ធ្វើ​ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​កែប​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​មាន​ភាព​ប្រកួតប្រជែង​ក្នុង​តំបន់​និង​ពិភពលោក

356
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​នៅពេល​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​បាននិងកំពុង​ដំណើរកា​រ​ជា​បណ្ដើរៗ​ហើយ​នោះ​ក្រសួងទេសចរណ៍​បានបង្ហាញ​ការ​ជឿជាក់ថា​ផែនការ​មេនេះ​នឹង​ជួយ​ឱ្យ​ខេត្ត​កែប​ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​ស្ងប់ស្ងាត់​ប្រណីត​កម្រិត​ខ្ពស់​ប្រកបដោយ​ភាព​ទាក់ទាញ និង​ភាព​ប្រកួតប្រជែង​នៅក្នុង​តំបន់ និង​ពិភពលោក​។​

​ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពី​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប ក្រោម​អធិបតីភាព​លោក​ទិ​ត​ចន្ថា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងទេសចរណ៍​ក្នុងនាម​តំណាង​លោក​រដ្ឋមន្ត្រី ថោង ខុន ព្រមជាមួយ​លោក​ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង អភិបាលខេត្ត​កែប នៅ​សាលាខេត្ត​កែប​កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០​។​

​លោក​នី​ផល្លី​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​បាន​លើកឡើងថា​ដើម្បី​គាំទ្រ​ដល់​ការសិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប​នេះ កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​។​ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​និង​ខេត្តមណ្ឌលគិរី​។​

​លោក​បាន​បន្តថា​ដំណើរការ​នៃ​ការសិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​នេះ​ត្រូវបាន​ចាប់​អនុវត្ត​តាំងពី​ខែធ្នូ​ឆ្នាំ​២០១៩​មកម្ល៉េះ​ហើយ​ចាប់ពីពេលនេះ​តទៅ​មុខ​នឹងមាន​ការចូលរួម​ផ្ដល់​ធាតុ​ចូល​និង​ផ្ដល់​ការគាំទ្រ​ពី​សំណាក់​រដ្ឋបាលខេត្ត​មន្ទីរ​អង្គភាព​ជំនាញ​នៅ​ថ្នាក់​ខេត្ត​ដើម្បីឱ្យ​ការរៀបចំ​ផែនការ​មេនេះ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ និង​ការទទួលខុសត្រូវ​រួម​។​

​លោក​បាន​បន្តទៀតថា​ដោយសារ​វិស័យ​ទេសចរណ៍​ពាក់ព័ន្ធ​នឹង​អន្តរ​វិស័យ​ដូច្នេះ​ការរៀបចំ​ផែនការ​មេនេះ​ត្រូវ​គិតគូរ​ជា​អន្តរ​វិស័យ ដូចជា​វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បរិស្ថាន គមនាគមន៍ កសិកម្ម ប្រព័ន្ធ​ទឹកស្អាត អគ្គិសនី ការគ្រប់គ្រង​សំណល់​រឹង​-​រាវ ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ ។​ដែល​ចាំបាច់​ត្រូវ​អនុលោម​តាម​សក្ដានុពល និង​ធនធាន​ដែលមាន​ជាក់ស្ដែង ដូចជា ធនធានធម្មជាតិ ផ្នែក​សាសនា​វប្បធម៌​កសិកម្ម​និង​វិស័យ​ជាច្រើន​ទៀត​ដែល​មិនទាន់បាន​កែច្នៃ​ធ្វើយ៉ាងណា​ឱ្យស្រប​តាម​ឯកសារ​បទដ្ឋាន​គតិយុត្ត និង​ឯកសារ​គាំទ្រ​ដទៃទៀត​។​

​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​នេះ​គឺមាន​គោលបំណង​៖*​អភិវឌ្ឍ​ខេត្ត​កែប​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​ស្ងប់ស្ងាត់​ប្រណីត​កម្រិត​ខ្ពស់​ប្រកបដោយ​ភាព​ទាក់ទាញ​និង​ភាព​ប្រកួតប្រជែង​នៅក្នុង​តំបន់ និង​ពិភពលោក​។​បង្កើន​គុណភាព​ផលិតផល​ទេសចរណ៍​ដែលមាន​ស្រាប់ និង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​ថែមទៀត​ដើម្បី​ពន្យារ​ការ​ស្នាក់នៅ​របស់​ទេសចរ​នៅ​គ្រប់​រដូវ​កាល​ឲ្យ​បាន​កាន់តែ​យូរ​។​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ទេសចរណ៍​ដោយ​ផ្តោតលើ​ផលិតផល​ទេសចរណ៍​តាម​គោលដៅ​។​


