ក្រុមហ៊ុនអាកាសចរណ៍នៅអាម៉េរិកខាតជាង ១០ ពាន់លានដុល្លារក្នុងមួយខែ ខណៈចរាចរណ៍ផ្លូវអាកាសធ្លាក់ចុះ

217
ចែករម្លែក

សមាគមន៍ក្រុមហ៊ុនអាកាសចរណ៍អាម៉េរិកបាននិយាយនៅក្នុងការផ្តល់សក្ខីកម្មមួយដែលមើលឃើញដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅមុនការបើកសវនាការនៅព្រឹទ្ធសភាអាម៉េរិកនៅថ្ងៃពុធទី៦ឧសភានេះថា ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅសហរដ្ឋអាម៉េរិកខាតរួមគ្នាជាង ១០ លានដុល្លារក្នុងមួយខែ និង មានអ្នកដំណើរជាមធ្យម២០នាក់ក្នុងមួយជើងហោះហើរនៅក្នុងស្រុក។

សូម្បីក្រោយផ្អាកយន្តហោះជាង ៣.០០០ គ្រឿងឬជិត ៥០ ភាគរយនៃជើងហោះហើរសកម្មរបស់សហរដ្ឋអាម៉េរិកក៏ដោយ ក៏សមាគមនិយាយថាក្រុមហ៊ុនអាកាសចរណ៍ជាសមាជិករបស់ខ្លួន ដែលរួមមានក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន ៤ របស់សហរដ្ឋអាម៉េរិក មានអ្នកដំណើរជាមធ្យមត្រឹមតែ ១៧ នាក់ប៉ុណ្ណោះក្នុងមួយជើងហោះហើរក្នុងស្រុកនិងអ្នកដំណើរ ២៩ នាក់ក្នុងជើងហោះហើរអន្តរជាតិ។

យោងតាមសក្ខីកម្មដែលបានរៀបចំឡើងរបស់លោក នីកូឡាស ខាលីអូ នាយកប្រតិបត្តិរបស់សមាគមនេះ បាននិយាយថា “ឧស្សាហកម្មអាកាសចរណ៍របស់សហរដ្ឋអាម៉េរិកនឹងងើបចេញពីវិបត្តិនេះ គឺដូចជាស្រមោលខ្លួនវាកាលពី ៣ ខែមុនយ៉ាងអ៊ីចឹង”។

សមាគមនេះនិយាយថា អ្នកដំណើរដែលបានកក់ទុកសំបុត្រទុកមុនបានធ្លាក់ចុះជិត ១០០ ភាគរយធៀបនឹងឆ្នាំទៅ ហើយបានព្រមានថាប្រសិនបើក្រុមហ៊ុនអាកាសចរណ៍ត្រូវសងប្រាក់វិញនូវសំបុត្រទាំងអស់នោះរួមទាំងអ្នកដែលបានទិញសំបុត្រក្រោមលក្ខខណ្ឌមិនអាចសងលុយវិញបានឬសំបុត្រដែលបានលុបចោលដោយអ្នកដំណើរជំនួសឱ្យក្រុមហ៊ុនអាកាសចរណ៍ “នេះនឹងនាំឱ្យមានតុល្យភាពសាច់ប្រាក់អវិជ្ជមាន ដែលនឹងនាំឱ្យមានការក្ស័យធន”។

ទន្ទឹមនេះដែរ ក្រុមហ៊ុនអាកាចរណ៍ United Airlines បានកាត់បន្ថយអ្នកបើកបរយន្តហោះចំនួន ៣០ ភាគរយផងដែរ ដែលស្មើនឹងអ្នកបើកបរយន្តហោះចំនួន ៣.៤៥០ នាក់ក្នុងចំណោមអ្នកបើកបរយន្តហោះសរុប ១២.២៥០ នាក់របស់ក្រុមហ៊ុននេះ។

ក្រុមហ៊ុនអាកាសចរណ៍ Delta ក៏ព្រមានអំពីការកាត់បន្ថយការងារផងដែរ៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅអាម៉េរិកខាតរួមគ្នាសរុបជាង ១០ ពាន់លានដុល្លារក្នុងមួយខែ

ទីតាំងផ្សាយពាណិជ្ជកម្ម