WHO ៖ តេស្តវិជ្ជមានសម្រាប់អ្នកជំងឺកូវីដ១៩ដែលជាសះស្បើយ មិនមែនដោយសារឆ្លងមេរោគម្តងទៀតនោះទេ

283
ចែករម្លែក

អង្គការសុខភាពពិភពលោក (WHO) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃពុធទី ៦ ឧសភាថា អ្នកជំងឺកូរ៉ូណា ដែលគេប្រកាសជាសះស្បើយហើយក្រោយមកបែរជាតេស្តវិជ្ជមានជំងឺនេះម្តងទៀត គឺនៅកំពុងបណ្តេញកោសិកាសួតងាប់ជាជាងឆ្លងជំងឺនេះជាថ្មី។

មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបានរាយការណ៍ថាមានករណីបែបនេះជាង ១០០ ក្នុងខែមេសា ដោយនាំឱ្យមានការព្រួយបារម្ភថា អ្នកជំងឺដែលបានជាសះស្បើយអាចនឹងឆ្លងជំងឺនេះសាជាថ្មី។

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកបានប្រាប់ AFP ថា “យើងដឹងថាអ្នកជំងឺមួយចំនួនបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីពួកគេបានជាសះស្បើយ” ដោយមិនបានយោងទៅលើករណីនៅកូរ៉េខាងត្បូងនោះទេ។

អ្នកនាំពាក្យរូបនោះបន្តថា “ពីអ្វីដែលយើងដឹងនាពេលបច្ចុប្បន្ននេះនិងផ្អែកលើទិន្នន័យថ្មីៗនេះ វាហាក់ដូចជាអ្នកជំងឺទាំងនោះកំពុងបញ្ចេញកាកសំណល់ដែលនៅសេសសល់ចេញពីសួត ដែលជាផ្នែកមួយនៃដំណាក់កាលជាសះស្បើយ”។

ការសិក្សាស្រាវជ្រាវបានបង្ហាញថាមនុស្សដែលឆ្លងកូវីដ១៩បានបង្កើតអង្គបដិប្រាណ ដែលចាប់ផ្តើមពីមួយសប្តាហ៍ឡើងទៅ ក្រោយពេលឆ្លងជំងឺនេះ។

ប៉ុន្តែអ្នកជំនាញនិយាយថានៅមិនទាន់ច្បាស់ទេថាតើរាងកាយបង្កើតប្រព័ន្ធភាពស៊ាំគ្រប់គ្រាន់ដើម្បីការពារការវាយប្រហារថ្មីដោយវីរុសកូរ៉ូណាឬប្រសិនបើវាអាចការពារបានមែន តើភាពស៊ាំបែបនោះនឹងមានរយៈពេលយូរប៉ុនណា។

យោងតាមអង្គការសុខភាពពិភពលោក (WHO) ចំពោះអ្នកជំងឺដែលជាសះស្បើយហើយតេស្តវិជ្ជមាននៅប៉ុន្មានសប្តាហ៍ក្រោយ គឺចាំបាច់ត្រូវមានការស្រាវជ្រាវបន្ថែមទៀត៕ ដោយ៖ កញ្ញាដាលីស

បុគ្គលិកពេទ្យបង្ហាញសំណាកសម្រាប់ធ្វើតេស្តរកកូវីដ១៩នៅមន្ទីរពេទ្យមួយនៅទីក្រុងលីកនៃប្រទេសបែលហ្ស៊ិក

ទីតាំងផ្សាយពាណិជ្ជកម្ម