​ធានា​ដល់​ចីរភាព​នៃ​ការអភិវឌ្ឍ និង​ធនធានធម្មជាតិ និង​ការរៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ពិសេស​ធានា​ដល់​កំណើនសេដ្ឋកិច្ច​មូលដ្ឋាន​។​លោក​បាន​បន្តទៀតថា​មកដល់ពេលនេះ​ក្រុមការងារ​បានបញ្ចប់​នូវ​ប្លង់គោល​គំនិត (Conceptnote)​នៃ​ការសិក្សា​មួយ​រួចហើយ​និង​កំពុង​បន្ត​ប្រមូល​និង​វិភាគ​ទិន្នន័យ ដើម្បី​ឈានដល់​ការសរសេរ​សេចក្ដីព្រាង​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​។​

​នាឱកាស​នោះ លោក​ទិ​ត ចន្ថា ក៏បាន​ណែនាំ​ដល់​ក្រុមការងារ​ដែល​ចូលរួម​សិក្សា​រៀបចំ​ផែនការ​មេនេះ ត្រូវ​រួមគ្នា​គិតគូរ​ទាំង​ភាព​វិជ្ជមាន​អវិជ្ជមាន​និង​ការគ្រប់គ្រង​ហានិភ័យ​ទៅលើ​ផ្នែក​បរិស្ថាន​ប្រព័ន្ធ​ទឹកស្អាត​សំណង់​សូ​រិ​យោ​ដី​សាធារណការ​និង​ផ្នែក​ពាក់ព័ន្ធ​ដទៃទៀត​សំដៅ​ធ្វើឱ្យ​ភ្ញៀវទេសចរ​ដិត​ជាប់​ការចងចាំ​ចំណុច​ពិសេសៗ​ក្រោយ​បានមក​ទស្សនា​ខេត្ត​នេះ​។​

​ក្រសួងទេសចរណ៍​ក៏បាន​ស្នើឱ្យ​រដ្ឋបាលខេត្ត​កែប​បង្កើត​ក្រុមការងារ​ជំនាញ​មួយ​ដើម្បី​គាំទ្រ​និង​ចូលរួម​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ជាមួយ​ក្រុមការងារ​ថ្នាក់ជាតិ​ដើម្បីឱ្យ​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​នេះ សម្រេចបាន​ប្រកបដោយ​ភាពត្រឹមត្រូវ សមភាព តម្លាភាព និង​ធានាបាន​និរន្តរភាព​។​

​លោក​កែ​នស​ត្ថា​បានបង្ហាញ​ការគាំទ្រ​ចំពោះ​សំណើ​របស់​ក្រសួងទេសចរណ៍​និង​បាន​លើកសំណើ​គម្រោង​ផែនការ​មួយចំនួន​ដាក់បញ្ចូល​ទៅក្នុង​ផែនការមេ​ខាងលើ ដូចជា​ការអភិវឌ្ឍ​ឆ្នេរ​ខ្សាច់​ទេសចរណ៍​ថ្មី (​ចាប់ពី​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​រហូតដល់​ព្រៃកោងកាង​)​។​ឆ្នេរ​ខ្សាច់​អង្កោល ស្ថិតក្នុង​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ​ក៏ដូចជា​ការបង្កើត​កំពង់ផែ​ទេសចរណ៍​ខ្នាតតូច​នៅ​កោះទន្សាយ​ការរៀបចំ​ឱ្យមាន​កន្ត្រក​ខ្សែ​រ៉ក​សម្រាប់​ឱ្យ​ទេសចរណ៍​ជិះ​លេង​កម្សាន្ត​ពី​គោលដៅ​ទេសចរណ៍​មួយ​ទៅ​គោលដៅ​មួយទៀត​ជាដើម​។


​បើតាម​លោក​នី​ផល្លី​សេចក្តីព្រាង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ខែ​កក្កដា ឆ្នាំ​២០២០ ហើយ​អាច​នឹងដាក់​ឆ្លង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង នា​ខែសីហា ឆ្នាំ​២០២០ ខាងមុខនេះ​។ បន្ទាប់ពី​មានការ​កែសម្រួល ឬ​មានការ​សម្រេច​ឯកភាព​ពី​ប្រមុខ​រាជរដ្ឋាភិបាល ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​នេះ​នឹងត្រូវ​យកមកអនុវត្ត​ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០៣៥ និង​អាចមាន​ការពិនិត្យ​កែសម្រួល​សម្រាប់​ការអនុវត្ត​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម