សម្តេច​ព្រះមហា​អរិយ​វ​ង្សៈ ការចែក​ទេយ្យទាន ពុំមាន​ការប្រកាន់​សាសនា​ទេ​

167
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ សម្តេច​ព្រះមហា​អរិយវង្ស បណ្ឌិត ឃី សុវណ្ណ​រតនា ព្រះចៅអធិការ​វត្ត​មង្គល​វ័ន ហៅ​វត្ត​ស្វាយដង្គុំ បាន​មាន​ព្រះបន្ទូល​អំពី​ភាព​គ្មាន​ការរើសអើង​សាសនា​ក្នុង​ការចែក​ទេយ្យទាន​របស់​សម្តេច​ដ​ល់​ជនក្រីក្រ​ថា “ មិនថាតែ​អ្នក​កាន់​ព្រះពុទ្ធសាសនា​ទេ សូម្បីតែ​អ្នក​កាន់សាសនា​ផ្សេង​ដូចជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ឬ សាសនា​គ្រិស្ត​ជាដើម​ក្តី ក៏​ជា​ខ្មែរ ហេតុនេះ អ្វីដែល​សំខាន់​គឺ​អ្នក​ដែល​កំពុង​ជួប​ក្តី​លំបាក ពោលគឺ​គ្មាន​ឡើយ​ការប្រកាន់​រើសអើង​សាសនា ឬ និយាយ​ម្យ៉ាង​ទៀតថា យើង​គ្រាន់តែ​កាន់សាសនា​ផ្សេងគ្នា ប៉ុន្តែ​យើង​មាន​ឈាមជ័រ​ជា​ខ្មែរ​ដូចគ្នា ដូច្នេះ​ពួកគាត់​សុទ្ធតែ​អាច​ទទួលបាន​ទេយ្យទាន​ដូចគ្នា “ ។

សម្តេច​ព្រះមហា​អរិយវង្ស បណ្ឌិត ឃី សុវណ្ណ​រតនា មាន​ព្រះបន្ទូល​សំណេះសំណាល​ជាមួយ​ជន​ចាស់ជរា ជន​មាន​ពិការភាព និង គ្រួសារ​ក្រីក្រ នៅក្នុង​សង្កាត់​មនោ​រម្យ រាជធានី​ភ្នំពេញ ( រូបៈ មេសា )


​សម្តេច​ព្រះមហា​អរិយវង្ស ឃី សុវណ្ណ​រតនា មានបន្ទូល​យ៉ាង​ដូច្នេះ នាឱកាស​ចែក​ទេយ្យទាន​ដល់​ជន​ចាស់ជរា ជន​មាន​ពិការភាព និង អ្នកក្រីក្រ​ជិត ១០០ គ្រួសារ នៅក្នុង​សង្កាត់​មនោ​រម្យ រាជធានី ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២០ នេះ ដែល​ក្នុងនោះ​មាន​អង្ករ មី ទឹក​ស៊ី និង ថវិកា ជាដើម ។​


​ជាការ​កត់សម្គាល់ ប៉ុន្មាន​ថ្ងៃ​មកនេះ សម្តេច​ព្រះមហា​អរិយវង្ស ឃី សុវណ្ណ​រតនា ក៏បាន​នាំយក​ទេយ្យទាន​ទៅ​ចែកជូន​ដល់​ជនក្រីក្រ និង កងទ័ព​នៅ ៣ ទីតាំង​ផ្សេងទៀត នៅក្នុង​ខេត្ត​កំពង់​ឆ្នាំ និង ខេត្ត ព្រះវិហារ ផងដែរ សរុប​ប្រមាណ​ជា ៦០០ គ្រួសារ ។​


​ជា​ការណ៍​ពិត​ហើយ​ថា រាល់​ទេយ្យទាន ឬ ធនធាន​នានា​ដែល​ព្រះសង្ឃ នៃ វត្ត​អារាម​ទាំងឡាយ ដោយ​រួមទាំង​សម្តេច​ព្រះមហា​អរិយវង្ស ឃី សុវណ្ណ​រតនា ផង​មាន គឺ​បានមកពី​ការបរិច្ចាគ​របស់​ទាយ​ក​ទាយិកា ពុទ្ធ​បិ​រ​ស័​ទ និង សប្បុរសជន​នានា ។ ប៉ុន្តែ​ក្នុងដំណាក់កាល​កម្ពុជា កំពុង​រង​ការគំរាមកំហែង​ដោយ​ជំងឺ​កូ​វីដ ១៩ ដោយ​រួមទាំង​អំឡុងពេល​ចូលឆ្នាំ​ខ្មែរ ផង​នេះ ព្រះសង្ឃ​នៅតាម​វត្ត​អារាម​នានា​ទូទាំងប្រទេស ក៏​មិនសូវ​ម្បូ​រ​ធនធាន​ប៉ុន្មាន​ដែរ​។


​ដោយហេតុនេះ សម្តេច​ព្រះមហា​អរិយវង្ស បណ្ឌិត ឃី សុវណ្ណ​រតនា បាន​មាន​ព្រះបន្ទូល​ថា ទេយ្យទាន​ដែល​សម្តេច​បាន​យកទៅ​ចែកជូន​កន្លងមកនេះ គឺ​ដោយសារ​ការលៃលក​សន្សំ​សំចៃ បន្ទាប់ពី​បាន​បែងចែក​មួយផ្នែក​សម្រាប់​ផ្គត់ផ្គង់​ព្រះសង្ឃ ដូនជី តាជី និង សិស្ស​និស្សិត​ក្នុង​វត្ត តែប៉ុណ្ណោះ ហើយ​សម្តេច ក៏បាន​ប្រាប់​ដល់​អាជ្ញាធរ​ថា ប្រសិនបើ​មាន​បុគ្គល​ណា ឬ គ្រួសារ​ណា ជួប​ការលំបាក​ជីវភាព​ប្រចាំថ្ងៃ ដោយសារតែ​ប្រកបការងារ មុខរបរ​មិនកើត​ជាដើម ក៏​សូម​ទូល​ដល់​សម្តេច ដើម្បី រិះរក​វិធី​ដោះ​ទ័ល​ជូន​ពួកគាត់ ដោយ​មិនចាំបាច់​ធ្វើ​ពិធី​ចែកជូន​ជា​ផ្លូវការ​អ្វី​ឡើយ ធ្វើយ៉ាងណា ឱ្យបាន​រស់​ទាំងអស់គ្នា​សិន ។​


​សម្តេច​ព្រះមហា​អរិយវង្ស ក៏​តែងតែបាន​ក្រើនរំឭក​ដល់​អ្នកចូលរួម​ទាំងអស់ ឱ្យ​កុំ​ធ្វេសប្រហែស​ជាដាច់ខាត គឺ​ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ការពារ​ខ្លួន​តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល និង ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ព្រោះ​ជំងឺ​កូ​វីដ ១៩ មិនទាន់​ទៅណា​ឆ្ងាយ​ពី​កម្ពុជា​នៅឡើយ​ទេ ៕ Kh

ជន​ចាស់ជរា ជន​មាន​ពិការភាព និង អ្នកក្រីក្រ នៅ​សង្កាត់​មនោ​រម្យ​ទទួលបាន​ទេយ្យទាន​ពីស​ម្តេច​ព្រះមហា​អរិយវង្ស បណ្ឌិត ឃី សុវណ្ណ​រតនា ( រូបៈ មេសា )

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