បុណ្យ ពិសាខបូជា ឆ្នាំនេះ​ប្រព្រឹត្ត​ទៅដោយ​មិនមាន​ភាព​ឱឡារិក​

280
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ ទិដ្ឋភាព នៃ ពិធីបុណ្យ​ពិសាខបូជា ឆ្នាំ ២០២០ នេះ ប្រព្រឹត្ត​ទៅក្នុង​សភាព​មិន​អ៊ូអរ​ឡើយ ពោលគឺ​មិនមាន​ក្បួន​ដង្ហែ​ជា​ឱឡារិក​នៅតាម​ទីសាធារណៈ​ដូច​រាល់​ឆ្នាំ​ទេ គឺមាន​ធ្វើ​តែ​នៅតាម​វត្ត​អារាម​នានា​ប៉ុណ្ណោះ ហើយក៏​មិនមាន​អ្នកចូលរួម​ច្រើន​ដែរ គឺ ដោយសារតែ​កម្ពុជា ស្ថិតនៅក្នុង​ដំណាក់កាល​គំរាមកំហែង​ដោយ​ជំងឺ​កូ​វីដ ១៩ នៅឡើយ ។​


​បុណ្យពិសាខបូជា គឺជា​បុណ្យ​សំខាន់បំផុត​ក្នុង​ពុទ្ធសាសនា ធ្វើ​នៅ​ថ្ងៃទី ១៥ កើត ខែ ពិសាខ ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី ០៦ ខែ ឧសភា ។ ពិសាខបូជា គឺជា​បុណ្យប្រពៃណី​របស់​ពុទ្ធសាសនិក មិនមែនជា​បុណ្យ​ក្នុង​បញ្ញត្តិ​ទេ ពោល​គឺជា​បុណ្យ​ដែល​ពុទ្ធបរិស័ទ​តាក់តែងឡើង​ដោយសារ​ទឹកចិត្ត​ជ្រះថ្លា​របស់​ពួកគេ​ផ្ទាល់ ហើយ​ពុំមាន​ជាការ​បញ្ញត្តិ ឬ កំណត់ដោយ​ព្រះពុទ្ធ​ឱ្យធ្វើ​ពិធីបុណ្យ ពិសាខបូជា នេះឡើយ ។ ពិសាខបូជា ត្រូវបាន​អង្គការសហប្រជាជាតិ ទទួលស្គាល់​ជា ទិវា​អន្តរជាតិ កាលពី​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០០០ ។​


​បុណ្យ ពិសាខបូជា បានសេចក្តីថា ជា​ពិធីបុណ្យ​ដែល​គេ​ធ្វើឡើង​សម្រាប់​គោរពបូជា ឬ សម្រាប់​រំឭក​ដល់​ព្រឹត្តិការណ៍​ដ៏​សំខាន់ៗ​ដែល​កើតមានឡើង​នៅក្នុង​ខែ ពិសាខ ដែល​ក្នុងនោះ​រួមមាន ៖


១. ដើម្បី រំឭក​ដល់ កាលដែល ព្រះ​សិទ្ធត្ថ ( មុនពេល​បាន​ត្រាស់​ជា ព្រះពុទ្ធ​) ទ្រង់ ប្រសូត នៅ ៨០ ឆ្នាំ មុន​ពុទ្ធសករាជ នា លុម្ពិនី​ឧទ្យាន ក្រោម​ដើម សាលព្រឹក្ស នៅ​ថ្ងៃ សុក្រ ១៥ កើត ខែ​ពិសាខ ឆ្នាំ ច ។


២. ដើម្បី ដល់​កាលដែល ព្រះ​សិទ្ធត្ថ ពោធិសត្វ បាន​ត្រាស់ ដឹង​នូវ​សម្មា​សម្ពោធិញ្ញាណ ជា​ព្រះពុទ្ធ ក្រោម​ដើម​ពោធិព្រឹក្ស ក្បែរ​ស្ទឹង​នេ​រ​ញ្ជ​រា នៅ​ថ្ងៃ ពុធ ១៥ កើត ខែ ពិសាខ ឆ្នាំ រកា មុន​ពុទ្ធសករាជ ៤៥ ឆ្នាំ ។​


៣. ដើម្បី រំឭក​ដល់​កាលដែល​ព្រះពុទ្ធ​ទ្រង់​ចូល​បរិ​ព្វា​ន​ក្រោម​សាលព្រឹក្ស​ទាំង​គូ ក្នុង នគរ​កុសិនារា នា​ថ្ងៃ ១៥ កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ មួយថ្ងៃ​មុ​ពុទ្ធសករាជ ។​


​តាម​ការស្រាវជ្រាវ​គេ​បានដឹងថា បុណ្យ ពិសាខបូជា ទំនងជា​ធ្វើ​នៅក្រោយ​ព្រះពុទ្ធ​បរិនិព្វាន​ច្រើន​រយ​ឆ្នាំ ។ នៅ​ប្រទេស​ឥណ្ឌា និង ប្រទេស​ស្រីលង្កា គេ​បាន​ប្រារព្ធ​ពិធីបុណ្យ​នេះ​យូរយារ​ណាស់​មកហើយ ។ ចំណែក​នៅ​ប្រទេស​ខ្មែរ និង ប្រទេស សៀម វិញ ទើបនឹង​ចាត់ចែង​ធ្វើ​នៅ​គ្រិស្ដ​សតវត្ស​ទី​១៩ នេះ ប៉ុណ្ណោះ ។ នៅ​ប្រទេស សៀម ស្ដេច​រាមា បាន​ផ្ដើមធ្វើ​នៅ​ឆ្នាំ ១៨១៧ ។ ចំណែក​នៅ​ប្រទេស​ខ្មែរ​បុណ្យពិសាខបូជា​ត្រូវបាន​ចាប់ផ្ដើម​ធ្វើឡើង​នៅ​ឆ្នាំ ១៨៥៥ ដោយ​សម្ដេចព្រះ​សុគន្ធា​ធិបតី បញ្ញា​សិ​លោ ប៉ាន ដែល​ស្ដេច សៀម បាន​បញ្ជូន​មកកាន់​ក្រុង​ឧត្ដុង្គ ក្នុង​ឆ្នាំ ១៨៥៤ តាម​ព្រះរាជ​សំណើសុំ​របស់​ព្រះបាទ អង្គឌួង ។ ពិធីបុណ្យ​ពិសាខបូជា បាន​ប្រារព្ធ​ធ្វើឡើង​មុនគេ​ដោយ គណៈធម្មយុត្តិកនិកាយ ហើយ​ជ្រួតជ្រាប​ទៅដល់​គណៈមហានិកាយ យល់ព្រម​ដោយ​ព្រះបាទ​ស៊ីសុវត្ថិ ៕ Kh

ទិដ្ឋភាព​បុណ្យពិសាខបូជា​នៅ​វត្ត​បទុម​វ​តី​រា​ជរា​រាម នា​រាជធានី​ភ្នំពេញ ( រូបៈ មេសា )

ទីតាំងផ្សាយពាណិជ្ជកម្ម