កូ​វីដ ១៩ នៅ​កម្ពុជាៈ ថ្ងៃ ០៥ ឧសភា គ្មាន​អ្នក​ឆ្លង​ថ្មី​ ក៏​គ្មាន​អ្នកជា​សះស្បើយ​, កុំ​ចាំ​ដល់​ឃើញ​ក្តារ​មឈូស ទើប​ស្រក់​ទឹកភ្នែក

165
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២០ នេះ ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា មាន​សភាព​ដដែល ពោលគឺ​មិនមាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ទេ ហើយក៏​មិនមាន​អ្នកជា​សះស្បើយ​ដែរ ៖

១.​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ឡើងដល់ ១២០ នាក់ ( ស្មើនឹង ៩៨ , ៣៦ ភាគរយ ធៀប​នឹង​អ្នក​ឆ្លង​ទាំងអស់ ក្នុងនោះ ស្ត្រី ៣៧ នាក់ និង បុរស ៨៣ នាក់ ) ដែលមាន​បុរស​ជនជាតិ ចិន ០១ នាក់ , ស្ត្រី​ជនជាតិ ចិន ០២ , ស្ត្រី​ជនជាតិ អង់គ្លេស ០៣ នាក់​, បុរស​ជនជាតិ អង់គ្លេស ០២ នាក់ , បុរស​ជនជាតិ អាមេរិកាំង ០១ នាក់ , ស្ត្រី​ជនជាតិ អាមេរិកាំង ០១ នាក់ , បុរស​ជនជាតិ ប៊ែ​ល​ហ្សិ​ក ០១ នាក់ , បុរស​ជនជាតិ បារាំង ១៩ នាក់ ( ក្នុងនោះ​មាន​ទារក​អាយុ ០៤ ខែ ម្នាក់ ) ស្ត្រី​ជនជាតិ បារាំង ២១ នាក់ , បុរស​ជនជាតិ កាណាដា ០២ នាក់ , បុរស​ជនជាតិ ម៉ាឡេស៊ី ១៣ នាក់ , បុរស​ជនជាតិ ឥណ្ឌូនេស៊ី ០២ នាក់ , ស្ត្រី​ជនជាតិ វៀតណាម ០៣ នាក់ , បុរស​ជនជាតិ ខ្មែរ ៤២ នាក់ និង ស្ត្រី​ជនជាតិ ខ្មែរ ០៧ ( គិត​ចាប់ពី​ខែ មករា មកដល់​បច្ចុប្បន្ន ) នាក់ ។​

២. អ្នក​កំពុង​សម្រាក​ព្យាបាល បាន​ថយ​ចុះមក​នៅត្រឹមតែ ៖ ០២ នាក់ ( ស្ត្រី ០១ នាក់ ) នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ថ្នាក់ជាតិ និង ថ្នាក់​ខេត្ត ។​

៣. អ្នក​ដែល​បាន​រកឃើញ​មាន​វីរុស កូ​វីដ ១៩ ទាំងអស់ ( ទាំង​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ហើយ​ផង ) សរុប ១២២ នាក់​ដដែល ( ស្ត្រី ៣៨ នាក់ និង បុរស ៨៤ នាក់ )​។​

៤. ករណី​ជាសះស្បើយ​ថ្មី​៖ គ្មាន

៥. ករណី​ឆ្លង​ថ្មី នៃ ជំងឺ​កូ​វីដ ១៩ ៖ គ្មាន

​កម្ពុជា មិនបាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ ថ្មី តាំងពី​ពាក់​កណ្តាលខែ មេសា ឆ្នាំ ២០២០ នេះ មកម្ល៉េះ ខណៈ​មាន​អ្នកជា​សះស្បើយ​ជា​បន្តបន្ទាប់ រហូតមកដល់​ស្ថានភាព​បច្ចុប្បន្ននេះ ធ្វើឱ្យ​សាធារណជន លែង​ភ័យខ្លាច​ពី​ជំងឺ​កូ​វីដ ១៩ ពោលគឺ​ពួកគេ​លែង​នៅតែ​ក្នុងផ្ទះ ថែមទាំង​មានការ​ជួបជុំគ្នា​សេព​គ្រឿង​ស្រវឹង​ក៏មាន បង្កក្តី​បារម្ភ ដល់​អ្នកពាក់ព័ន្ធ ដូចជា​ក្រសួងសុខាភិបាល អង្គការ​សុខភាព​ពិភពលោក និង វិទ្យាស្ថាន ប៉ាស្ទ័រ សុទ្ធតែ​បាន​ព្រមាន​ដូចៗ​គ្នា​ថា កូ​វីដ ១៩ មិនទាន់​ទៅណា​ឆ្ងាយ​ពី​កម្ពុជា ទេ ខណៈ​ប្រទេស​ក្នុង​តំបន់ ប្រទេសជិតខាង​កម្ពុជា និង ពិភពលោក​ទាំងមូល កំពុង​រង​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ ១៩ នេះ នៅឡើយ ហើយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ព្រមាន​កាលពី​ថ្ងៃទី ២៧ ខែ មេសា ថា កុំ​ចាំ​ដល់​ឃើញ​ក្តារ​មឈូស ទើប​ស្រក់​ទឹកភ្នែក ។​


​ជាថ្មី​ម្តងទៀត នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី ៤ ឧសភា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាល អង្គការ​សុខភាព​ពិភពលោក និង វិទ្យាស្ថាន ប៉ាស្ទ័រ សុទ្ធតែ​បាន​ក្រើនរំឭក និង បារម្ភ​យ៉ាងខ្លាំង​អំពី​ឥ​រយាប​ថ​របស់​សាធារណជន កម្ពុជា ចំពោះ​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ ដោយហេតុថា ទោះ​ខំ​ក្រើនរំឭក​យ៉ាងណា ក៏​ឥរិយាបថ​របស់​សាធារណជន​នៅ កម្ពុជា នៅតែ​មិន​ខ្លាចក្រែង មិន​ញញើត ចំពោះ កូ​វីដ ១៩ ដែរ ហើយ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ព្រមាន​ម្តង​ទៀតថា សោកនាដកម្ម នៃ ជំងឺ​កូ​វីដ ១៩ គឺ​ឋិត​នៅ​ចំពោះមុខ កម្ពុជា នៅឡើយ ពោលគឺ សាធារណជន កម្ពុជា ត្រូវតែ​បន្ត​ប្រុងប្រយ័ត្ន​តទៅទៀត ពុំ​នោះទេ កម្ពុជា អាច​នឹងរង​ការវាយប្រហារ​ដោយ​រលក​ទី ២ នៃ ជំងឺ​កូ​វីដ ១៩ ដែល​អាចជា​រលក​ខ្លាំងក្លា​ជាង​អ្វីដែល​កម្ពុជា បាន​រង​នាពេលនេះ ៕ Kh

ទីតាំងផ្សាយពាណិជ្ជកម្ម