រៀបការ៉ូឡាលើចិញ្ចើមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីចាប់ផ្ដើមពីស្ពានអាកាសផ្សារដីហុយដល់ពោធិចិន តុង

155
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ រាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននឹងកំពុងយកចិត្តទុកដាក់លើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរាជធានីភ្នំពេញ ដូចជាការរៀបចំបណ្ដាញលូទឹក ការស្ថាបនាជួសជុលផ្លូវសាធារណៈ ស្ដារប្រឡាយជាមួយនឹងការរៀបចំការ៉ូឡាលើចិញ្ចើមផ្លូវសាធារណៈសម្រាប់អ្នកថ្មើរជើង និងការកសាងសួនច្បារសាធារណៈ ដាំផ្កាចម្រុះពណ៌ ការដាំដើមឈើផងដែរ។

ជាក់ស្តែងនៅថ្ងៃទី៥ ឧសភា ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញដោយមានការណែនាំពីលោកអភិបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តរៀបការ៉ូឡានៅលើចិញ្ចើមមហាវិថីសហព័ន្ធរុស្ស៊ីដោយចាប់ផ្ដើមពីស្ពានអាកាសផ្សារដីហុយ ដល់ពោធិចិនតុង។

ពាក់ព័ន្ធការងារខាងលើនេះមន្ត្រីជំនាញដែលកំពុងតែអនុវត្តលើការងារនេះបានឲ្យដឹងថា៖ ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺនឹងរៀបការ៉ូឡានេះតាមបណ្តោយសងខាងផ្លូវសហព័ន្ធរុស្ស៊ីដោយចាប់ពីពោធិ៍ចិនតុងរហូតដល់មន្ទីរពេទ្យព្រះអង្គឌួង។ចំពោះជំហានទី១ ក្រុមការងារ បានរៀបការរ៉ូឡាពីស្ពានអាកាស ៧មករា (ស្ពានអាកាសលោកសង្ឃ) និងរហូតដល់ពេទ្យអង្គឌួង ។តែសម្រាប់ពេលនេះ ក្រុមការងារបាននឹងកំពុងបន្តរៀបការ៉ូឡាលើចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ី ដោយចាប់ផ្ដើមពីស្ពានអាកាសផ្សារដីហុយ ដល់ពោធិចិនតុង។

គួរបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញនាពេលកន្លងមកនេះ លោកធ្លាប់បានបញ្ជាក់ហើយថា នៅលើចិញ្ចើមផ្លូវតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីនេះ ត្រូវតែជាផ្លូវល្អ ជាផ្លូវដែលស្អាតជាងគេនិងមានសោភណ្ឌភាព ពោលគឺមិនត្រូវឱ្យមានធូលីឡើយ ព្រោះ ថានេះជាមហាវិថីដែលភ្ញៀវជាតិ អន្តរជាតិធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម