ឆ្មា​ចិញ្ចឹម​ក្លាយជា​ឆ្មា​ដំបូងបង្អស់​នៅ​បារាំង ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​

299
ចែករម្លែក

​ឆ្មា​ចិញ្ចឹម​មួយ​ក្បាល​បាន​ក្លាយជា​ឆ្មា​ដំបូងបង្អស់​នៅ​ប្រទេស​បារាំង​ដែល​ឆ្លង​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ កាលពីពេល​ថ្មីៗ​នេះ ដោយសារតែ​បែបនេះ ក្រុម​បសុពេទ្យ ឬ​ពេទ្យសត្វ​បាន​ណែនាំ​ឱ្យ​មនុស្ស​ចៀសវាង​ការប៉ះពាល់​សត្វ​ចិញ្ចឹម​ដោយផ្ទាល់​តាម​ដែល​អាចធ្វើ​ទៅបាន​។​
​ ​
​ករណី​ឆ្លង​នេះ​ត្រូវបាន​បញ្ជាក់​កាលពី​ថ្ងៃ​សៅរ៍ ទី​០២ ខែឧសភា ដោយ​ផ្នែក​ស្រាវជ្រាវ​មេរោគ​នៃ “​សាលា​ជាតិ​បសុព្យាបាល អាល់​ហ្វ​ត​” (Alfort National Veterinary School) ដែលមាន​ទីតាំង​ស្ថិត នៅក្រៅ​ក្រុងប៉ារីស​។
​ ​
​ក្រុមគ្រូពេទ្យ​នៅ​ទីនោះ​បានធ្វើ​តេស្ត​លើ​ឆ្មា​ចិញ្ចឹម​ប្រហែល​១០​ក្បាល​ដែល​បាន​ប៉ះពាល់​ផ្ទាល់ ជាមួយ​ម្ចាស់​ដែល​ជាប់​សង្ស័យថា​ឆ្លង​វីរុស​កូ​វីដ​-១៩​។ ទីភ្នាក់ងារ​ជាតិ​សុខាភិបាល ANSES ក៏បាន​ធ្វើការ​លើ​រឿងនេះ​ដែរ​។​
​ ​
​គេ​ជឿថា ឆ្មា​នេះ​បាន​ឆ្លង​វីរុស​កូ​វីដ​-១៩ ពី​ម្ចាស់​ទាំងពីរ​នាក់​របស់​វា​ដែល​បានធ្វើ​តេស្ត​វិជ្ជមាន វីរុស​ដ៏​គួរឱ្យខ្លាច​នេះ​។

​សូមបញ្ជាក់ថា ប្រទេស​បារាំង សហរដ្ឋ​អាម៉េរិក ហុងកុង និង​បែលហ្ស៊ិក សុទ្ធ​តែមាន​ករណី​ឆ្មា ឆ្លង​វីរុស​កូ​វីដ​-១៩​។ ទោះជា​យ៉ាងណា ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​អះអាងថា​ឆ្មា​មិនអាច​ចម្លង​វីរុស​នេះ ទៅ​មនុស្ស​ឡើយ​៕ ប្រែ​សម្រួលៈ ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម