បឹង​តា​មោក​ទៀតហើយ​! តែ​លើក​នេះ​មិនមែន​កាត់​ឱ្យ​ដូច​មុន​ទេ​

730
ចែករម្លែក

ដោយ​: ប​.​ខុន / ភ្នំពេញ​: បឹង​តា​មោក​ទៀតហើយ តែ​លើក​នេះ​មិនមែន​កាត់​ឱ្យ​ដូច​មុន​ទេ គឺ​ហាម​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន​មួយ​ទីតាំង​ដី​ទំហំ​៥១.២៣​ហិកតា ស្ថិតនៅ​ក្បែរ​បឹង​តា​មោក សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​ក្រសួងយុត្តិធម៌ ត្រូវអនុវត្ត​តាមច្បាប់​ចំពោះ​ឈ្មោះ​សោម សុខ​រ៉ា​ឌី​។​

​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ជម្រាប​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ តាមរយៈ​លិខិត​លេខ​៤៧៥ សជណ ដប​ចុះ​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០២០​ថា រាជរដ្ឋាភិបាល​មិន​ចុះបញ្ជី​ផ្តល់​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន​មួយ​ទីតាំង​ដី​ទំហំ​៥១.២៣​ហិកតា ស្ថិតនៅ​ក្បែរ​បឹង​តា​មោក សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដោយ​ទីតាំង​ខាងលើ​ជា​ដី​សាធារណ​របស់​រដ្ឋ​។​

​នៅក្នុង​លិខិត​ជូនដំណឹង​ដែល​ចុះហត្ថលេខា ដោយ​លោក ឈួន សុធី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ​បាន​សរសេរ​ទៀតថា ក្រសួងយុត្តិធម៌​ត្រូវអនុវត្ត​តាមច្បាប់​ចំពោះ​ឈ្មោះ សោម សុខ​រ៉ា​ឌី ដើម្បី​ចៀសវាង​បុគ្គល​នេះ ធ្វើ​សកម្មភាព​ដដែលៗ នាំឱ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​លើ​វិស័យ​ឯកជន​។​

​សេចក្តីជូនដំណឹង​ខាងលើ​បាន​ធ្វើឡើង​ដោយយោង​លិខិត​លេខ ៦៨០​ដន ស អសដ​ភ ចុះ​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២០ របស់​ក្រសួង​រៀបចំ​ដែនដី​នគ​រូប​នី​យ កម្ម​និង​សំណង់ និង​ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​១៦​ខែមេសា​ឆ្នាំ ២០២០​។​

​គួរ​រំលឹក​ឱ្យដឹងថា បឹង​តា​មោក​(​បឹង​កប់​ស្រូវ​) ត្រូវបាន​កំណត់ដោយ​អនុក្រឹត្យ​លេខ​២០ អនក្រ បក​ចុះ​ថ្ងៃទី​៣ ខែកុម្ភៈ​ឆ្នាំ​២០១៦​មាន​ទំហំ​៣,២៣៩.៧​ហិកតា និង​ត្រូវបាន​កាត់ចេញ​ជា​បន្តបន្ទាប់ តាម​តម្រូវការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដូចជា​កាត់​ផ្ទៃ​បឹង​នេះ​ទំហំ​៣០​ហិកតា​ផ្តល់ជូន​លោកស្រី គឹម ហ៊ាង ជា​ថ្នូរ​ជាមួយនឹង​ទីតាំង​ផ្សេង​របស់​សាលា​រាជធានី កាត់​ផ្ទៃ​បឹង​ទំហំ​៨៣​ហិកតា សម្រាប់​បង្កើត​សួន និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ នាយកដ្ឋាន​កណ្តាល​សន្តិ​សុខ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួងមហាផ្ទៃ​និង ចំនួន​២០​ហិកតា សម្រាប់​សាងសង់​ផ្សារ​ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ និង​ជា​ចំណតរថយន្ត នៅ​រាជធានី​ភ្នំពេញ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម