ត្រពាំងបុរាណ ឈ្មោះត្រពាំងហែផ្កា ត្រូវបានអាជ្ញាធរជាតិអប្សរាបានបោះបង្គោលព្រំកំណត់តំបន់ការពារ ក្រោយឈ្មួញដីប៉ុនប៉ងរំលោភយកបន្តបន្ទាប់

236
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប សាលាក្រុងសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចុះបោះបង្គោលព្រំកំណត់តំបន់ការពារត្រពាំងបុរាណឈ្មោះ ត្រពាំងហែផ្កា ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ការបោះបង្គោលនេះធ្វើឡើង កាលពីនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ។

អាជ្ញាធរជាតិអប្សរា ដែលបានចេញផ្សាយនៅថ្ងៃពុធនេះ បានបញ្ជាក់ថា ការបោះបង្គោលព្រំកំណត់តំបន់ការពារត្រពាំងបុរាណខាងលើគឺដើម្បីទប់ស្កាត់ការរុករានទន្រ្ទានចូលកាន់កាប់ដីបរិវេណត្រពាំងបុរាណ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ពីសំណាក់ប្រជាពលរដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដែលគេប៉ុនប៉ងជាបន្តបន្ទាប់រួចមកហើយ។

អាជ្ញាធរអប្សរាបានបន្តថា ចាប់ពីពេកនេះ ទៅថ្ងៃអនាគត អាជ្ញាធរជាតិអប្សរា ក៏នឹងមានគម្រោងបោះបង្គោលព្រំកំណត់តំបន់ការពារបុរាណដ្ឋានផ្សេងៗទៀតនៅក្នុងខេត្តសៀមរាបទាំងមូល ដែលមន្ត្រីបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា បានកំណត់តំបន់ការពាររួចហើយ គឺក្នុងគោលបំណងថែរក្សា ការពារ និងអភិរក្សបុរាណដ្ឋាន សម្រាប់ទុក ជាមរតកវប្បធម៌ប្រវត្តិសាស្រ្ត និងជាបេតិកភណ្ឌជាតិ ជាពិសេសសម្រាប់កូនចៅជំនាន់ក្រោយសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តរបស់ខ្លួនផងនិងដើម្បីបម្រើវិស័យទេសចរណ៍ ផង។

គួរំលឹកថា ត្រពាំងហែផ្កាធ្លាប់បានបុគ្គលទាំង៣រូប ធ្វើសំណង់ខុសច្បាប់បំពានលើត្រពាំងបុរាណហែផ្កា មានឈ្មោះលោក ឈិត សុឌាំង លោក ឃន់ សុខន និងអ្នកស្រី ពុម សុគន្ធា។ សំណង់ខុសច្បាប់ដែលប៉ះពាល់ខ្លាំងទៅលើទីទួលបុរាណនិងត្រពាំងបុរាណ ហើយអាជ្ញាធរជាតិអប្សរា ក៍បានរុះរើ ដើម្បីទុកទីទួលបុរាណនោះអោយនៅស្ថានភាពដើមវិញ ដើម្បីអាជ្ញាធរថែរក្សាការពារទុកជាបេតិកភណ្ឌជាតិ ភស្តុតាងវប្បធម៌ប្រវត្តិសាស្រ្តសម្រាប់កូនចៅជំនាន់ក្រោយ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម