វ៉េណេស៊ុយអេឡា ៖ ពលរដ្ឋអាម៉េរិក២នាក់ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនក្រោយការឆ្មក់បង្ក្រាបនៅឆ្នេរសមុទ្រ

244
ចែករម្លែក

យោងតាមព័ត៌មានបញ្ចេញដោយអាជ្ញាធរកាលពីថ្ងៃចន្ទទី៤ឧសភាបានឱ្យដឹងថា កងកម្លាំងសន្តិសុខវ៉េណេស៊ុយអេឡាបានចាប់ខ្លួនមនុស្ស ៨ នាក់ក្នុងនោះមានពលរដ្ឋអាម៉េរិក ២ នាក់ផងដែរ បន្ទាប់ពីមានការលុកលុយមកលើឆ្នេរមួយក្នុងគោលបំណងចាប់ប្រធានាធិបតីសង្គមនិយម នីកូឡាស ម៉ាឌូរ៉ូ ខណៈទាហានជាង ២៥.០០០ នាក់បានប្រមូលផ្តុំគ្នាដើម្បីតាមប្រមាញ់ជនបះបោរដទៃទៀត ដែលធ្វើប្រតិបត្តិការក្នុងប្រទេសនេះ។

មេបក្សសង្គមនិយមដ៏មានឥទ្ធិពលគឺលោក ឌីអូសដាដូ កាបែលឡូ បានបង្ហោះនៅលើគណនី Twitter របស់គាត់នូវវីដេអូមួយនៃជនជាតិវ៉េណេស៊ុយអេឡាម្នាក់ឈ្មោះថា ចូស្នា អាដុលហ្វូ បាឌូអែល ដែលត្រូវបានឃុំខ្លួនផងដែរ ដោយនិយាយថា ពលរដ្ឋអាម៉េរិក ២ នាក់ស្ថិតក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួន។ ក្នុងវីដេអូនោះ គេឃើញបាឌូអែលឆ្លើយតបនឹងមន្រ្តីសន្តិសុខម្នាក់ ដែលសួរគាត់អំពីជនជាតិអាម៉េរិកដែលត្រូវបានចាប់ខ្លួន។

ទូរទស្សន៍រដ្ឋវ៉េណេស៊ុយអេឡាបានចាក់ផ្សាយវីដេអូនេះប៉ុន្តែមិនបានបង្ហាញអត្តសញ្ញាណជនជាតិអាម៉េរិកទេ។ ប៉ុន្តែអតីតកងទ័ពពិសេសនៅផ្លរីដាឈ្មោះ ចូដែន ហ្គោឌ្រូ (Jordan Goudreau) និយាយថា គាត់កំពុងធ្វើការជាមួយបុរសទាំងពីរនាក់នោះនៅក្នុងបេសកកម្មមួយ ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យទី៣ឧសភាដើម្បីរំដោះប្រទេសវ៉េណេស៊ុយអេឡា។ លោកហ្គោឌ្រូបានអះអាងទទួលខុសត្រូវចំពោះប្រតិបត្តិការកាលពីថ្ងៃអាទិត្យ ដែលអាជ្ញាធរវ៉េណេស៊ុយអេឡានិយាយថាពួកគេបានបរាជ័យនិងធ្វើឱ្យមនុស្ស ៨ នាក់ស្លាប់នៅឆ្នេរមួយក្បែរទីក្រុងកំពង់ផែ ឡាហ្គាយរ៉ា ។

គាត់បានកំណត់អត្តសញ្ញាណអតីតទាហានជើងចាស់អាម៉េរិកពីរនាក់ដែលត្រូវបាននាំទៅឃុំឃាំងនៅវ៉េណេស៊ុយអេឡាគឺឈ្មោះ លូក ដេកម៉ាន និង អារ៉ុន បឺរី ។ លោកហ្គោឌ្រូនិយាយថា អ្នកទាំងពីរបានបម្រើការនៅអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថានជាមួយគាត់នៅក្នុងយោធាអាម៉េរិក។

ទីភ្នាក់ងារសារព័ត៌មាន Associated Press មិនអាចបញ្ជាក់ដោយឯករាជ្យថាជនជាតិអាម៉េរិកត្រូវបានចាប់ខ្លួននោះទេ។

លោកហ្គោឌ្រូនិយាយថា បុរសទាំងពីរគឺជាផ្នែកមួយនៃបេសកកម្មដែលគេហៅថា “ប្រតិបត្តិការហ្គីដុន” ដែលបានបើកដំណើរការមុនពេលថ្ងៃរះកាលពីថ្ងៃអាទិត្យ ដែលបានចូលចតទូកនៅលើឆ្នេរវ៉េណេស៊ុយអេឡា៕ ដោយ៖ កញ្ញាដាលីស

អគ្គរដ្ឋអាជ្ញាវ៉េណេស៊ុយអេឡាលោក ថារិក វីលលៀម សាអាប លើកបដាបង្ហាញសារ Twitter អំពីការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល

ទីតាំងផ្សាយពាណិជ្ជកម្ម