី​អាម៉េរិក​ថែមទាំង​ព្រលយ​ពាក្យ​ថា ការ​វាយ​ពន្ធ​ខ្ពស់​លើ​ទំនិញ​ចិន​អាច​​យកមក​ធ្វើ​ជា​ការ​សងសឹក​លើ​ចិន​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម