​ម្ចាស់​យានយន្ត​សម្រុក​ទៅ​ចុះឈ្មោះ​រៀន​បើកបរ​និង​បង់ពន្ធ​ធ្វើ​ស្លាក​លេខ​

209
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ខណៈ​បន្ត​រឹតបន្តឹង​អនុក្រឹត្យ​ដែល​បង្កើន​ការផាកពិន័យ​ច្រើនដង​លើសពី​មុនៗ​លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​នាំឱ្យ​ម្ចាស់​យានយន្ត​និង​អ្នកបើកបរ​សម្រុក​ទៅ​ចុះឈ្មោះ​រៀន​បើកបរ​,​ទៅ​បង់ពន្ធ​យានយន្ត​ដើម្បី​ធ្វើ​ស្លាក​លេខ​ព្រមទាំង​បំពេញបែបបទ​និង​លក្ខណៈ​បច្ចេកទេស​នានា​លើ​យានយន្ត ។​

​អ្នកស្រី​សេង​គឹម​ថា​គ្រូបង្ហាត់​បង្រៀន​ទ្រឹស្តី​នៅ​សាលារៀន​បើកបរ​និម្មិត​មានជ័យ​នៅ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០២០​ថា​៖​តាំងពី​ថ្ងៃទី​៣០​ខែមេសា​មកម្ល៉េះ សាលារៀន​នេះ​បានទទួល​អតិថិជន​មក​ចុះឈ្មោះ​និង​រៀន​បើកបរ​ដើម្បី​បាន​ប័ណ្ណបើកបរ​រថយន្ត​តូច ធំ​មានការ​កើនឡើង​។​បើ​ពីមុន​មានតែ​២​ទៅ​៣​នាក់​ប៉ុណ្ណោះ​។​គឺ​១​ខែ​អាចមាន​ពី​១២០​ទៅ​១៥០​នាក់​ដែល​តាម​ធម្មតា​មានតែ​៣០​ទៅ​៥០​នាក់​ប៉ុណ្ណោះ​ក្នុង​១​ខែៗ ។​

​អ្នកស្រី​បន្តថា​ជាមួយគ្នា​នោះ​អ្នក​មក​ស្នើ​តាមរយៈ​សាលារៀន​បើកបរ​ដើម្បី​បញ្ជូនទៅ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ផងដែរ​។​បន្ថែម​លើ​នោះ​ម្ចាស់​និង​អ្នកបើកបរ​ម៉ូតូ​ក៏​មក​ស្នើសុំ​ចុះឈ្មោះ​ចូលរៀន​បើកបរ​និង​ដើម្បី​បាន​ប័ណ្ណបើកបរ​ផងដែរ​។​ប៉ុន្តែ​សាលា​បាន​បង្វែរ​ទៅសុំ​រៀន​នៅ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​វិញ​។​នៅ​ខេត្តបន្ទាយមានជ័យ​មាន​សាល​រៀន​បើកបរ​៥​សាលា​និង​នៅ​ក្រុង​ប៉ោយប៉ែត​មាន​សាលា​។​សាលា​ទាំងនេះ​មាន​សាខា​នៅតាម​ស្រុក​មួយចំនួន​។​

​លោក​គឹម​សុវណ្ណ​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៦​ខែឧសភា​ថា​៖​ពិត​ជាមាន​ម្ចាស់​និង​អ្នកបើកបរ​យានយន្ត​មក​ចុះឈ្មោះ​ចូលរៀន​បើកបរ​និង​ដើម្បី​បាន​ប័ណ្ណបើកបរ​តាម​សាលា​បើកបរ​ឯកជន​។ នៅ​មន្ទីរ បាន​មមារ​ញឹក​លើ​ការស្នើសុំ​ធ្វើ​ស្លាក​លេខ ការបំពេញ​បែបបទ​ផ្សេងៗ​ទាក់ទិន​យានយន្ត ។

​ក្នុងនោះ​នៅ​មន្ទីរ​ក៏មាន​អ្នកស្នើសុំ​ប្តូរ​ប័ណ្ណបើកបរ សុំ​ធ្វើ​ឈៀក​សុំ​កាត់ឈ្មោះ​ផងដែរ​។​ប៉ុន្តែ​ដោយសារ​អំឡុងពេល​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​និង​ផាកពិន័យ​ច្រើនដង​។​ពីថ្ងៃ​ទី​១​ឧសភា​មកនេះ​ចំ​ថ្ងៃ​ឈប់សម្រាក​ទើប​មិនទាន់មាន​អ្នក​មក​ស្នើសុំ​និង​បំពេញបែបបទ​ដូចខាងលើ ។​លុះដល់ ថ្ងៃ​ធ្វើរ​ក៏មាន​អ្នក​ក្នុង​សមាសភាព​ខាងលើ​បានមក​កកកុញ ។​

​សូមបញ្ជាក់ថា​នគរបាល​ច​រារ​ចរណ៍​នៅ​ទូទាំងប្រទេស​កម្ពុជា​បាន​ចុះ​ចាត់ការ​ផាកពិន័យ​លើ​អ្នក​ល្មើស​ច្រើន​ដងគុណ​នឹង​មុនៗ​តាមរយៈ​ការអនុវត្ត​អនុក្រឹត្យ​លេខ​៣៩​ស្តីពី​ការផាកពិន័យ​អន្តរ​ការ​ចំពោះ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ពីថ្ងៃ​ទី​១​ខែឧសភា​ឆ្នាំ​២០២០​មក​។​ការអនុវត្ត​នេះ​ក្នុង​គោលដៅ​ពង្រឹង​ការអនុវត្ត​ច្បាប់​និង​រក​ចំណូល​កើនឡើង​ជូន​មន្ត្រីនគរបាល​ចរាចរ​ណ៍​ផ្លូវគោក​ហើយ​មិនទាន់មាន​តម្រុយ​ថា​ត្រូវ​ផ្អាក​ឬ​ព្យួរ​នោះទេ ។​

​បើទោះបីជា​ត្រូវបាន​ពលរដ្ឋ​និង​សាធារណជន​បាន​ស្មើ​សុំ​ហើយ​រិះគន់ថា​មិនគួរ​អនុវត្ត​ក្នុង​កាលៈទេសៈ​ពលរដ្ឋ​និង​មន្ត្រី​កំពុងមាន​ទុក្ខ​វិបាក​ស្រាប់​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក៏ដោយចុះ ៕S/

​រូបថត​៖​អ្នកស្រី​សេង​គឹម​ថា​ទទួល​ចុះឈ្មោះ​ចូលរៀន​បើកបរ​កើនឡើង​នៅ​សាលារៀន​បើកបរ​និម្មិត​មានជ័យ​នៅ​ក្រុង​សិរីសោភ័ណ​(​រូប​៖ ភ្នំ​ស្វាយ )

២៖ ម្ចាស់​និង​អ្នកបើកបរ​យានយន្ត​សម្រុក​កកកុញ​ទៅធ្វើ​ពន្ធ រួច​ធ្វើ​លេខ ប្តូរ​លេខ កាត់ឈ្មោះ សុំ​ធ្វើ​ឈៀក​នៅ​ម​ន្ទិ​រ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ (​រូប​៖ ភ្នំ​ស្វាយ )​