រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវការ ពារក្បួនដង្ហែសពមាតាសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន

197
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម បានដាក់ផែនការឳ្យអាជ្ញាធរក្រុង ស្រុកដែលនៅជាប់ផ្លូវជាតិលេខ៦ និងលេខ៧ គឺរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវឳ្យបានរៀបរយ ដើម្បីការពារក្បូនដង្ហែសពមាតាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាប់ពីព្រំប្រទល់ខេត្តកណ្តាល មកដល់ស្ពានគីហ្ស៊ូណា ព្រំប្រទល់ខេត្តត្បូងឃ្មុំ ដែលនឹងប្រព្រឹត្តទៅព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២០។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី ៤ ឧសភាក្នុងសាលាខេត្តនេះថា ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ពិសេសលោកលោកស្រីជាអភិបាលក្រុង ស្រុក ជាប់ដងផ្លូវជាតិលេខ ៦ និងលេខ៧ ត្រូវហាមឃាត់សំណង់ជារោងការ រោងបុណ្យ និងការលក់ដូរលើចំណីថ្នល់ទាំងពីរនេះ។ បើចាំបាច់មានការសាងសង់សូមឳ្យសង់រំកិលផុតពីចំណីថ្នល់ គឺវិធានការនេះចាប់អនុវត្តន៍ពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២០។

លោកអភិបាលខេត្តបានមានប្រសាសន៍ទៀតថា ផ្តោតជាសំខាន់លើបងប្អូនអាជីវករលក់ប្រេងសាំងច្រកដបតាមដងផ្លូវ គឺសូមឳ្យពួកគាត់ផ្អាកជាបណ្តោះអាសន្ននៅព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២០និងណែនាំឳ្យរកកន្លែងទុកដាក់ឳ្យមានសុវត្ថិភាពបំផុត។ ដូចគ្នានេះចំពោះរថយន្តដឹកដី ដឹកអុស និងរថយន្តធុនធំ ត្រូវហាមឃាត់ឆ្លងកាត់ លុះត្រាក្បួនដង្ហែសពឆ្លងកាត់ផុតទើបមានការអនុញ្ញាត។

លោកបានបន្តថា ចំពោះស្លាកសញ្ញានានានៅតាមដងផ្លូវខាងលើដែលចាស់ទ្រុឌទ្រោមក៏ត្រូវរុះរើយកចេញ គឺជៀសវាងប៉ះពាល់ដល់សោភ័ណ្ឌភាព និងកើតមានគ្រោះថ្នាក់ជាយក​ថាហេតុ។ បញ្ហាទាំងប៉ុន្មាន គឺស្ថិតក្រោមការគ្រប់គ្រង ត្រួតពិនិត្យជាប្រចាំ និងផ្ទាល់ពីអភិបាល ក្រុង ស្រុកជាប់ដងផ្លូវជាតិ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម