តំណាង​ចិន​នៅ​អង្គការ​សហប្រជាជាតិ ៖ ” ប្រយុទ្ធ​ប្រឆាំង​វីរុស មុន​ពេល​ស៊ើបអង្កេត​ប្រភព​ដើម​របស់​វា​”

200
ចែករម្លែក

​ឯកអគ្គរដ្ឋទូត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៦​ឧសភា​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា ប្រទេស​ចិន​នឹង​មិន​អញ្ជើញ​ក្រុម​អ្នកជំនាញ អន្តរជាតិ​​ឱ្យ​ស៊ើបអង្កេត​ប្រភព​នៃ​ជំងឺ​កូវី​ដ​១៩ ទេ រហូតដល់​” មាន​ជ័យជម្នះ​ចុងក្រោយ លើ​វីរុស​នេះ​”​។​

​ឯកអគ្គរដ្ឋទូត​លោក​ចេន​ស៊ូ បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​សន្និសីទ​កា​សែ​តាម​អន​ឡាយ​ថា អាទិភាព​របស់​ប្រទេស​ចិន​គឺ​ទីមួយ ប្រយុទ្ធ​ជំងឺ​រាតត្បាត​នេះ ហើយ​ទី ២​គឺ​ប្រឆាំង​នយោបាយ​​មិន​សម​ហេតុផល​និង​គួរឱ្យ​អស់សំណើច​របស់​សហរដ្ឋ​អាមេរិក​អំពី​វីរុស​នេះ​។​

​ការលើកឡើង​បែប​នេះ ស្របពេល​ដែល អង្គការ​សុខភាព​ពិភពលោក​(WHO)​និយាយថា ខ្លួន​កំពុង​រង់ចាំ​ការអញ្ជើញ​ពី​ប្រទេស​ចិន​ឱ្យ​ចូលរួម​ក្នុង​ការស៊ើបអង្កេត​របស់​ខ្លួន​លើ​ប្រភពដើមស​ត្វ​បង្ក​​វីរុស​នេះ​ដែល​ត្រូវបាន​រាយការណ៍​ជា​លើកដំបូង​នៅ​ក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ខែ​ធ្នូ​។​

​នៅពេល​ត្រូវ​បាន​សួរថា តើ​ពេល​ណា​អង្គការ​សុខភាព​ពិភពលោក​រំពឹងថា​នឹង​មាន​ការអញ្ជើញ​នោះ​លោក​ស៊ូ បាន​ឆ្លើយតប​ថា អាទិភាព​ចម្បង​សម្រាប់​ពេល​នេះ​គឺ​ផ្តោតលើ​ការប្រយុទ្ធប្រឆាំង​​រោគរាតត្បាត​នេះ រហូត​ដល់​យើង​ទទួលបាន​ជ័យជម្នះ​ចុងក្រោយ​។​

​លោក​បាន​និយាយថា វា​មិនមែន​មានន័យថា​យើង​មិន​ចង់​ធ្វើការ​ការស៊ើបអង្កេត​ឬ​ការវាយតម្លៃ​ណាមួយ​នោះ​ទេ ពីព្រោះ​វា​អាច​ជួយ​ដល់​កិច្ច​ខំប្រឹងប្រែង​អន្តរជាតិ​ដើម្បី​ត្រៀម​សម្រាប់​ភាពអាសន្ន​​សុខភាព​សាធារណៈ​នៅពេល​អនាគត​។​

​លោក​បាន​និយាយថា “​សម្រាប់​ថា​តើ​ការអញ្ជើញ​នឹង​ត្រូវ​ធ្វើ​ឡើង​យ៉ាង​ណា​នោះ យើង​ចាំបាច់​ត្រូវមាន​ការកំណត់​អាទិភាព​ត្រឹមត្រូវ​នៅពេលនេះ​ហើយ​ម្យ៉ាងវិញទៀត យើង​ត្រូវការ​បរិយាកាស​ដែល​សមស្រប​​និង​ត្រឹមត្រូវ​។​

​លោក​បាន​និយាយ​បន្តថា បរិយាកាស​ត្រូវបាន​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ការចោទប្រកាន់​តាមបែប​ហេតុផល​នយោបាយ​ប្រឆាំង​ប្រទេស​ចិន​។​

​ទោះ​យ៉ាងនេះក្តី លោកស្រី​ម៉ា​រៀ វ៉ាន់ កឺ​ខូវ ប្រធាន​បច្ចេកទេស​របស់​អង្គការ​សុខភា​ពពិភពលោក​ប្រ​ឆាំង​កូ​វីដ​១៩​បាន​និយាយ​នៅពេល​ក្រោយ​មក​ថា ការស៊ើបអង្កេត​ត្រឹមត្រូវ​មួយ​គឺ ” សំខាន់​ចាំ​​បាច់ ” ។​

​លោកស្រី​បាន​និយាយ​ប្រាប់​នៅ​សន្នីសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា​”​ការ​មិន​ដឹង​ថា​ប្រភពដើម​សត្វ​នេះ​ចេញមក​ពី​ណា​នោះ​វា​ពិបាក​សម្រាប់​ពួកយើង​ក្នុង​ការស្វែងរក​និង​ការពារ​វា​​កុំឱ្យ​វា​កើតឡើង​ម្តងទៀត ។​

​លោកស្រី​បាន​និយាយថា កិច្ចពិភាក្សា​កំពុង​បន្ត​ធ្វើ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អំពី​បេសកកម្ម​មួយ ដែល​នឹង​ផ្តោត​លើ​អ្វី​ដែល​បាន​កើត​ឡើង​តាំងពី​ដំបូង​មក​មក​នោះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​លោក ចេន​ស៊ូ ឯកអគ្គរដ្ឋទូត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​

ទីតាំងផ្សាយពាណិជ្ជកម្ម