៨​នាក់​ស្លាប់ និង​រាប់រយ​នាក់​ចូល​ពេទ្យ​ដោយ​សារ​លិច​ធ្លាយ​ហ្គាស​នៅ​ឥណ្ឌា​

236
ចែករម្លែក

​មនុស្ស​យ៉ាង​ហោច​ណាស់​៨​នាក់​បាន​ស្លាប់ និង​រាប់រយ​នាក់​ធ្លាក់ខ្លួន​ឈឺ​ហើយ​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ ក្រោយ​មាន​ការ​លិច​ធ្លាយ​ហ្គាស​នៅ​ឥណ្ឌា​ខាងត្បូង​។​

​មន្ត្រី​មូលដ្ឋាន​នៅ​ក្រុង វី​សាខា​ប៉ាត​ណា​ម ក្នុង​រដ្ឋ​អាន់​ដ្រា ប្រា​ដែស បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​ឧសភា​ថា មនុស្ស​រាប់រយ​នាក់​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ ដោយ​ភាគច្រើន​ត្អូញ​អំពី​ក្រហាយ​ភ្នែក​​និង​ពិបាក​ដកដង្ហើម​។​

​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​ពាក់​កណ្តាលយប់ ឈានចូល​ថ្ងៃ​៧​ឧសភា​នៅ​រោងចក្រ LG Polymers ហើយ​ពួក​មន្ត្រី​បានអោយដឹងថា ហ្គាស​ដែល​លិច​ធ្លាយ គឺ ឧស្ម័ន​ស្ទីរីន ។​

​នៅពេល​ហ្គាស​សាយភាយ ពួក​អ្នកស្រុក​បាន​រត់​ចោលផ្ទះ​របស់​ពួកគេ​ទាំង​ភិតភ័យ ហើយ​ពួក​មន្ត្រី​បាន​ជម្លៀស​ប្រជាជន​នៅ​ជុំវិញ​កន្លែងកើតហេតុ​។​

​មន្ត្រី​ម្នាក់​បាន​និយាយថា ការព្យាយាម​គ្រប់គ្រង​ការ​លិច​ធ្លាយ​ហ្គាស​ដំបូង​បាន​បរាជ័យ​ហើយ​គេ​ចំណាយ​ពេល​ពីរ​បី​ម៉ោង​ទម្រាំ​សភាពការណ៍​វិល​មក​ស្ថានភាព​គ្រប់គ្រង​វិញ​បាន​។​

​ឥណ្ឌា​មាន​ប្រវត្តិ​លិច​ធ្លាយ​ហ្គាស​ដ៏​សោកនាដកម្ម ដោយ​នៅ​ឆ្នាំ​១៩៨៤ ការ​លិច​ធ្លាយ​ហ្គាស​នៅ​រោងចក្រ​គីមី​មួយ​នៅ​ក្រុង​បូ​ផល​បាន​សម្លាប់​មនុស្ស​រាប់ពាន់​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

ឧបទ្ទវហេតុ​លិច​ធ្លាយ​ហ្គាស​នៅ​រោងចក្រ LG Polymers​កាលពី​ថ្ងៃ​៧​ឧសភា

ទីតាំងផ្សាយពាណិជ្ជកម្ម