មន្ត្រីជំនាញនិយាយពីការប្រទះឃើញត្រីសូល៍ សត្វអណ្តើកចម្លាក់នាគ និងថ្មគ្រីស្តាល់នៅប្រាសាទចំកណ្តាល ស្រះស្រង់

392
ចែករម្លែក
រូបថតៈការប្រទះឃើញត្រីសូល៍ សត្វអណ្តើកចម្លាក់នាគ និងថ្មគ្រីស្តាល់នៅប្រាសាទចំកណ្តាលស្រះស្រង់(អប្សរា)

ដោយៈបាយ័ន/សៀមរាបៈការដ្ឋានជួសជុលប្រាសាទកណ្ដាលស្រះស្រង់ ខាងត្បូងត្រូវក្រុមបុរាណវិទូកំពុងកំណាយស្រាវជ្រាវ បានប្រទះឃើញវត្ថុបុរាណចំនួន៤ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) សត្វអណ្តើក និងត្រីសូល៍ នានៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិស្រះស្រង់ ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

      តាមការបញ្ជាក់ពីលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរានៅព្រឹកថ្ងៃទី៧ខែឧសភាឆ្នាំ២០ ២០នេេះថា ចាប់តាំងពីផ្តើមកំណាយរហូតមកដល់ពេលនេះ ក្រុមការងារបានរកឃើញបុរាណវត្ថុជាច្រើនដែលស្ថិតនៅរាយប៉ាយលើដីជុំវិញទួលប្រាសាទ។ 

        ក្នុងនោះបុរាណវត្ថុចំនួន៤ប្រភេទដែលគេពុំធ្លាប់បានប្រទះឃើញនៅទីនេះមានជាអាទ៍៖ត្រីសូល៍ធ្វើពីលោហៈចំនួន២ ដែល ១ ទៀត នៅមានរូបរាងពេញ លេញ និង១ទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង។ ខ្វាតពណ៌ស (គ្រីស្តាល់?) ជាច្រើនគ្រាប់ ដូចធ្លាប់រកឃើញនៅក្នុងរណ្តៅកំណាយទីតាំងផ្សេងៗពីមុនដែរ និងបំណែកចម្លាក់ក្បាលនាគមួយធំដែលមួយផ្នែកធំកប់នៅក្នុងដីនៅឡើយ។

      ការរកឃើញសំណល់បុរាណវិទ្យាទាំងនេះ ក្រុមបុរាណវិទូ នៅមិនទាន់អាចសន្និដ្ឋានបានថាស្ថិតនៅក្នុងសម័យកាលណា គេដាក់ដើម្បីអ្វី និងមានអ្វីបន្ថែមទៀតនោះទេ ព្រោះទើបតែជាដំណាក់កាលដំបូងនៃការធ្វើកំណាយស្រាវជ្រាវ។ លទ្ធផលនឹងបង្ហាញច្បាស់លាស់ជាងនេះនៅក្រោយបញ្ចប់ការងារស្រាវជ្រាវ។ បើសិនជាមិនមានអ្វីរារាំង និងរំខានក្នុងអំឡុងពេលកំណាយកិច្ចការស្រាវជ្រាវនេះគ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល៦សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២៧ខែមីនា ឆ្នាំ២០២០មក។

    ក្នុងការរក្សាទុកដាក់វត្ថុបុរាណវិញ បានឱ្យដឹងថា បច្ចុប្បន្នដើម្បីរក្សាពីសុវត្ថិភាព ក្រុម ការងារបាននាំយកវត្ថុទាំងនោះមកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីជួសជុល សម្អាតនិងរក្សាទុក៕

រូបថតៈការប្រទះឃើញត្រីសូល៍ សត្វអណ្តើកចម្លាក់នាគ និងថ្មគ្រីស្តាល់នៅប្រាសាទចំកណ្តាលស្រះស្រង់(អប្សរា)

ទីតាំងផ្សាយពាណិជ្ជកម្ម