ត្រាំបដិសេធថា សហរដ្ឋអាម៉េរិកមិនបានពាក់ព័ន្ធ នឹងការជួលទាហានស៊ីឈ្នួលទៅលុកលុយប្រទេស វ៉េណេស៊ុយអេឡាទេ

206
ចែករម្លែក

ប្រធានាធិបតីដូណាល់ត្រាំកាលពីថ្ងៃអង្គារទី៥ឧសភាបានបដិសេធ រាល់ការពាក់ព័ន្ធរបស់ រដ្ឋាភិបាលអាម៉េរិក នៅក្នុងអ្វីដែលក្រុមមន្រ្តីវ៉េណេស៊ុយអេឡាបានហៅថាការលុកលុយ ប្រដាប់អាវុធបរាជ័យចូលក្នុងប្រទេសអាម៉េរិកខាងត្បូងមួយនេះ ដែលនាំទៅដល់ការចាប់ខ្លួនទាហានស៊ីឈ្នួលអាម៉េរិកពីរនាក់។

លោកត្រាំបានធ្វើអត្ថាធិប្បាយដូច្នេះទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមានបន្ទាប់ពីប្រធានាធិបតីសង្គមនិយមវ៉េណេស៊ុយអេឡាលោកនីកូឡាស ម៉ាឌូរ៉ូ និយាយកាលពីថ្ងៃចន្ទថា អាជ្ញាធរនៅទីនោះបានចាប់ខ្លួនជនជាតិអាម៉េរិកពីរនាក់ ដែលធ្វើការជាមួយទាហានជើងចាស់អាម៉េរិកម្នាក់ ដែលអះអាងទទួលខុសត្រូវចំពោះប្រតិបត្តិការលុកលុយបរាជ័យនេះ។

នៅពេលសួរអំពីឧបទ្ទវហេតុនេះនិងការចាប់ខ្លួនជនជាតិអាម៉េរិក លោកត្រាំនិយាយថា “យើងនឹងពិនិត្យមើលរឿងនេះ។ យើងទើបតែបានដឹងអំពីរឿងនេះ។ ប៉ុន្តែវាមិនមានអ្វីពាក់ព័ន្ធជាមួយរដ្ឋាភិបាលរបស់យើងទេ”។

នៅក្នុងសុន្ទរកថាផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋ លោកម៉ាឌូរ៉ូបាននិយាយថា អាជ្ញាធរបានចាប់ខ្លួន “ភេរវករ” ចំនួន ១៣ នាក់កាលពីថ្ងៃចន្ទពាក់ព័ន្ធនឹងអ្វីដែលលោកបានពិពណ៌នាថាជាផែនការសម្របសម្រួលជាមួយរបបក្រុងវ៉ាស៊ីនតោនដើម្បីចូលមកប្រទេសនេះតាមរយៈឆ្នេរសមុទ្រការ៉ាអ៊ីពហើយបណ្តេញគាត់ចេញពីអំណាច។ អាជ្ញាធរវ៉េណេស៊ុយអេឡានិយាយថា មនុស្ស ៨ នាក់ត្រូវបានសម្លាប់អំឡុងការប៉ុនប៉ងលុកលុយកាលពីថ្ងៃអាទិត្យ។

ខណៈបន្ទរតាមការបដិសេធរបស់លោកត្រាំ ក្រសួងការបរទេសអាម៉េរិកបានចោទប្រកាន់រដ្ឋាភិបាលម៉ាឌូរ៉ូថា “បង្ហាញព័ត៌មានលម្អិតគួរឱ្យសង្ស័យខ្ពស់” ដោយនិយាយថាអាម៉េរិកមិនទទួលស្គាល់ការលើកឡើងនេះទេ និង កំពុងស្វែងរកព័ត៌មានបន្ថែមទៀត។ ទោះយ៉ាងណា ក្រសួងមិនបានបញ្ជាក់អំពីអ្វីដែលក្រសួងជឿថាជារឿងមួរបង្កាច់នោះទេ។

លោកម៉ាឌូរ៉ូកាលពីយប់ថ្ងៃចន្ទបានបង្ហាញនូវអ្វីដែលលោកនិយាយថាជាលិខិតឆ្លងដែនអាម៉េរិកនិងអត្តសញ្ញាណផ្សេងទៀតជារបស់លោក អៃរ៉ាន បឺរី អាយុ ៤១ ឆ្នាំនិងលោក លូក ដេម៉ាន អាយុ ៣៤ ឆ្នាំ។ លោកបាននិយាយថាពួកគេកំពុងជាប់ឃុំហើយបានធ្វើការជាមួយលោក ចូដែន ហ្គោឌ្រូ ដែលជាទាហានជើងចាស់អាម៉េរិកនៅរដ្ឋផ្លរីដា ដែលកំពុងដឹកនាំក្រុមហ៊ុនសន្តិសុខមានឈ្មោះថា Silvercorp USA។

ជនជាតិអាម៉េរិកពីរនាក់ដែលត្រូវបានចាប់ខ្លួនដែលជាអតីតសមាជិកកងកម្លាំងប្រតិបត្តិការពិសេសធ្លាប់បម្រើការជាមួយលោកហ្គោឌ្រូ ត្រូវគេជឿថាស្ថិតនៅក្នុងការឃុំឃាំងរបស់ចារកម្មយោធាវ៉េណេស៊ុយអេឡា៕ ដោយ៖ កញ្ញាដាលីស

លោកត្រាំទាត់ចោលការពាក់ព័ន្ធរបស់អាម៉េរិកក្នុងការលុកលុយប្រទេសវ៉េណេស៊ុយអេឡា

ទីតាំងផ្សាយពាណិជ្ជកម្ម