ទាហានស៊ីឈ្នួលដែលគេចាប់បាន សារភាពផែនការចាប់ពង្រត់ប្រធានាធិបតីវ៉េណេស៊ុយអេឡាយកទៅសហរដ្ឋអាម៉េរិកតាមយន្តហោះ

674
ចែករម្លែក

យោធាវ៉េណេស៊ុយអេឡាបានរារាំងការប៉ុនប៉ងលុកលុយតាមជើងទឹកដោយទាហានស៊ីឈ្នួលប្រដាប់អាវុធធន់ធ្ងន់ចេញពីប្រទេសកូឡុំប៊ីនៅព្រឹកថ្ងៃអាទិត្យទី៣ឧសភា ដោយសម្លាប់អ្នកប្រយុទ្ធជាច្រើននាក់និងចាប់បានយ៉ាងហោចណាស់ជនជាតិអាម៉េរិកពីរនាក់ក្នុងចំណោមអ្នកប្រយុទ្ធជាច្រើននាក់ទៀត។ ចាប់តាំងពីពេលនោះមក ទាហានស៊ីឈ្នួលជាច្រើននាក់បានសុំចុះចាញ់ជាបន្តបន្ទាប់។

ទូរទស្សន៍វ៉េណេស៊ុយអេឡាបានចាក់ផ្សាយនូវចម្លើយសារភាពរបស់ទាហានស៊ីឈ្នួលអាម៉េរិកក្នុងក្រុមហ៊ុន Silvercorp USA គឺលោក លូក អាឡិចសាន់ឌ័រ ដេម៉ាន ដែលជាពលរដ្ឋអាម៉េរិកម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីការវាយឆ្មក់បរាជ័យកាលពីថ្ងៃអាទិត្យ។ យោងតាមទាហានស៊ីឈ្នួលរូបនេះ ផែនការវាយឆ្មក់គឺដើម្បីចាប់ពង្រត់ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោកនីកូឡាស ម៉ាឌូរ៉ូ យកគាត់ឡើងលើយន្តហោះ ហើយនាំគាត់ទៅសហរដ្ឋអាម៉េរិកដើម្បីធ្វើការកាត់ទោស។

និយាយទៅកាន់អ្នកសួរចម្លើយរបស់គាត់ ដេម៉ានបានពន្យល់ថា បេសកកម្មនេះគឺ “ដើម្បីជួបជាមួយជនជាតិវ៉េណេស៊ុយអេឡានៅកូឡុំប៊ី បណ្តុះបណ្តាលពួកគេ និង ទៅវ៉េណេស៊ុយអេឡាជាមួយពួកគេដើម្បីរំដោះទីក្រុងការ៉ាកាស​ រួចបន្ទាប់មកធានាសុវត្ថិភាពអាកាសយានដ្ឋាននៅទីនេះ”។

ដេម៉ានបាននិយាយនៅក្នុងបទសម្ភាសន៍ថា “ការណែនាំដែលខ្ញុំទទួលបានគឺធានាថាយើងបានគ្រប់គ្រងអាកាសយានដ្ឋានដើម្បីលោកម៉ាឌូរ៉ូឆ្លងកាត់ដោយសុវត្ថិភាព”។

ដេម៉ាននិយាយថា រូបគេបានហោះទៅកូឡុំប៊ីកាលពីថ្ងៃទី១៦មករា ក្រោយត្រូវបានទាក់ទងដោយនាយកប្រតិបត្តិក្រុមហ៊ុន Silvercorp USA លោក ចូដែន ហ្គោឌ្រូ។ ទាហានស៊ីឈ្នួលរូបនេះនិយាយថា ពីដំបូងគាត់មិនបានទទួលព័ត៌មានលម្អិតច្រើនទេអំពីបេសកកម្មរបស់គាត់ ហើយប្រាប់ថាគាត់រំពឹងទទួលបានប្រាក់ពី ៥០.០០០ ទៅ ១០០.០០០ ដុល្លារ។

ដេម៉ាន អតីតកងទ័ពពិសេសរបស់អាម៉េរិក ចង្អុលបង្ហាញថា មានមនុស្ស៦០ទៅ៧០នាក់បានចូលរួមក្នុងប្រតិបត្តិការលុកលុយនេះ ដោយបង្កើតជាក្រុមៗដែលមានគ្នា២០នាក់៕ ដោយ៖ កញ្ញាដាលីស

លូក អាឡិចសាន់ឌ័រ ដេម៉ាន លាតត្រដាងថាមានផែនការចាប់ម៉ាឌូរ៉ូទៅកាត់ទោសនៅសហរដ្ឋអាម៉េរិក

ទីតាំងផ្សាយពាណិជ្ជកម្ម