បង្គោលភ្លើងសូឡា៣៥ដើម ត្រូវបានតម្លើងបំភ្លឺផ្លូវជូនប្រជាពលរដ្ឋ ឃុំអណ្តូងទឹក

172
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ អាជ្ញាធរស្រុកបូទុមសាគរ បានតម្លើងបង្គោលភ្លើងអំពូលសូឡាចំនួន៣៥កន្លែងក្នុងភូមិអណ្តូងទឹក ដើម្បីបម្រើជាប្រយោជន៍សុវត្ថិភាព សណ្តាប់ធ្នាប់ល្អដល់ប្រជាពលរដ្ឋដែលកំពុងមានតម្រូវការចាំបាច់។

ប្រជាពលរដ្ឋ៤៨០គ្រួសារ រស់នៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ បានទទួលនូវការតម្លើងបង្គោលអំពូលភ្លើងសូឡាក្នុងគោលបំណងដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរយប់ជ្រៅ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អក្នុងមូលដ្ឋាន។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឱ្យដឹងនៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ថា តបតាមសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ អាជ្ញាធរបានផ្តោតសំខាន់លើការងារតម្លើងអំពូលសូឡាប្រើថាមពលពន្លឺព្រះអាទិត្យនៅខ្នងផ្ទះពលរដ្ឋក្នុងភូមិជាបន្តបន្ទាប់ទៅតាមដំណាក់កាល។ ហើយអំពូលភ្លើងសូឡាមួយភាគធំ ជាគម្រោងអនុវត្តអភិវឌ្ឍន៍របស់រដ្ឋបាលស្រុក ព្រមទាំងមានសប្បុរសជនជួយឧបត្ថម្ភគាំទ្រ។

បើតាមលោកអភិបាលស្រុក អាជ្ញាធរនឹងបន្តគៀងគរជំនួយពីសប្បុរសជននានាថែមទៀត ដើម្បីតម្លើងអំពូលភ្លើងសូឡានៅតាមភូមិឃុំដែលមិនទាន់មាន។ កន្លងទៅ អាជ្ញាធរស្រុក និងឃុំបានតម្លើងអំពូលសូឡាដល់ភូមិមួយចំនួនដែរ ប៉ុន្តែមិនទាន់ឆ្លើយតបបានពេញលេញ។

ទន្ទឹមនឹងនោះ លោក ហាក់ ឡេង ក៏បានណែនាំបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ចូលរួមថែរក្សាការពារអំពូល ដែលបានដាក់តម្លើងរួចរាល់ហើយ ករណីបើមានបញ្ហាអ្វីត្រូវរាយការណ៍មកអាជ្ញាធរភូមិ ឃុំ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោក ឃៀង យិង មេឃុំអណ្តូងទឹក បានសម្ដែងពេញចិត្តក្រោយមានការដំឡើងអំពូលសូឡាធ្វើឱ្យភូមិអណ្តូងទឹក ដោយលុបបំបាត់ភាពងងឹតជំនួសឱ្យភាពភ្លឺនាពេលយប់ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងភូមិស្ថាបនាឡើងដោយបេតុងផងធ្វើឱ្យភូមិដ្ឋានពលរដ្ឋផ្តល់នូវភាពទាក់ទាញពីសាធារណជន។ ជាក់ស្តែង ពេលល្ងាចឡើងពលរដ្ឋចេញមកជួបជុំគ្នាព្រោងព្រាតមានភាពអ៊ូអរ។

លោកមេឃុំអណ្តូងទឹក បន្ថែមថា មុននឹងមិនទាន់មានបង្គោលអំពូលភ្លើងសូឡានេះ ក្នុងមូលដ្ឋានរស់នៅរបស់ពលរដ្ឋ តែងសភាពងងឹតរាល់ពេលយប់ ដែលបង្កការលំបាកដល់ការធ្វើចរាចរណ៍ទៅមក ពិសេសខ្វះសុវត្ថិភាពទៀតផង៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម