បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹង បុក​រះ​រថយន្ត​២​គ្រឿង​ចត​ស្ងៀម តែ​ត្រូវ​ម្ចាស់​ដេញតាម​ចាប់​ជាប់​

1347
ចែករម្លែក
រូបភាពរថយន្ដរងគ្រោះទាំង២គ្រឿង ដែលចតស្ងៀម (រូប៖ ចាន់តូ)

ដោយៈ​ចាន់តូ / ភ្នំពេញ​៖ បុរស​ម្នាក់​ចេញពី​កម្មវិធី​ជប់លៀង បើកបរ​ក្នុង​សភាព​ស្រវឹង ដោយ​បើករថយន្ត​ម៉ាក​សឺ​ដេ​ស​មួយគ្រឿង​រេ​ពេញ​ផ្លូវ ទៅបុក​រថយន្ត​២​គ្រឿង​ចត​ស្ងៀម ​ហើយ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់ តែ​ត្រូវ​ម្ចាស់​ដេញចាប់បាន​មកវិញ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី យប់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្លូវ​៣១៥ ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​សឺ​ដេ​ស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2N 3228 ទើបនឹង​ចេញពី​ជប់លៀង​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​រេ​ចង្កូត​មក​ស្តាំ​ដៃ​ជ្រុល​បុក​រថយន្ត​ម៉ាក​ហ្វ​ត​រ៉េ​ន​ជឺ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AO 9709 ពីក្រោយ​ដែល​ម្ចាស់​ចត​នៅមុខ​ហាង ស្រប​ទិសដៅ​គ្នា​រុញ​ទៅមុខ​បុក​រថយន្ត​ម៉ាក​សឺ​ដេ​ស ពណ៌​ខ្មៅ​មួយគ្រឿង​ផ្សេងទៀត ពាក់​ស្លាក​លេខ ភ្នំពេញ 2M 2223​។ រថយន្ត​ទាំងពី​គ្រឿង រង​ការខូចខាត​យ៉ាងដំណំ ចំណែក​រថយន្ត​បង្ក​មិនបាន​ឈប់​ដោះស្រាយ​នោះទេ បាន​ព្យាយាម​បើក​រត់គេចខ្លួន​ភ្លាមៗ​នោះ ម្ចាស់​រថយន្ត​រងគ្រោះ​នាំគ្នា​ដេញតាម​មក​ចំណុច​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​អ្នកបើកបរ និង​ឃាត់​រថយន្ត​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ធ្វើការ​វាស់វែង ហើយ​ឲ្យ​ភាគី​សងខាង​សម្រុះសម្រួល​គ្នា ដោយ​ខាង​ម្ចាស់​រថយន្ត​បង្ក ព្រម​ចេញថ្លៃ​ជួសជុល​រថយន្ត​រងគ្រោះ​ទាំងពីរ​គ្រឿង ដើម្បី​បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ​៕L​