ករណីឃុបឃិតរំលោភយកដីចំណីព្រែក​ក្បាលរមាសបានក្លាយជាបណ្តឹង​ព្រហ្មទណ្ឌនៅតុលាការរាជធានីភ្នំពេញ

204
ចែករម្លែក

ដោយៈសរិទ្ធ/ភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងចាត់ការបណ្តឹងលោក ជា សុខហេង ប្តឹងឈ្មោះ ម៉ុង ច័ន្ទណារិទ្ធ និង បក្ខពួកថា បានឃុបឃិតគ្នារំលោភយកដីចំណីព្រែកក្បាលរមាសក្នុងភូមិត្រពាំងសង្កែឃុំត្រពាំងសង្កែស្រុកទឹកឈូ ខេត្តកំពត ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ទន្ទឹមនឹងចំណាត់ការលើបណ្តឹងព្រហ្មទណ្ឌនេះដែរនៅសាលាដំបូងខេត្តកំពតក៍បានចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នដោយហាមឃាត់មិនឲ្យរដ្ឋបាលសាលាខេត្តរដ្ឋបាលស្រុកទឹកឈូនិងមន្ទីរជំនាញនៅខេត្តកំពតវាស់វែងចេញប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋលើដីទំនាស់នេះឡើយ។

យោងតាមពាក្យបណ្តឹងចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដែលអង្គភាពសារព័ត៌មានទើបទទួលបាន , លោក ជា សុខហេង រៀបរាប់ថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២កន្លងទៅ លោកបានទិញដីមួយកន្លែងទំហំ៧៩១៩៨ម៉ែត្រការ៉េ ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ត្រឹមត្រូវស្របច្បាប់ ។

ទើបតែនៅអំឡុងឆ្នាំ២០១៩ លោកមានគម្រោងរៀបចំអភិវឌ្ឍន៍ដីរបស់លោក ស្រាប់តែឃើញគេព័ទ្ធបោះបង្គោលរបងជាឡូតិ៍ៗនៅតាមបណ្តោយដីឆ្នេរចំណីព្រែកពីមុខដីកម្មសិទ្ធិរបស់លោកជាច្រើនឡូតិ៍ ហើយមានឡូតិ៍ខ្លះ សង់ជាសំណង់លំនៅដ្ឋានដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានយ៉ាងអនាធិបតេយ្យដោយខុសច្បាប់ ។

ដើមបណ្តឹងរូបនេះ រៀបរាប់ទៀតថា លោកបានស្វែងរកអ្នកព័ទ្ធយកចំណីព្រែកនោះ ទើបដឹងថា មានឈ្មោះ ម៉ុង ច័ន្ទណារិទ្ធ និង គូកន មួយចំនួនទៀត ជាអ្នកចេញមុខអះអាងជាម្ចាស់លើដីចំណីព្រែកនោះ ។ លោកបានព្យាយាមសម្របសម្រួលយ៉ាងណា ក៏មិនមានបានលទ្ធផលដែរ គឺ ពួកគេទាមទារយកដីចំណីព្រែកនោះ ធ្វើជាកម្មសិទ្ធិអោយខានតែបាន ។

លោក ជា សុខហេង បន្តថា ដីចំណីព្រែកតាមបណ្តោយឆ្នេរព្រែកក្បាលរមាស នេះ មិនទាន់បានកំណត់ទំហំដីចំណីព្រែក ដីផ្លូវសាធារណៈអោយបានត្រឹមត្រូវនៅឡើយទេ ។ ម្យ៉ាងវិញទៀត ដីចំណីព្រែកដែលក្រុមអនាធិបតេយ្យបោះបង្គោលរបងព័ទ្ធជាឡូតិ៍ៗ រហូតដល់មាត់ព្រែកតែម្តង ។

ការរំលោភយកនេះ ធ្វើឡើងដោយខុសច្បាប់ គ្មានការប្រគល់សិទ្ធិកាន់កាប់ត្រឹមត្រូវតាមច្បាប់ឡើយ ។ ការប្រព្រឹត្តរបស់ឈ្មោះ ម៉ុង ច័ន្ទណារិទ្ធ និង គូកន នេះ ធ្វើអោយប៉ះពាល់ដល់ប្រយោជន៍សាធារណៈយ៉ាងធ្ងន់ធ្ងរ និង ប៉ះពាល់ដល់ផ្លូវចេញចូលដីប្លង់រឹងរបស់លោក នៅផ្នែកខាងក្រោយដីចំណីព្រែកនេះ បាត់បង់សិទ្ធិប្រើប្រាស់អាស្រ័យផលលើដីចំណីព្រែកផ្នែកខាងមុខនេះ មិនអាចអភិវឌ្ឍន៍បានអោយត្រូវតាមស្តង់ដារបច្ចេកទេសឡើយ ។

ជាចុងក្រោយ ដើមបណ្តឹង សូមឲ្យលោកព្រះរាជអាជ្ញា កោះហៅឈ្មោះ ម៉ុង ច័ន្ទណារិទ្ធ និង គូកន មកសាកសួរ និង ចោទប្រកាន់ដាក់ទោសតាមច្បាប់អោយបានធ្ងន់ធ្ងរបំផុត ។

ទាក់ទិននឹងបញ្ហានេះដែរលោកគាំ គង្គា ចៅក្រមសាលាដំបូងខេត្តកំពតបានចេញដីកាសម្រេចចាត់ចែងបណ្តោះអាសន្នមួយដោយយោងតាមការស្នើសុំរបស់លោកជា សុខហេង។

ដោយយោងលើភស្តុតាងជារូបថតបញ្ជាក់ថា សព្វថ្ងៃនេះប្រជាពលរដ្ឋដែលបានទាមទារកាន់កាប់ដីចំណីព្រែកនេះ បានបោះបង្គោលរបងយកដីសង់សំណង់ផ្សេងៗ ដោយគ្មានការអនុញ្ញាតិពីស្ថាប័នជំនាញយ៉ាងអនាធិបតេយ្យលើដីចំណីព្រែកនេះ និងសំអាងលើភស្តុតាងផ្សេងៗទៀត តុលាការបានសម្រេចហាមឃាត់រដ្ឋបាលខេត្តកំពតរដ្ឋបាលស្រុកទឹកឈូ និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពតមិនឲ្យធ្វើការវាស់វែងចេញប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋលើដីទំហំប្រហែល២ហិចតាដែលមានព្រំប្រទល់ខាងជើងទល់ព្រែកខាងកើតទល់ថ្នល់ខាងត្បូងទល់ដីឈ្មោះឈូកនេន និងខាងលិចទល់ដីឈ្មោះជាសុខហេងចាប់ពីគល់ស្ពានក្បាលរមាសរហូតទល់ដីជាសុខហេងតែម្តងជាបណ្តោះអាសន្នសិនដោយរង់ចាំឲ្យតុលាការសម្រេចរឿងអង្គសេចក្តីមានសាលក្រមស្ថាពរសិន៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម