​ឆ្នាំនេះ​ទិន្នផល​ទុរេន​មានការ​កើនឡើង​តែ​តម្លៃ​ចុះថោក​

170
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ទោះបី​ឆ្នាំនេះ​ផល​ទុរេន​ខេត្តកំពត​មានការ​កើនឡើង​តែ​ម្ចាស់​ចម្ការ​ហាក់​ខកចិត្ត​ព្រោះ​តម្លៃ​បាន​ធ្លាក់​ចុះបើ​ប្រៀបធៀប​នឹង​បណ្តា​ឆ្នាំមុនៗ​។​

​លោក​ខាន់​វុទ្ធី​ម្ចាស់​ចម្ការ​ទុរេន​មួយកន្លែង​ស្ថិត​ក្នុងភូមិ​អណ្តូង​ខ្មែរ​សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​កំពត​បាន​រៀបរាប់​ថាបើ​ប្រៀបធៀប​នឹង​បណ្តា​ឆ្នាំ​កន្លងទៅ​ទុរេន​ឆ្នាំនេះ​ទទួលបាន​ផល​ច្រើន​រហូត​ស្ទើរ​នឹកស្មាន​មិន​ដល់​។

ប៉ុន្តែ​អ្វីដែល​ម្ចាស់​ចម្ការ​គ្រប់គ្នា​ខកចិត្ត​នោះ​គឺ​តម្លៃ​ធ្លាក់ចុះ​ខ្លាំង​មែនទែន​។​រឿងនេះ​អាចពាក់ព័ន្ធ​នឹង​បញ្ហា​មនុស្ស​ភាគច្រើន​មិនសូវ​ចេញពីផ្ទះ​ព្រោះតែ​ហេតុការណ៍​ជំងឺ​កូ​វីដ​១៩​ក៏​ថា​បាន​។​និយាយ​រួម​គឺ​មានតែ​ឈ្មួញ​មក​ទិញ​ដល់​ចម្ការ​នាំយកទៅ​លក់​នៅឯ​ភ្នំពេញ​ប៉ុណ្ណោះ​។​

​ទាក់ទិន​កំណត់សម្គាល់​រវាង​ទុរេន​កំពត​និង​ទុរេន​មកពី​ក្រៅ​ម្ចាស់​ចម្ការ​ដដែល​បាន​បញ្ជាក់ថា​ជាធម្មតា​ទុរេន​កំពត​មាន​ពណ៌​មិនសូវ​ខៀវ​ទេ​ហើយ​ទ្រង់ទ្រាយ​ក៏​មិន​មូល​ស្អាត​ដែរ​។​

ចំណែក​សណ្តង់​ក៏​មិន​ដូចគ្នា​ទៀត​និយាយ​រួម​សណ្តង់​ទុរេន​មកពី​ក្រៅ​រាង​តូចៗ​ហើយ​រលួយៗ​។​រីឯ​សាច់​វិញ​គឺ​ទុរេន​កំពត​មាន​លក្ខណៈ​ស្អិត​ពណ៌​ដូច​ពងមាន់​នៅ​ផ្នែក​ខាងក្នុង​ពេល​ស្ងោរ​រួច​ពិសេស​នោះ​រសជាតិ​ផ្អែម​ឆ្អិត​និង​ឆ្ងាញ់​ពិសា​តែម្តង​។​


​លោក​ចាន់​រិ​ទ្ធ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ផ្លែ​ទុរេន​កំពត​សុទ្ធ​គឺមាន​សាច់​ពណ៌​លឿង​ក្លិន​ឈ្ងុយ​រសជាតិ​ផ្អែម​ឯ​បណ្តូល​កណ្តាល​ពណ៌​ស​។​ដោយឡែក​គុណភាព​ល្អ​វិសេសវិសាល​និង​មាន​រសជាតិ​ផ្អែម​ឈ្ងុយឆ្ងាញ់​គ្មាន​ពីរ​ទាំង​ក្នុង​តំបន់​ក៏ដូចជា​លើ​ពិភពលោក​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ទោះបី​មនុស្ស​ស្ទើរ​គ្រប់​ជាតិ​សាសន៍​បាន​សរសើរ​ពី​គុណភាព​និង​រសជាតិ​ឆ្ងាញ់​ពិសា​ក្តី​ក៏​ស្ថាប័ន​ជំនាញ​ពិភពលោក​មិនទាន់មាន​ការទទួលស្គាល់​ជា​ផ្លូវការ​នៅឡើយ​។​ប៉ុន្តែ​រដ្ឋបាល​ខេត្តកំពត​និង​ពលរដ្ឋ​ទូទៅ​បាន​កំណត់ថា​ទុរេន​កំពត​ជា​ដំណាំ​យុទ្ធសាស្ត្រ​សម្គាល់​អត្តសញ្ញាណ​ខេត្ត​។​ជាក់ស្តែង​បច្ចុប្បន្ន​រង្វង់​មូល​មួយ​នៅ​កណ្តាល​ក្រុងមាន​ដាក់តាំង​រូបសំណាក​ផ្លែ​ទុរេន​ដ៏​ធំ​ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម