អ៊ុត​កៅស៊ូ​លើ​កំណាត់​ផ្លូវ​ជុំវិញ​ប្រាសាទបាយ័ន និង​ផ្លូវបំបែក​ពី​ទៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​

214
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: នៅ​ដើមខែ​ឧសភា ឆ្នាំ ២០២០ នេះ នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​អន្តរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បន្ត​អនុវត្ត​គម្រោង​ជួសជុល​កែលម្អ​ផ្លូវ​ចំនួន​ពីរ​កំណាត់​៖ គឺ​ផ្លូវ​ព័ទ្ធជុំវិញ​ប្រាសាទ​បា​យ័ន្ត និង​ផ្លូវ​ភ្ជាប់​ពី​ខាងជើង​ប្រាសាទ​បា​យ័ន្ត​ទៅដល់​ខ្លោងទ្វារ​ដី​ឆ្នាំង​។​

​របាយការណ៍ ដែល​ផ្តល់​ដោយ​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថា ចំពោះ​ការអនុវត្ត​ការងារ​ជួសជុល​កែលម្អ​ផ្លូវ​ជុំវិញ​ប្រាសាទ​បា​យ័ន្ត គឺ​អ៊ុត​បេតុង​កៅស៊ូ AC ពណ៌​ដីក្រហម ស្រទាប់​ក្រោម​ខ្មៅ​ស្រទាប់​លើ​ក្រហម​ចាស់ កម្រាស់ ៦ សង់ទីម៉ែត្រ បន្ថែម​ពីលើ​ផ្លូវ​ចាស់​ដែលមាន​ស្រាប់ DBST ប្រវែង​១,០២៤​ម៉ែត្រ មាន​ទទឹង​៥​ម៉ែត្រ ដើម្បី​បង្កើន​គុណភាព និង​លើក​សោភ័ណភាព​ផ្លូវ​ឱ្យ​កាន់តែ​ល្អប្រសើរ​។

​រីឯ​កំណាត់​ផ្លូវ​ទី​២​ផ្តើមចេញពី​ផ្លូវកែង​ជ្រុង​ខាងកើត​ឈៀង​ខាងជើង​នៃ​ប្រាសាទ​បា​យ័ន្ត​ឆ្ពោះទៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​ប្រវែង​១,៤២៧​ម៉ែត្រ មាន​ទទឹង​៦​ម៉ែត្រ ដែល​អ៊ុត​បេតុង​កៅស៊ូ​ពណ៌​ក្រហម​ចាស់ ប្រភេទ​AC គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​ឧសភា​ខាងមុខនេះ​។​

​ក្រោយពេល​សាងសង់​ផ្លូវ​នេះ​រួចរាល់ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ផ្អាក​ការប្រើប្រាស់​ផ្លូវ​កៅស៊ូ​បច្ចុប្បន្ន​ទាំងស្រុង ដែល​នៅ​កៀក​នឹង​ព្រះ​លានជល់ដំរី ហើយ​កែលម្អ​ផ្លូវ​នោះ​ជា​សួន​ដាំ​ស្មៅ ដើមឈើ បង្កើន​ទេសភាព​បរិស្ថាន​ស្រស់ស្អាត​នៅមុខ​ព្រះ​លានជល់ដំរី ក៏ដូចជា​នៅក្នុង​បរិវេណ​ក្រុង​អង្គរធំ​ទាំងមូល​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម