ពលរដ្ឋរស់នៅជាយសង្កាត់ស្មាច់មានជ័យ ប្រឈមខ្វះទឹកស្អាតប្រើប្រាស់

242
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ ទោះបីជាមានការស្នើសុំផ្ទាល់មាត់ និងលាយលាក់ជាអក្សរជិត៤ឆ្នាំមកនេះក៏ដោយ ក៏ប្រជាពលរដ្ឋដែលកំពុងរស់នៅជាយៗសង្កាត់ស្មាច់មានជ័យនៅតែប្រឈមនឹងកង្វះទឹកស្អាតប្រើប្រាស់ ដោយពួកគាត់ទាមទារឱ្យអាជ្ញាធរមូលដ្ឋាន មន្ទីរឧស្សហកម្ម រដ្ឋបាលខេត្ត ជាពិសេសក្រុមហ៊ុនទឹកស្អាតខេត្តកោះកុងពន្លឿនការដោះស្រាយឱ្យឆាប់ៗផង។

បើធៀបនឹងពលរដ្ឋដែលរស់នៅតាមភូមិសង្កាត់មួយចំនួនចំចំណុចកណ្តាលទីក្រុងខេមរភូមិន្ទ ភាគច្រើនទទួលបានទឹកស្អាតជាច្រើនឆ្នាំមកហើយ នៅឡើយតែពលរដ្ឋរស់នៅជាយសង្កាត់ស្មាច់មានជ័យ និងសង្កាត់ស្ទឹងវែងប៉ុណ្ណោះដែលមិនទាន់មាន។

អ្នកស្រី ណេត សុភី ពលរដ្ឋរស់នៅភូមិបឹងឃុនឆាង និងអ្នកស្រី ម៉ែន សៀន ពលរដ្ឋរស់នៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ បានរៀបរាប់កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ថា ការគ្មានទឹកស្អាតប្រើប្រាស់នឹងគេ អាចរឿងធ្វើឱ្យប៉ះពាល់សុខភាព និងការរស់នៅប្រចាំថ្ងៃជាខ្លាំង ដោយតម្រូវឱ្យចំណាយថវិកាជាច្រើន ដើម្បីទិញទឹកបរិសុទ្ធ ទឹកដឹកជញ្ចូនតាមរថយន្ត មកដាំស្លម្ហូបអាហារ ងូត និងបោកគួកសម្លៀកបំពាក់។

តំណាងប្រជាពលរដ្ឋដដែល បញ្ជាក់ទៀតថា ទោះបីជាថ្មីៗនេះ មេឃភ្លៀងធ្លាក់ច្រើនគួរសមជិតដល់រដូវវស្សាអាចដោះស្រាយបានខ្លះក៏ដោយ ក៏ពួកគាត់នៅតែចិញ្ចឹមចិត្តចង់ប្រព័ន្ធបណ្តាញទឹកស្អាតភ្ជាប់ដល់ខ្នងផ្ទះ និងមិនចង់បន្តប្រើប្រាស់ទឹកគ្មានសុវត្ថិភាពតាមរយៈការបុកជីកអណ្តូង ទឹកភ្លៀង ឬទឹកតាមអូរព្រែកទៀតទេ។ ជាក់ស្តែង ពួកគាត់សាកល្បងជួលគេបុកអណ្តូងស្នប់ដែរ តែទឹកប្រើប្រាស់ទេ ព្រោះស្ថានភាពនៃទឹកប្រៃ ប្រើប្រាស់ការមិនបាន។

កន្លងទៅជាង៣ឆ្នាំមុន ពួកគាត់ធ្លាប់ស្នើសុំដល់អាជ្ញាធរភូមិសង្កាត់ក្រុង ជួយដោះស្រាយបញ្ហាទឹកស្អាតនេះដែរ តែក្តីសង្ឃឹមថា មានចាំទឹកស្អាតមកដល់ផ្ទះ ប្រែស្ងាត់ពុំលទ្ធផលសោះឡើយ។

គួរកត់សម្គាល់ថា ក្រៅពីពលរដ្ឋជាយៗក្នុងសង្កាត់ស្មាច់មានជ័យ ក៏មានដែលប្រជាពលរដ្ឋមួយចំនួនធំនៅសង្កាត់ស្ទឹងវែង ក៏ពុំទាន់មានបណ្តាញប្រព័ន្ធទឹកស្អាតតចូលទៅលំនៅ ឋានពួកគាត់ឡើយ។ រីឯលោក ញ៉ែម យី ចៅសង្កាត់រងស្មាច់មានជ័យ ឱ្យដឹងថា ពលរដ្ឋរស់នៅជាយៗសង្កាត់របស់លោកដែលកង្វះទឹកស្អាតប្រើមានជាង២០០០គ្រួសារ ក្នុងនោះមានភូមិស្មាច់មានជ័យ ភូមិបឹងឃុនឆាង និងភូមិ៣។ រាល់សំណើរបស់ពលរដ្ឋ គឺរូបគាត់បានបញ្ចូនទៅអាជ្ញាធរក្រុងអស់ហើយ ដោយរង់ចាំដំណោះស្រាយដូចគ្នា។

ទាក់ទិននឹងការស្នើសុំរបស់ពលរដ្ឋពីបញ្ហាទឹកស្អាត លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ លើកឡើងថា រូបលោកបានយកចិត្តទុកដាក់ខ្ពស់ពីសំណើសុំ និងសេចក្តីត្រូវការចង់បានរបស់ពលរដ្ឋ មិនថាតែទឹកស្អាត ផ្លូវថ្នល់ និងភ្លើងអគ្គិសនីនោះទេ។

យ៉ាងណាមិញ លោកក៏លើកយកបញ្ហាដែលមិនទាន់ដោះស្រាយទៅរដ្ឋបាលខេត្ត ប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុង មន្ទីរឧស្សហកម្ម និងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ធ្វើយ៉ាងណាសម្របសម្រួលពន្លឿនតភ្ជាប់បណ្តាញទឹកស្អាតជូនពលរដ្ឋរស់នៅជាយៗក្រុងដែលមិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់។

លោកអភិបាលក្រុងខេមរភូមិន្ទ ក៏រំលេចដែរថា បើតាមលោកដឹង កន្លងទៅ ខាងក្រុមហ៊ុនអនុវត្តគម្រោងតភ្ជាប់បានតិចតួចជាបណ្តើរៗហើយចំពោះភូមិដែលក្បែរទីក្រុង តែអនុវត្តបានកម្រិតណានោះទេ សុំឱ្យអ្នកសារព័ត៌មានទៅសួរខាងអាជ្ញាធរសង្កាត់។ ទន្ទឹមនោះ លោក សុវណ្ណដា នឹងខិតខំសម្របសម្រួលពន្លឿនដោះស្រាយបន្ថែមឱ្យអស់លទ្ធភាព។

លោក និទិឈោត កែវ ម៉ុងឃុន នាយករដ្ឋាករទឹកស្អាតប្រចាំខេត្តកោះកុង មិនអាចសុំការបកស្រាយពន្យល់បានទេពីដំណើរការអនុវត្តពង្រីកបណ្តាញទឹកស្អាតជូនពលរដ្ឋនៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា។

បច្ចុប្បន្ន ក្រុមហ៊ុនទឹកស្អាតនៅក្នុងក្រុងខេមរភូមិន្ទ មានយន្តការបើកបញ្ចេញផ្គត់ផ្គង់ចែកចាយទឹកស្អាតប្រើប្រាស់ដល់ប្រជាពលរដ្ឋមានកម្រិតពេលកំនត់ ក្រោមហេតុថា សន្សំសំចៃទឹករយៈពេលអំឡុងរដូវប្រាំងពេលជួបគ្រោះរាំងស្ងួតឆ្នាំ២០២០។

សម្រាប់ឆ្នាំ២០២០នេះ គិតចាប់តាំងពីខែមីនាមកដល់ខែឧសភា ស្ថានភាពកង្វះទឹកស្អាតចំពោះពលរដ្ឋដែលមានបណ្តាញទឹកស្អាតតាមខ្នងផ្ទះ ក៏ខ្វះទឹកប្រើប្រាស់ តែយ៉ាងណា ការកង្វះទឹកឆ្នាំនេះមិនធ្ងន់ធ្ងររហូតដល់ដឹកទឹកចែកចាយពលរដ្ឋដូចឆ្នាំ២០១៩ទេ។

លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ធ្លាប់និយាយឱ្យដឹងថា នៅឆ្នាំ២០២០ខេត្តកោះកុងនឹងមិនខ្វះខាតទឹកប្រើធ្ងន់ធ្ងរឡើយ ដោយសារថាក្រុមការងារជំនាញកំពុងពន្លឿនការសង់សាងទំនប់អាងស្តុបទឹកទុកនៅឯជ្រោះតាប៉នដែលសម្រេចបានជាង៧០ភាគរយ តាមរយៈសាង់ឃឿនទប់ទឹកលើសពីកម្ពស់ចាស់បន្ថែម១៥ម៉ែត្រទៀត។

ផ្ទុយមកវិញ សញ្ញាខ្វះទឹកនៅប្រឈមដដែល សម្រាប់ពលរដ្ឋត្រៀមបង្ការស្តុបទឹកទុកប្រើបន្ត៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម