ប្រវត្តិសង្ខេប នៃ បុណ្យពិសាខបូជា​

426
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ បុណ្យពិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ និងសំខាន់បំផុត​មួយ​ក្នុងចំណោម​បុណ្យ​ដ៏​សំខាន់ៗ​ក្នុង​ពុទ្ធសាសនា ធ្វើ​នៅ​ថ្ងៃ ១៥ កើត ខែពិសាខ ដែល​ឆ្នាំនេះត្រូវ​នឹង​ថ្ងៃទី ០៦ ខែ ឧសភា ។ ពិសាខបូជា គឺជា​បុណ្យប្រពៃណី​របស់​ពុទ្ធសាសនិក មិនមែនជា​បុណ្យ​ក្នុង​បញ្ញត្តិ​ទេ ពោល​គឺជា​បុណ្យ​ដែល​ពុទ្ធបរិស័ទ​តាក់តែងឡើង​ដោយសារ​ទឹកចិត្ត​ជ្រះថ្លា​របស់​ពួកគេ​ផ្ទាល់ ហើយ​ពុំមាន​ជាការ​បញ្ញត្តិ ឬ កំណត់ដោយ​ព្រះពុទ្ធ​ឱ្យធ្វើ​ពិធីបុណ្យពិសាខបូជា នេះឡើយ ។ ពិសាខបូជា ត្រូវបាន​អង្គការសហប្រជាជាតិ ទទួលស្គាល់​ជា ទិវា​អន្តរជាតិ កាលពី​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០០០ ។​


​ ​បុណ្យ ពិសាខបូជា បានសេចក្តីថា ជា​ពិធីបុណ្យ​ដែល​គេ​ធ្វើឡើង​សម្រាប់​គោរពបូជា ឬ សម្រាប់​រំឭក​ដល់​ព្រឹត្តិការណ៍​ដ៏​សំខាន់ៗ​ដែល​កើតមានឡើង​នៅក្នុង​ខែពិសាខ ដែល​ក្នុងនោះ​រួមមាន ៖

គំនូរ​បរិ​យាយ​អំពី​ព្រឹត្តិការណ៍​សំខាន់​ទាំង ៣ ដែល​កើតឡើង​នៅ​ថ្ងៃទី ១៥ កើត ខែ ពិសាខ ( រូបៈ អ៊ី​ន​ធឺ​ណេ​ត )


១.​កាលដែល ព្រះ​សិទ្ធត្ថ ( ព្រះពុទ្ធ​) ទ្រង់ ប្រសូត ( កើត ) នៅ ៨០ ឆ្នាំ មុន​ពុទ្ធសករាជ នា លុម្ពិនី​ឧទ្យាន ក្រោម​ដើមសាលព្រឹក្ស នៅ​ថ្ងៃ សុក្រ ១៥ កើត ខែ​ពិសាខ ឆ្នាំ ច ។ ក្នុង​គម្ពីរ​ពុទ្ធសាសនា​បាន​តំណាល​ថា ពេលដែល​ទ្រង់​ប្រសូត​មក​ភ្លាម ទ្រង់អាច​យាង​ឈានជើងដើរ​បាន ៧ ជំហាន ឆ្ពោះទៅកាន់ ឧ​ត្ត​រ​ទិស ( ទិស​ខាងជើង ) ហើយ​បន្លឺ​នូវអាសភិវាចា គឺ​វាចា​ដ៏​ឧ​ត្ត​ម​ថាៈ អាត្មាអញ ជាបុគ្គល​ខ្ពង់ខ្ពស់​លើ​លោក អាត្មាអញ​ជា​បុគ្គល​ធំ​បំផុតលើ​លោក អាត្មាអញ ជា​បុគ្គលប្រសើរ​បំផុតលើ​លោកនេះ​ជា​កំណើត​ចុងក្រោយ​បំផុត​របស់ អាត្មាអញឥឡូវនេះ ភព​ថ្មី​ពីនេះ​ទៀត​មិនមាន​ឡើយ​។​


២.​ក្រោយពី ព្រះ​សិទ្ធត្ថ រាជា ទ្រង់​សាង​ព្រះ​ផ្នួស អស់ ៦ ឆ្នាំ ទ្រង់​បាន​ត្រាស់ដឹង​នូវ​សម្មា​សម្ពោធិញ្ញាណ ក្រោម​ដើម​ពោធិព្រឹក្ស ក្បែរ​ស្ទឹង​នេ​រ​ញ្ជ​រា នៅ​ថ្ងៃ ពុធ ១៥ កើត ខែ ពិសាខ ឆ្នាំ រកា មុន​ពុទ្ធសករាជ ៤៥ ឆ្នាំ ។​


៣. ព្រះពុទ្ធ​ទ្រង់​ចូល​បរិ​ព្វា​ន​ក្រោម​សាលព្រឹក្ស​ទាំង​គូ ដោយអនុ​បា​ទិ សេស​និព្វាន ក្នុង នគរ​កុសិនារា នា​ថ្ងៃ១៥ កើត ខែពិសាខ ឆ្នាំ ម្សាញ់ មួយថ្ងៃ​មុ​ពុទ្ធសករាជ ។​


​មូលហេតុ​ នាំឱ្យមានពិសាខបូជា


​នៅក្នុង​គម្ពីរ​ពុទ្ធសាសនា បាន​តំណាល​ថា នៅ​ថ្ងៃ១៥ កើត ខែពិសាខ ៤៥ ឆ្នាំ មុន​ពុទ្ធសករាជ ពេលដែល​ព្រះ​សិទ្ធត្ថ បាន​ត្រាស់ដឹង​ជាព្រះពុទ្ធ ភ្លាមនោះ ស្តេច នៃ មារ បាន​ចូលទៅ​អារាធនា​ព្រះពុទ្ធ ឱ្យចូល​បរិនិព្វាន​ភ្លាម​ដែរ ។ ប៉ុន្តែ​ពេលនោះ​មាន​ព្រហ្ម​មួយអង្គ​ឈ្មោះ ស​ម្ប​តី បាន​ចូលទៅ​និមន្ត​ព្រះពុទ្ធ​ឱ្យ​គង់​ជីវិត ដើម្បី ប្រោស​ដល់​សព្វ​សត្វ​ក្នុង​ត្រៃភព​ដ៏​ពោរពេញ​ទៅដោយ​រាគាទិកិលេស និង អវិជ្ជា សិន ។ ព្រះពុទ្ធ​ក៏​បន្ត​គង់​ជីវិត​តម​កទៀត ។​


​បន្ទាប់ពី​បាន​បំពេញ​ពុទ្ធកិច្ច​ទាំង ៥ ( ពេលព្រឹក​និមន្ត​បិណ្ឌ​បាត្រ ដើម្បី ប្រោសសត្វ​ដែលមាន​ឧបនិស្ស័យ , ពេល រសៀល​សម្តែង​ព្រះធម៌​ដល់​បរិស័ទ​, បឋមយាម ឬ ពេល​ព្រលប់ ទ្រង់​ប្រទាន​ឱ​វាទ​ដល់​ភិក្ខុសង្ឃ​, មជ្ឈិមយាម ឬ ពេលយប់​ជ្រៅ ទ្រង់​ដោះប្រស្នា​ពួក​ទេវតា​, បស្ចិម​យាម ឬ ទៀបភ្លឺ ទ្រង់​ប្រមើលមើល ឧបនិស្ស័យ​សត្វ ) ជា​ទៀងទាត់ អស់​រយៈពេល ៤៥ វស្សា​មក ស្តេច នៃមារ ដដែល​នោះបាន​ចូលមក​និមន្ត​ព្រះពុទ្ធ​ឱ្យចូល​បរិនិព្វាន​ម្តងទៀត ។​


​ចំណុច​នេះ​សូមបញ្ជាក់ថា ជា​បវេណី​របស់​ព្រះពុទ្ធ​ទាំងឡាយ ប្រសិនបើ​មាន​បុគ្គល​ណា​ម្នាក់​និមន្ត ( អញ្ជើញ ឬ ស្នើសុំ ) ព្រះពុទ្ធ​ឱ្យទៅ​ណា​នោះ ព្រះពុទ្ធ ក៏​មុខជា​នឹង​និមន្ត​ទៅតាម​ការ​និមន្ត​នោះ​ប្រសិនបើ​គ្មាន​ការ​និមន្ត​ដទៃ​ណា​ផ្សេង​ពី​នោះទេ​។​


​យ៉ាងណាមិញ​ដូចដែល​បានលើកឡើង​ខាងលើ​មកហើយ​ថា កាលពី ៤៥ ឆ្នាំ មុន មារ បាន​និមន្ត​ព្រះពុទ្ធ​ឱ្យចូល​និព្វាន​ម្តង​ហើយ ប៉ុន្តែ​បាន ស​ម្ប​តី ព្រហ្ម និមន្ត​ឃាត់ ។​


