ប្រទះឃើញ​ត្រីសូល៍​ចម្លាក់​នាគ​និង​ថ្ម​គ្រី​ស្តា​ល់​នៅ​ប្រាសាទ​កណ្តាល​ស្រះស្រង់​

439
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​នៅឯ​ការដ្ឋាន​ជួសជុល​ប្រាសាទ​កណ្ដាល​ស្រះស្រង់​ក្រុម​បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​កំណាយ​ស្រាវជ្រាវ បាន​ប្រទះឃើញ​វត្ថុ​បុរាណ​ចំនួន​៣​ប្រភេទ​គឺ​ចម្លាក់​នាគ​ខ្វាត​ពណ៌​ស (​គ្រី​ស្តា​ល់​?)​និង​ត្រីសូល៍​នៅ​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០២០​។​នេះ​ជាការ​បញ្ជាក់​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​នៅ​ព្រឹក​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០២០​។​

​តាម​ការបញ្ជាក់​ពី​ក្រុមការងារ​បានឱ្យដឹងថា​ចាប់តាំងពី​ផ្តើម​កំណាយ​រហូតមក​ដល់ពេលនេះ​ក្រុមការងារ​បាន​រកឃើញ​បុរាណវត្ថុ​ជាច្រើន​ដែល​ស្ថិតនៅ​រាយប៉ាយ​លើដី​ជុំវិញ​ទួលប្រាសាទ​។​ក្នុងនោះ​បុរាណវត្ថុ​ចំនួន​បី​ប្រភេទ​ដែល​គេ​ពុំ​ធ្លាប់បាន​ប្រទះឃើញ​នៅទីនេះ​មាន​ជាអាទ៍​៖​ត្រីសូល៍​ធ្វើ​ពី​លោហៈ​ចំនួន​២​ដែល​១​នៅមាន​រូបរាង​ពេញលេញ និង​១​ទៀត​នៅសល់តែ​បំណែក​ចុង​ស្រួច​មួយ​ចំហៀង​។​

​ខ្វាត​ពណ៌​ស​(​គ្រី​ស្តា​ល់​?)​ជាច្រើន​គ្រាប់​ដូច​ធ្លាប់​រកឃើញ​នៅក្នុង​រណ្តៅ​កំណាយ​ទីតាំង​ផ្សេងៗ​ពីមុន​ដែរ​និង​បំណែក​ចម្លាក់​ក្បាល​នាគ​មួយ​ធំ​ដែល​មួយផ្នែកធំ​កប់​នៅក្នុង​ដី​នៅឡើយ​។​ការរកឃើញ​សំណល់​បុរាណវិទ្យា​ទាំងនេះ​ក្រុម​បុរាណ​វិទូ​នៅ​មិនទាន់​អាច​សន្និដ្ឋានបានថា​ស្ថិតនៅ​ក្នុងសម័យ​កាលណា​គេ​ដាក់​ដើម្បី​អ្វី​និង​មាន​អ្វី​បន្ថែមទៀត​នោះទេ​។​ព្រោះ​ទើបតែ​ជា​ដំណាក់កាល​ដំបូង​នៃ​ការធ្វើ​កំណាយ​ស្រាវជ្រាវ​។​

​លទ្ធផល​នឹង​បង្ហាញ​ច្បាស់លាស់​ជាង​នេះ​នៅក្រោយ​បញ្ចប់​ការងារ​ស្រាវជ្រាវ​។​បើសិនជា​មិនមាន​អ្វី​រារាំង​និង​រំខាន​ក្នុងអំឡុងពេល​កំណាយ​កិច្ចការ​ស្រាវជ្រាវ​នេះ​គ្រោង​នឹង​បញ្ចប់​នៅក្នុង​រយៈពេល​៦​សប្តាហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០២០​មក​។​ក្នុងការ​រក្សាទុក​ដាក់​វត្ថុ​បុរាណ​វិញ​បានឱ្យដឹងថា​បច្ចុប្បន្ន​ដើ​ម្បី​រក្សា​ពី​សុវត្ថិភាព​ក្រុមការងារ​បាន​នាំយក​វត្ថុ​ទាំង​នោះមក​ប្រគល់ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ដើម្បី​ជួសជុល សម្អាត និង​រក្សាទុក​៕S/

​រូប​ថ​តៈ​ការប្រទះឃើញ​ត្រីសូល៍ ចម្លាក់​នាគ និង​ថ្ម​គ្រី​ស្តា​ល់​នៅ​ប្រាសាទ​កណ្តាល​ស្រះស្រង់​(​អប្សរា​)​

ទីតាំងផ្សាយពាណិជ្ជកម្ម