នាយករដ្ឋមន្ត្រី​ជប៉ុន បន្ថែម​ពេល​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រហូតដល់​ថ្ងៃទី​៣១​ខែ​ឧសភា​

156
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អាបេ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​ឧសភា​ថា ក្រឹត្យគ្រា​អាសន្ន​របស់​ជប៉ុន​ស្តីពី​ការប្រឆាំង​វីរុស​កូវី​ដ​១៩ ដែល​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃ​ពុធ​ទី​៦​ឧសភា​នោះ នឹងត្រូវ​​បាន​បន្លាយពេល​ដល់​ថ្ងៃទី​៣១ ខែ​ឧសភា​។​

​លោក អាបេ ក៏​បាន​ជំរុញ​ឱ្យ​សាធារណជន​ប្រើប្រាស់​របៀប​រស់នៅ​បែប​ថ្មី​នៅក្នុង​សម័យ​កូវី​ដ​១៩ ​ដែល​នឹង​បន្ត​ទៅមុខ ទោះបីជា​ការគំរាមកំហែង​មាន​ភាព​ធូរស្រាល​ក៏​ដោយ ​ខណៈ​ដែល​រដ្ឋាភិបាល​​ចាប់ផ្តើម​ត្រៀម​រៀបចំ​ផែនការ​សម្រាប់​វិធានការ​យុទ្ធសាស្ត្រ​បន្ទាប់​។​

​លោក បាន​និយាយថា ការដកចេញ​មួយផ្នែក​នៃ​សេចក្តីប្រកាស​គ្រាអាសន្ន​អាច​នឹង​កើត​ឡើង​នៅ​ពេល​ឆាប់ៗ​នៅ​ថ្ងៃទី ១៤ ខែ​ឧសភា នៅពេល​ក្រុម​ជំនាញ​ច្បាប់​នឹង​កោះ​ប្រជុំ​ដើម្បី​ពិនិត្យ​ស្ថានភាព​។​

​លោក បាន​កត់សម្គាល់​ថា ចំនួន​នៃ​ការឆ្លង​វីរុស​ប្រចាំ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស​នេះ​បាន​ធ្លាក់ចុះ​ពី​កម្រិត​ខ្ពស់ គឺ​ជាង​៧០០​នាក់​មក​នៅ​ប្រហែល ២០០ នាក់​ក្នុង​មួយថ្ងៃ​។​

​ខណៈ​ដែលនៅពេលនេះ វា​បង្ហាញ​ថា ប្រទេស​ជប៉ុន​កំពុងស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះទៅ​រក​ការគ្រប់គ្រង​លើ​ស្ថានភាព​នេះ វា​នៅតែ​មិនទាន់​អាច​ល្មម​នឹង​ដក​មក​វិញ​នូវ​ការ​ដាក់​ប្រទេស​ក្នុង​គ្រោះអាសន្ន​នោះទេ​។​

​ប្រទេស​ជប៉ុន​មាន​ករណី​ឆ្លង​វី​រុសចំនួន ១៥.២៥៣​នាក់ ដោយ​គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ​គឺ​កើនឡើង​១៧៦​ករណី​ពី​ថ្ងៃអាទិត្យ ដោយ​មាន​អ្នកស្លាប់​ដោយសារ​វីរុស​ចំនួន ៥៥៥ នាក់ បន្ទាប់ពី​មាន​អ្នកស្លាប់​១៩​នាក់​​បន្ថែម​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ប្រជាជន​ដើរកាត់​ហាង​លក់ដូរ​នៅ​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃ​ចន្ទ​