​ឥឡូវនេះ​នៅពេលដែល​ត្រូវបាន មារ ដដែល​នោះ ចូលមក​និមន្ត​ព្រះអង្គ​ម្តងទៀត​នោះ ព្រះ​សម្ម​សម្ពុទ្ធ​ដែលមាន​ព្រះទ័យ​ពោរពេញ​ដោយ​ព្រះមហា​ករុណា ចំពោះ​សត្វលោក ក៏បាន​មាន​ព្រះពុទ្ធដីកា​ទៅកាន់មារ នោះ​ថា “ ចាំមើល​តើ​មាន​គេ​និមន្ត​តថាគត ( តថាគត​= អាន​ថា តៈ ថា គត់ = គឺជាពាក្យ​ដែល​ព្រះពុទ្ធ​ប្រើ​សំដៅ​ដល់​ព្រះអង្គ​ផ្ទាល់ ) ដែរ ឬ អត់​សិន ! “ ។​


​ដោយសារ​ខណៈនោះ មានតែ​ព្រះ​អានន្ទ មួយអង្គ​ប៉ុណ្ណោះ ដែល​នៅ​ជិត​ព្រះអង្គ ទើប​ព្រះអង្គ​ផ្តល់ឱកាស​ដល់​សត្វលោក​ដោយបាន​ដាក់​សំណួរ​ជា​ប្រស្នា​ទៅ​ព្រះ​អានន្ទ ថា អានន្ទ វិហារ​មួយ​នេះ​ដល់​នូវ​ទុព​ល​ភាព ( គឺ​រាងកាយ​របស់​ព្រះអង្គ​ដែល​ចាស់ជរា​ដោយសារ​ព្រះអង្គ​មាន​ព្រះជន្ម ៨០ វស្សា​ហើយ ) តើ​យើង​គប្បី​ជួសជុល ( ព្រះអង្គ​គប្បី​បន្ត​ព្រះជន្ម ) ឬ ត្រូវ​រុះរើ​ចោល ( ទម្លុះទម្លាយ​រាងកាយ​របស់​ព្រះអង្គ ពោលគឺ​ចូល​និព្វាន ) ? ។​


​ក្នុង​គម្ពីរ​ពុទ្ធសាសនា​បាន​អះអាងថា ដោយ​ពុទ្ធា​នុ​ភាព ព្រះពុទ្ធ អាច​បន្ត​ព្រះជន្ម​ជា​អមតៈ​បាន ប៉ុន្តែ​លុះណាតែ​មានការ​និមន្ត ពុំ​នោះទេ ព្រះអង្គ​នឹង​ចូល​បរិនិព្វាន​តាម​ធម្ម​ជាតិ​មនុស្សលោក ។ ប៉ុន្តែ​ពេលនោះ ព្រះ​អានន្ទ ដែល​នៅ​ពាក់ កណ្តាល​ជា​ព្រះអរហន្ត ហើយ​ពាក់កណ្តាល​ជាបុ​ថុ​ជ្ជន​នៅឡើយ ធ្វើឱ្យ មារ មានឱកាស​អាច​បិទបាំង​គំនិត​ប្រាជ្ញា​របស់​ព្រះ​អានន្ទ ធ្វើឱ្យ​ព្រះ​អានន្ទ មិន​យល់​អំពី​អត្ថន័យ នៃសំណួរ​របស់​ព្រះសម្មាសម្ពុទ្ធ ក៏​ឆ្លើយ​ដោយ​ខ្ជីខ្ជា​ថា “ បើ​វិហារ​នោះ​ចាស់​ទៅហើយ ក៏​គប្បី​រុះរើ​ចោល​ហើយ ! “ ។​


​ចម្លើយ​របស់​ព្រះ​អានន្ទ មិន​គ្រាន់តែ​មិនបាន​និមន្ត ឬ ឃាត់​ព្រះពុទ្ធ​ទេ ថែមទាំង​បាន​ជម្រុល​ឱ្យ​ព្រះពុទ្ធ​ចូល​និព្វាន​តាម​ការ​និមន្ត​របស់ មារ ទៀតផង ។ ដោយហេតុ​នោះ ព្រះពុទ្ធ​បាន​ពោល​ឡើង​ថា បើ​ដូច្នេះ អំណឹះតទៅ ៣ ខែ ទៀត តថាគត នឹង​ចូល​បរិនិព្វាន​ហើយ ! ។​


​គ្រាន់តែ​ព្រះពុទ្ធ​ពោល​សន្យា​ដូច្នោះ​ភ្លាម ប្រឹថពីគិរី​បព្វ​តា និង មហាសាគរ ក៏​កក្រើកញាប់ញ័រ​កងរំពង​ឡើង ។ ពេលនោះ​ទើប​ព្រះ​អានន្ទ ភ្ញាក់ខ្លួន​ព្រើត មានការ​សោកស្តាយ​ជាខ្លាំង ប៉ុន្តែ​អ្វីៗ​បាន​យឺត​ពេល​ទៅហើយ ។​


​ពួក​អ្នកប្រាជ្ញ​បាន​ហៅ​ការ​ពោល​មួយ​ប្រយោគ​ខាងលើ​ដ៏​ខ្លី​របស់​ព្រះពុទ្ធ​នេះ​ថា ការដាក់​អាយុសង្ខារ ពោលគឺ​ព្រះពុទ្ធ​កំណត់​ថ្ងៃ​ចូល​ព្រះ​និព្វាន ឬ ថ្ងៃ​ស្លាប់ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ បា​វា​ឡ​ចេតិយ នា​ថ្ងៃ ១៥ កើត ខែ មាឃ ៣ ខែ មុន​ពុទ្ធសករាជ ( ក្រោយមក​ពួក​ពុទ្ធសាសនិក បាន​ប្រារព្ធ​ថ្ងៃបុណ្យ មាឃ បូជា ដើម្បី រំឭក​ដល់​ព្រឹត្តិការណ៍​នា​ថ្ងៃ​នោះឯង ) ។​


​រាប់​ពីថ្ងៃ​នោះមក​រយៈពេល ៣ ខែគត់​ក្រោយមក​គឺ​នៅ​ថ្ងៃ ១៥ កើត ខែ ពិសាខ មួយថ្ងៃ មុន​ពុទ្ធសករាជ ព្រះ​សម្ម​សម្ពុទ្ធ​សមណ​គោត្ត​ម​បរម​សាស្តា នៃ ត្រៃភព ក៏បាន​ចូល​ព្រះ​និព្វាន​តាម​ការសន្យា​មែន​ក្នុង​វ័យ ៨០ ព្រះវស្សា​គត់ ។​


​វត្តមាន ពិសាខបូជា​


តាម​ការស្រាវជ្រាវ​គេ​បានដឹងថា បុណ្យពិសាខបូជា ទំនងជា​ធ្វើ​នៅក្រោយ​ព្រះពុទ្ធ​បរិនិព្វាន​ច្រើន​រយ​ឆ្នាំ ។ នៅ​ប្រទេស​ឥណ្ឌា និង ប្រទេស​ស្រីលង្កា គេ​បាន​ប្រារព្ធ​ពិធីបុណ្យ​នេះ​យូរយារ​ណាស់​មកហើយ ។ ចំណែក​នៅ​ប្រទេស​ខ្មែរ និង ប្រទេស សៀម វិញ ទើបនឹង​ចាត់ចែង​ធ្វើ​នៅ​គ្រិស្ដ​សតវត្ស​ទី​១៩ នេះប៉ុណ្ណោះ ។ នៅ​ប្រទេស សៀម ស្ដេច​រាមា បាន​ផ្ដើមធ្វើ​នៅ​ឆ្នាំ ១៨១៧ ។ ចំណែក​នៅ​ប្រទេស​ខ្មែរ​បុណ្យពិសាខបូជា​ត្រូវបាន​ចាប់ផ្ដើម​ធ្វើឡើង​នៅ​ឆ្នាំ ១៨៥៥ ដោយ​សម្ដេចព្រះ​សុគន្ធា​ធិបតី បញ្ញា​សិ​លោ ប៉ាន ដែល​ស្ដេចសៀម បាន​បញ្ជូន​មកកាន់​ក្រុង​ឧត្ដុង្គ ក្នុង​ឆ្នាំ ១៨៥៤ តាម​ព្រះរាជ​សំណើសុំ​របស់​ព្រះបាទ អង្គឌួង ។ ពិធីបុណ្យ​ពិសាខបូជា បាន​ប្រារព្ធ​ធ្វើឡើង​មុនគេ​ដោយ គណៈធម្មយុត្តិកនិកាយ ហើយ​ជ្រួតជ្រាប​ទៅដល់​គណៈមហានិកាយ យល់ព្រម​ដោយ​ព្រះបាទ​ស៊ីសុវត្ថិ ៕ Kh/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម