រយ:ពេល២ថ្ងៃឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់ ករណីគ្រឿងញៀន

178
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ ក្នុងរយ:ពេល២ថ្ងៃសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងសៀមរាប បានចុះប្រតិបត្តិការបង្ក្រាប ករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយសម្រេច ឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់រួមនឹងដកហូតបានវត្ថុតាងមួយចំនួន ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ។

ការបង្ក្រាប ករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនខាងលើ បានធ្វើឡើងកាលពីថ្ងៃទី០៤និងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប និងភូមិសណ្តាន់ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងសៀមរាប បាននិយាយថា ករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ទាំង២ករណីយើងឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់និងដកហូតវត្ថុតាងមួយចំនួន។

សមត្ថកិច្ចបានបន្តថា ករណីទី១ គឺនៅវេលាម៉ោង១៨និង០០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅ ចំណុចភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ក្នុងនោះស្រី០៣នាក់ ។ ចំណែកវត្ថុតាង ដកហូតបានរួមមាន ម្សៅក្រាមពណ៌ស(មេតាំហ្វេតាមីន)ចំនួន០៣កញ្ចប់ ស្មេីនិង០៣,៨៣ក្រាម,ទូរសព្ទ័០២គ្រឿង។

ករណីទី២ គឺនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២០ នៅនិងភូមិសណ្តាន់ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប

បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ រួមនឹងវត្ថុតាង ម្សៅក្រាមព៌ណសថ្លា(ម៉ាទឹកកក)ចំនួន០៥កញ្ចប់ ទម្ងន់០,៣៧ក្រាម ទូរសព្ទ័០១គ្រឿង។

ជនសង្ស័យទាំង០៦នាក់រួមនឹងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម