ត្រាំទទួលស្គាល់ថា ការបើកសេដ្ឋកិច្ចឡើងវិញនឹងបណ្តាលឱ្យស្លាប់មនុស្សកាន់តែច្រើនពីកូវីដ១៩

197
ចែករម្លែក

ប្រធានាធិបតីដូណាល់ត្រាំ បានសារភាពកាលពីថ្ងៃអង្គារទី៥ឧសភាថាជនជាតិអាម៉េរិក កាន់តែច្រើនឡើងនឹងស្លាប់ក្នុងការបើកសេដ្ឋកិច្ចអាម៉េរិកឡើងវិញ ប៉ុន្តែបាន គូសបញ្ជាក់ការទទូចរបស់គាត់ចំពោះការថយចុះការគំរាមកំហែងនៃមេរោគកូរ៉ូណា ដោយបដិសេធមិនពាក់ម៉ាស់ទោះបីគាត់ទៅមើលរោងចក្រផលិតម៉ាស់ក៏ដោយ។

សួរដោយទូរទស្សន៍ ABC News ថាតើការដកវិធានការរក្សាគម្លាតពីគ្នា និងការបើកឡើងវិញនូវសេដ្ឋកិច្ចនឹងនាំឱ្យមានចំនួនអ្នកស្លាប់កាន់តែខ្ពស់មែនទេ លោកត្រាំនិយាយថា “វាអាចទៅរួចដែលនឹងមានអ្នកស្លាប់ច្រើនជាងមុន ពីព្រោះអ្នកនឹងមិនត្រូវបានចាក់សោទុកក្នុងអាផាត់មែន ឬ ផ្ទះ ឬ អ្វីផ្សេងនោះទេ”។

ក្នុងពេលធ្វើទស្សនកិច្ចនៅរោងចក្រ Honeywell ក្នុងទីក្រុងហ្វូនិច រដ្ឋអារីហ្សូណា ដែលជាទស្សនកិច្ចធំលើកដំបូងរបស់គាត់ចាប់តាំងពីប្រទេសបិទទ្វារដោយសារកូវីដ១៩ លោកត្រាំបាននិយាយថា “តើមនុស្សមួយចំនួននឹងរងផលប៉ះពាល់អាក្រក់ដែរឬទេ? ពិតណាស់នឹងប៉ះពាល់ ប៉ុន្តែយើងត្រូវតែបើកប្រទេសរបស់យើង”។

យុទ្ធនាការប្រជែងការបោះឆ្នោតនៅខែវិច្ឆិការបស់លោកត្រាំកំពុងដំណើរការឡើងវិញពីការបិទប្រទេសទ្រង់ទ្រាយធំដើម្បីព្យាយាមបញ្ឈប់ការរីករាលដាលនៃវីរុសកូរ៉ូណា ដែលបានសម្លាប់ជនជាតិអាម៉េរិកចំនួន ៧០.០០០ នាក់រួចហើយនិងត្រូវគេព្យាករថា នឹងសម្លាប់មនុស្សរាប់ម៉ឺននាក់បន្ថែមទៀត។

សរសើរដល់កម្មកររោងចក្រ Honeywell ដែលផលិតម៉ាស់ទ្រង់ទ្រាយធំ សម្រាប់បុគ្គលិកពេទ្យនិងអ្នកសង្គ្រោះបឋម លោកត្រាំបានរំលឹកឡើងវិញថា វាដល់ពេលដែលត្រូវមើលទៅមុខហើយ។

លោកនិយាយថា “ខ្ញុំចង់ក្លាយជាអ្នកលើកទឹកចិត្ត”។

ជំរុញដល់ការផ្លាស់ប្តូរទិសដៅនោះ សេតវិមានបាននិយាយថា ក្រុមសម្របសម្រួល គ្រាអាសន្នរបស់លោកត្រាំសម្រាប់ជំងឺរាតត្បាតនឹងត្រូវរំសាយ ប្រហែលជានៅដើមខែ មិថុនា៕ ដោយ៖ កញ្ញាដាលីស/Ha

លោកត្រាំធ្វើទស្សនកិច្ចនៅរោងចក្រផលិតម៉ាស់ Honeywell កាលពីថ្ងៃអង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម