បន្ទាប់​ពី​អាម៉េរិក​គំរាម ចិន​និយាយ​ថា​ពន្ធគយ​មិន​គួរ​ត្រូវ​បាន​ប្រើ​ជា​អាវុធ​ទេ​

203
ចែករម្លែក

​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៦​ខែ​ឧសភា​ថា ពន្ធគយ​មិនគួរ​ត្រូវបាន​ប្រើ​ជា​អាវុធ​ទេ ។ ការលើកឡើង​បែប​នេះ បន្ទាប់​ពី​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់​ត្រាំ បាន​គំរាម​ថា​នឹង​ដាក់​ពន្ធ​​បន្ថែមទៀត នៅក្នុង​ការ​សងសឹក​ចំពោះ​របៀប​នៃ​ការដោះស្រាយ​របស់​ចិន​ចំពោះ​វីរុស​កូវី​ដ​១៩​។​

​លោកស្រី ហួរ ជុន​យី​ង អ្នកនាំពាក្យ​ក្រសួង​ការបទេស​ចិន បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​ថា​ជាទូទៅ​នោះ ពន្ធគយ​ប៉ះពាល់​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​លោកស្រី​បាន​និយាយថា ” ដូចនេះ​សហរដ្ឋ​អាម៉េរិក​គួរតែ​ឈប់​គិត​ថា ខ្លួន​អាច​ប្រើប្រាស់​ពន្ធ​គយ​ជា​អាវុធ​និង​ជា​ដំបង​ធំ​មួយ​សម្រាប់​បង្ខិតបង្ខំ​ប្រទេស​ដទៃ​ទៀត​នោះ​”​។​

​កាលពី​ថ្ងៃ​សុក្រ លោក ដូ​ណា​ល់ ត្រាំ​បាន​និយាយ​ថា​ការដំឡើង​ពន្ធគយ​លើ​ប្រទេស​ចិន​គឺ​ពិតជា​ជម្រើស​មួយ ស្របពេល​ដែល​លោក​ពិចារណា​លើ​វិធី​ដើម្បី​សងសឹក​ចំពោះ​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​។​

​វីរុស​នេះ​ត្រូវបាន​គេ​ដឹងឮ​ទូទៅ​ថា​បាន​ផ្ទុះ​ឡើង​ដំបូង​នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ​មុន​ហើយ​វា​បាន​ឆ្លង​រាលដាល​ពាសពេញ​ពិភពលោក ដោយ​ឆ្លង​ដល់​មនុស្ស​ប្រហែល​៣,៦ លាន​នាក់​និង​​បាន​សម្លាប់​មនុស្ស​ជាង ២៥៥.០០០ នាក់​។ នេះ​បើ​យោង​តាម​តូ​លេខ​ដែល​ទទួលបាន​ដោយ​សារព័ត៌មាន​Reuters ។​

​សហរដ្ឋ​អាម៉េរិក មាន​ករណី​ឆ្លង​វីរុស​ចំនួន​ជាង ១,២ លាន​នាក់​និង​មាន​មនុស្ស​ស្លាប់​ដោយសារ​វីរុស​នេះ ជាង ៧១.០០០ នាក់​។​

​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​ធ្លាក់ចុះ ៦,៨ ភាគរយ​នៅក្នុង​ត្រីមាស​ទី ១ ដោយសារ​ភាគច្រើន​នៃ​សកម្មភាព​សេដ្ឋកិច្ច​ត្រូវបាន​បញ្ឈប់​ដោយសារ​តែ​ការបិទ​ប្រទេស​ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​​នៃ​វីរុស​នេះ​ហើយ​វា​នឹង​ទទួលរង​ប៉ះពាល់​កាន់តែខ្លាំង ប្រសិនបើ​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បន្ថែមទៀត​។​

​លោកស្រី​ហួរ​បាន​ទទូច​ដល់​សហរដ្ឋ​អាម៉េរិក​កុំ​ព្យាយាម​បង្វែរ​ការយកចិត្តទុកដាក់​ពី​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ​របស់​ខ្លួន​ចំពោះ​ចំណាត់ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​ហើយ​បែរជា​ដាក់​ការ​​ស្តីបន្ទោស​មកលើ​ប្រទេស​ចិន​ទៅវិញ​នោះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

មន្ត្រី​ចិន​ព្រមាន​ថា ពន្ធគយ​ប៉ះពាល់​ដល់​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់​

ទីតាំងផ្សាយពាណិជ្ជកម្ម