ប្រមុខ​អាជ្ញាធរ​កីឡា​៖ ការប្រកួត​កីឡា​ជាតិ មិនអាច​និយាយ​ទុក​មុន​ថា លើក​ពេល ឬ​លុបចោល​នោះទេ​

229
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ប្រមុខ​អាជ្ញាធរ​កីឡា​គឺ លោក អ៊ុក សិទ្ធិ​ជាតិ ដែលជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា បាន​បញ្ជាក់ថា មកទល់ពេលនេះ លោក​នៅ​មិនទាន់ ហ៊ាន​កំណត់ថា តើ​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំនេះ នឹងត្រូវ​បន្ត​លើក​ពេល ឬក៏​ត្រូវ​លុបចោល នោះទេ​។​

​លោក​បាន​បញ្ជាក់ថា កូ​វីដ ១៩ វា​មិនមែនជា​រឿង​របស់​កម្ពុជា តែម្នាក់ឯង​នោះទេ តែ​វា​ជា​បញ្ហា​ជា​កង្វល់ របស់​ពិភពលោក​ទាំងមូល ។ ការប្រកួត​បាល់ទាត់ ជម្រុះ​ពិភពលោក ការប្រកួត​កីឡា​អូឡាំពិក ឆ្នាំ​២០២០ នេះ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក៏ត្រូវ​លើក​ពេល​ប្រកួត​ដែរ ។ ពេលនេះ អ្វីៗ ដែល​ពិភពលោក កំពុងតែ​គិត​នោះ​គឺ កូ​វីដ ១៩ នេះ តែម្ដង ។ នេះ​នៅ​មិនទាន់​និយាយ ពី​ការប្រកួត​ជើងឯក​នានា ដែល​សហព័ន្ធ​តំបន់​ទ្វីប ឬ ពិភពលោក ត្រូវ​លើក​ពេល ឬ លុបចោល​នោះឡើយ ។​

ការប្រកួត​កីឡា​ជាតិ កន្លងមក​

​ការប្រកួត​កីឡា​ជាតិ គឺជា​យុទ្ធសាស្ត្រ របស់​កម្ពុជា សម្រាប់​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ។ កម្ពុជា ត្រូវការ​នូវ​ការប្រកួត ដែលមាន​ទម្រង់​ជា​ហ្គេម​នេះ ព្រោះ​វា​ជួយ​បង្រៀន ដល់​មន្ត្រី​សហព័ន្ធ​ជាតិ ឲ្យ​ចេះ​ធ្វើការ​ជា​ក្រុម ឲ្យ​ចេះ​រៀបចំ​ការប្រកួត ឲ្យ​មានគំនិត​បណ្ដុះបណ្ដាល នូវ​មន្ត្រី​នានា ដែល​ពាក់ព័ន្ធ ជាមួយ​ការប្រកួត ។​

​តាម​ការគ្រោងទុក ការប្រកួត មាន​ជាង ៣០ ប្រភេទ​កីឡា ។ ដោយ​កញ្ចប់​ថវិកា នូវ​រក្សាទុក​ដដែល​នោះ ក្រសួង​អប់រំ យុវជន និង កីឡា មាន​គម្រោង​បន្ថែម នូវ​ប្រភេទ​កីឡា តែ​សុំ​ឲ្យ​សហព័ន្ធ​នានា បន្ថយ​នូវ​ចំនួន​វិញ្ញាសា ។​

​ទោះបី​អ្វីៗ ស្ថិតនៅ​ក្នុងការ​គិតទុក ក៏ដោយ តែ​ទាល់តែ​បញ្ហា​កូ​វីដ ១៩ នៅលើ​ពិភពលោក​នេះ លែង​ជា​កង្វល់ សម្រាប់​មនុស្សជាតិ ទើប​ការនិយាយ ពី​ការប្រកួត​កីឡា​ជាតិ នឹង​ច្បាស់លាស់​ឡើងវិញ ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម