វេហា​, វិហារ​, វិស្សកម្ម​, វិស្វករ​, វិសម​, រវះរវាម​, រាបសា​, ដោះសា​, សង្សារ​, ប៉ុន​

246
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​វេហា –​ហ៊ា បា​.; សំ​. ( ន​. ) (​វេហាស “​ប្រទេស​ជាទី​រីករាយ​នៃ​ពួក​បក្សី​”; វិ​ហ​, វិហា​, វិហា​យស៑​) អាកាស​, មេឃ : កណ្តាល​វេហា​, ព្ធដ៏​វេហាស៍ (​ច្រើន​ប្រើ​ក្នុង​កាព្យ​) : អាកាសយាន ទើបតែ​កើតមាន សម័យ​ជាន់ក្រោយ ហោះ​ខ្ពស់​អណ្តែត ត្រសែត​លឿនលយ ទទឹង​បណ្តោយ កណ្តាល​វេហា ។ វេហាសនិន្នាទ (–​ហា​-​សៈ​និ​ន​-​នាត​) សូរសព្ទ​កងរំពង​ឬ​គគ្រុម​គគ្រេង​ក្នុង​អាកាស (​សូរផ្គរ​ឬ​សូរ​រន្ទះ​) ។​ល​។

​វិហារ –​ហ៊ា សំ​. បា​. ( ន​. ) ការ​នៅ​, ការ​នៅ​អាស្រ័យ ។ លំនៅ​, កុដិ​ធំ​, ទីវ​ត្ត (​ទាំងមូល​) សម្រាប់​ពួក​បព្វជិត​ពុទ្ធសាសនិក ។ ខ្មែរ​ហៅ​តាម​ទម្លាប់ ចំពោះតែ​ឧបោសថាគារ (​រោង​ឧបោសថ៍​) ថា “​វិហារ​” : សង់​វិហារ​, បុណ្យ​ឆ្លងវិហារ ។ វិហារកម្ម (–​ហា​រៈ​ក័​ម​) ការ​សាង​វត្ត​; ការធ្វើ​វិហារ ។​

​វិស្សកម្ម វិះ​-​សៈ​ក័​ម បា​.; សំ​. ( ន​. ) (​វិ​ឝ្វ​ក​ម៌​ន៑ < បា​. វិ​ស្ស​, សំ​. វិ​ឝ្វ “​ទាំងអស់​, ទាំងមូល​, សព្វគ្រប់​, គ្រប់មុខ​, គ្រប់យ៉ាង​; ទួទៅ​” + បា​. កម្ម​, សំ​. ក​ម៌​ន៑ “​អំពើ​, កិច្ចការ​”) អ្នកធ្វើ​កិច្ចការ​បាន គ្រប់យ៉ាង ។ នាម​ទេវបុត្រ​អ្នកមាន​ចំណេះ​ខាង​ការ​ជាង​ជា​អ្នកសម្រេច​កិច្ចការ​គ្រប់យ៉ាង​ថ្វាយ ព្រះឥន្ទ្រ : ព្រះ​វិស្សកម្ម ឬ ព្រះ​វិស្សកម្ម​ទេវបុត្រ ។ ប្រើ​ក្លាយជា វិស្សុកម្ម ក៏មាន​, គួរ​លែង​ប្រើ (​ម​. ព​. វិស្វករ និង ពិស្ណុការ ផង​) ។

​វិស្វករ វិះ​-​ស្វៈ​ក សំ​. ស​. ( ន​. ) (​វិ​ឝ្វ “​ទាំងអស់​, ទាំងមូល​; ទួទៅ​; គ្រប់មុខ​, សព្វគ្រប់​, គ្រប់យ៉ាង​” + ករ “​ធ្វើ​; អ្នកធ្វើ​”) អ្នកធ្វើការ​ទួទៅ ។ ប្រើ​ដោយ​សន្មតិ​សំដៅ​សេចក្ដី​ចំពោះ “​អធិបតី​អ្នកសម្រេច ការ​ហត្ថកម្ម​ទួទៅ​និង ការ​បច្ចេកទេស​ផ្សេងៗ មានការ​សង់ផ្ទះ​, សង់ស្ពាន​, លើកថ្នល់​, ធ្វើ​ផ្លូវ​ជាដើម សម្រាប់​រាជការ​គ្រប់​ប្រទេស (​បារ​. អ័ង​ហ្ស៊េ​នី​ញើ​រ lngénieur)” : សញ្ញាបត្រ​វិស្វករ​; ទី​វិស្វករ​; វិស្វករ​ក្រសួង​សាធារណការ​… (​ម​. ព​. វិស្សកម្ម និង ពិស្ណុការ ផង​) ។

​វិសម –​សៈម៉ៈ សំ​. បា​. ( គុ​. ) ដែល​មិន​ស្មើ​, មិន​រាប​, មិន​រាបទាប​, ដែល​ខ្ពស់ៗ​ទាបៗ (​ព​. ផ្ទ​. សម​) ។ វិសមចិត្ត ចិត្ត​មិន​ស្មើ​; ចិត្ត​មិន​ដូចគ្នា (​ព​. ផ្ទ​. សមចិត្ត​) ។ វិសមដ្ឋាន ទី​មិន​រាប​, មិន​ស្មើ ។ វិសមភាគ ភាគ​ឬ​ចំណែក​មិន​ស្មើគ្នា ។ វិសមភាព ភាព​ឬ​បែប​មិន​ស្មើគ្នា ។ វិសមវាត ខ្យល់​មិន​ស្មើ​, ខ្យល់​បក់​ឬ​រត់​មិន​ស្មើ ។​ល​។

​រវះរវាម ( កិ​. ) សង្វាត​ខាង​តែ​ស៊ី : កុំ​រវះរវាម​ពេក ! ។ កិ​. វិ​. ស៊ី​រឡិបរឡប់ : ស៊ី​រវះរវាម ។ គុ​. ដែល​ល្មោភ​ខាង​ស៊ី នេះហើយ​នោះ​ទៀត​ឥតបើគិត ឬ​ដែល​ស៊ី​រឡិបរឡប់​ឃ្មមៗ ឃ្មា​មៗ ឥត​អៀនខ្មាស : មនុស្ស​រវះរវាម ។ ព​. ប្រ​. ដែល​ល្មោភ​ខាង​កាមគុណ : មនុស្ស​រវះរវាម​កាម​។

​រាបសា ( គុ​. ) ដែល​មិន​ប្លែក​ពី​គេ​, យ៉ាង​អ​ណ្ដា​ល​, សាមញ្ញ : មនុស្ស​រាបសា​, សម្ដី​រាបសា​, របស់​រាបសា ។

​ដោះសា ( កិ​. ) រ៉ាយរ៉ាប់​, រៀបរាប់​, បូរបាច់​, សា​ដំណើរ​, សាទុក្ខ​, សាទោស : វា​បានមក​ដោះសា រួចហើយ​, និយាយ​ដោះសា ។

​សង្សារ សង់សា សំ​. បា​. ( ន​. ) (​សំសារ​) ដំណើរ​អន្ទោល​ទៅមក​, ដំណើរ​អន្ទោលកើតស្លាប់ មិន​ឈប់​មិន​ស្រាក : សង្សារ​របស់​ពួក​ពាល វែងឆ្ងាយ​ឥត​អ្វី​ប្រៀប ។ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា “​ស្ត្រី​ជា​គូ​កំសត់​; ស្ត្រី​ជា​សហាយស្មន់​” ក៏មាន : ស្រី​នុ៎ះ​ជា​សង្សារ​របស់គេ ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម សព្ទ​ដទៃ ដូចជា : សង្សារចក្រ ដំណើរ​អន្ទោលកើតស្លាប់ៗ កើត​វិញ​ដូចជា​កង់ ។ សង្សារទុក្ខ ទុក្ខ​ក្នុង​សង្សារ​, ទុក្ខ​ព្រោះ​ដំណើរ​អន្ទោលកើតស្លាប់ ។​

​ប៉ុន ( និ​. ) ស្មើ​, ដូច​, មិន​លើសខ្វះ​ពីគ្នា : ប៉ុនណា ?, ប៉ុនគ្នា​, ប៉ុនកដៃ ។ ភ្ញាក់​ប៉ុន​គេ​ចោល គឺ​ភ្ញាក់​ព្រើត ដូច​គេ​ចោល​ដុំ​អ្វីមួយ​ប៉ះ​ត្រូវ​ខ្លួន ។ ប្រើ​ជា គុ​. ក៏មាន : មាន​ទំហំ​ប៉ុនគ្នា ។ គ្រាមភាសា ប្រើ​ក្លាយជា ប៉ិន (​ម​. ព​. នោះ​) ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