ក្រសួងការងារជំរុញឱ្យវិស័យឯកជន ងាកមកចាប់អារម្មណ៍បណ្តាក់ទុន លើមុខជំនាញ TVETខណៈទីផ្សារកំពុងត្រូវការខ្ពស់

182
ចែករម្លែក

ដោយ:ដេប៉ូ/ភ្នំពេញ ៖ ស្របពេលដែលទីផ្សារការងារផ្នែកបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)កំពុងខ្វះខាត និង មានតម្រូវការខ្ពស់លើទីផ្សារខ្ពស់នោះ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តលវិជ្ជាជីវៈបានធ្វើការជំរុញដល់វិស័យឯកជនឱ្យមានការបណ្តាក់ទុនបណ្តុះបណ្តាលលើផ្នែកនេះឱ្យបានច្រើន។

ការលើកឡើងបែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនឹង លោក បណ្ឌិត ប៉ិច សុខេម នាយកប្រតិបត្តិ វិទ្យាស្ថាន CDRI នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។

ក្នុងពិធីនេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបានលើកឡើងដោយបានស្នើសុំ
ដល់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(វបសអ-CDRI) ជួយសិក្សាស្រាវជ្រាវរកឱ្យឃើញនូវចំណុចខ្វះខាតក៏ដូចជាការធ្វើយ៉ាងណាឱ្យការអនុវត្តគោលនយោបាយនិងផែនការយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញពាក់ព័ន្ធការអភិវឌ្ឍធនធានមនុស្ស ជាពិសេសក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដូចជាយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ, គោលនយោបាយអភិវឌ្ឍឧស្សាហកម្មកម្ពុជា, គោលនយោបាយជាតិស្តីពីការងារ និងមុខរបរ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កាន់តែឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

ជាមួយគ្នានេះ លោក រដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងការងារកន្លងមក បានខិតខំជំរុញលើវិស័យTVET តាមរយៈការពង្រឹងយន្តការ របស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល ការពង្រីក នឹងពង្រឹងយន្តការក្រុមការងារចំរុះរដ្ឋ ឯកជន និងដៃគូរនានា ការបន្តការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដោយរៀបឱ្យចំមានជាផែនការមេ សំដៅធានាពង្រឹងសមត្ថភាព និងប្រសិទ្ធភាពដល់ការប្រតិបត្តិដល់របស់វិទ្យាស្ថានទាំង៣៨ នៅក្រោមឱវាទក្រសួង។ ព្រមជាមួយគ្នាក្រសួងក៏បានជំរុញលើកទឹកចិត្តដល់វិស័យឯកជន ដែលចង់វិនិយោគលើវិស័យសិក្សាធិការ ឱ្យងាកមកបើកគ្រឹះស្ថានសិក្សាបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យមានចំនួនកាន់តែច្រើន ដើម្បីបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញក្នុង វិស័យមួយនេះ យកមកបំពេញតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ លើកទឹកចិត្តសិស្សដែលចប់មធ្យមសិក្សាអាចងាកមករៀនចាប់យកជំនាញវិជ្ជាជីវៈណាមួយសិនដើម្បីបានការងារធ្វើ ហើយបើចង់រៀនបន្តដល់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត អាចរៀនបន្តបាន។

លោកបានបន្តឱ្យដឹងថា បច្ចុប្បន្នទីផ្សារកម្ពុជាមានតម្រូវការកម្លាំងពលកម្មក្នុងវិស័យ TVET យ៉ាងច្រើន ប៉ុន្តែ យុវជនបែរជាមិនសូវងាកមកសិក្សាក្នុងវិស័យនេះទៅវិញ ហេតុនេះលោកចង់ឱ្យវិស័យឯកជនចូលរួមបណ្តាក់ទុនលើមុខជំនាញនេះដើម្បីជំរុញឱ្យយុវជនបែរមកស្វែងរកការសិក្សាក្នុងវិស័យ TVET ឱ្យបានកាន់តែច្រើនឡើង។

បញ្ជាក់ក្នុងពិធីនេះដែរ លោក បណ្ឌិត ប៉ិច សុខេម នាយកប្រតិបត្តិវិទ្យាស្ថាន CDRI បានឱ្យដឹងពីគម្រោងស្រាវជ្រាវក្នុងផ្នែកអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ និងស្នើសុំអនុសាសន៍ រដ្ឋមន្ត្រីក្រសួងការងារលើប្រធានបទផ្សេងៗទៀត ដើម្បីឲ្យវិទ្យាស្ថាន CDRI ដាក់បញ្ចូលក្នុងគម្រោងស្រាវជ្រាវ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយល់ថាមានសារៈសំខាន់ និងជាអាទិភាព។

លោក បណ្ឌិត ប៉ិច សុខេម បានបង្ហាញការប្ដេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសម្រេចលទ្ធផលនៃការសិក្សាស្រាវជ្រាវខាងមុខទៀត ដើម្បីគាំទ្រលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យ TVET ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម