ទិវា​ជោគជ័យ ៨ ឧសភា នៃ ប្រជាជាតិ អឺរ៉ុប​

323
ចែករម្លែក

ភ្នំពេញៈ ទិវា​ជោគជ័យ ៨ ឧសភា គឺជា​ទិវា​ជោគជ័យ នៃ​ប្រជាជាតិ​អឺរ៉ុប ត្រូវបាន​ប្រារព្ធ​ជាទូទៅ នៅ​ថ្ងៃទី ៨ ខែឧសភា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួក​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​ក្នុង​សង្គ្រាមលោក លើក​ទី ២ ព្រម​ទទួលយក​នូវ​ការចុះចាញ់​ដោយ​គ្មាន​លក្ខន្តិកៈ​របស់​ពួក ណា ស៊ី​ស អាល្លឺម៉ង់ ហើយ​វា​ក៏​ជា​ទិវា ដើម្បី រំឭក​ដល់​ថ្ងៃ នៃ ការបញ្ចប់​សង្គ្រាមលោក លើក ទី​២ របស់ អឺរ៉ុប ផងដែរ ។​

​មូលហេតុ​សង្គ្រាម​
​ក្នុង​គោលដៅ​រំដោះ​អាស៊ី ឱ្យចេញ​ផុតពី​អាណានិគម​របស់​ពួក​មហាអំណាច​អឺរ៉ុប ហើយក៏​ក្នុង បំណង​ពង្រីក​អំណាច​របស់ខ្លួន​ផង កងទ័ព​ជប៉ុន បានចាប់ផ្តើម​ធ្វើសង្គ្រាម​ប្រឆាំង​វត្តមាន អាណានិគម​អង់គ្លេស និង​បារាំង នៅ​ទ្វីបអាស៊ី ។ ដោយហេតុនេះ កាលណោះ ជប៉ុន បានក្លាយ ជាទី​ផ្សារ​ប្រេងឥន្ធនៈ​ដ៏​សំខាន់​របស់​អាមេរិក ដែល​ធ្វើអោយ​អាមេរិក ប្រមូលបាន​ទ្រព្យសម្បត្តិ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពី​ការផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ដល់​ជប៉ុន ក្នុងការ​ធ្វើសង្គ្រាម​នេះ ។​

​មិនយូរប៉ុន្មាន កងទ័ព​ជប៉ុន មានប្រៀប​លើ​កងទ័ព​អង់គ្លេស ហើយ​ដណ្តើម​កាន់កាប់​ប្រទេស ជាច្រើន នៅ​អាស៊ី ពី​អង់គ្លេស និង​បារាំង ។ ជាក់ស្តែង​នៅ​ឥណ្ឌូចិន ( កម្ពុជា វៀតណាម និង​ឡាវ ) បារាំង ដែលជា​ផ្នែក​ដ៏​សំខាន់បំផុត​មួយ នៃ​សម្ព័ន្ធមិត្ត ហើយក៏​ជា​អាណានិគម​នៅទីនេះ​ផង ត្រូវបាន​ជប៉ុន ( តាមពិត បារាំង បាន​ធ្លាក់ខ្លួន​ទន់ខ្សោយ តាំងពី​បារាំង ធ្លាក់​ក្រោម​ការកាន់កាប់ របស់​អាល្លឺម៉ង់ នៅក្នុង​ខែមិថុនា ឆ្នា​១៩៤០ មកម្ល៉េះ ) ចូល​ត្រួតត្រា​ជំនួស ហើយ​បារាំង​ត្រូវបាន ជប៉ុន ឃុំខ្លួន​មួយ​ឡែក ( ប៉ុន្តែ​អ្នកប្រវត្តិសាស្ត្រ​ខ្លះ អះអាងថា ជប៉ុន និង បារាំង បាន​ព្រមព្រៀងគ្នា ត្រួតត្រា​រួមគ្នា​លើ​តំបន់​ឥណ្ឌូចិន គឺ​មិនមែន ជប៉ុន ឃុំខ្លួន បារាំង​ទេ ។ ហេតុ​នោះ​ទើប​អំឡុង ពេលនោះ ពន្ធដារ​នៅ​តំបន់​ឥណ្ឌូចិន ត្រូវបាន​បង្កើន​ឡើង​ទ្វេដង គឺ​មួយផ្នែក​សម្រាប់ បារាំង ដែលជា​អាណានិគម​ស្រាប់ និង​មួយផ្នែក​ទៀត សម្រាប់ ជប៉ុន ដែលជា​អ្នក​ចូលមក​ត្រួតត្រា​ថ្មី បន្ថែម​លើ បារាំង ) ។​

​អាមេរិក ដែល​ធ្លាប់ជា អ្នកមាន​ទំនាក់ទំនង​ល្អ​នឹង ជប៉ុន បាន​មើលឃើញថា ប្រសិនបើ​ទឹកដី អាស៊ី របូត ចេញពី​កណ្តាប់ដៃ​មហាអំណាច អឺរ៉ុប ហើយ​ជំនួស​ដោយ ជប៉ុន ឬ អាស៊ី ខ្លួនឯង​វិញ​នោះ ផលប្រយោជន៍ របស់ អឺរ៉ុប ដោយ​រួមទាំង​ផលប្រយោជន៍​របស់ អាមេរិក ផង ក៏​នឹងរង​ផល​អវិជ្ជមាន ផងដែរ ។ ដូច្នេះ អាមេរិក ត្រូវតែ​ជួយ​ពួក​មហាអំណាច អ៉​រ៉ុ​ប ។ ដោយហេតុ​នោះ អាមេរិក បាន ងាករេ​ពី ជប៉ុន លួច​ទៅ​ចរចា ស្ងាត់ៗ​ជាមួយ អង់គ្លេស ដែលជា​គូសត្រូវ​ដ៏​ធំ​បំផុត​របស់ ជប៉ុន ។ ជប៉ុន មើលឃើញថា នៅ​ថ្ងៃក្រោយ​ដ៏​ខ្លី​នេះ អាមេរិក គឺជា​រនាំង ឬ ជា​បច្ចាមិត្ត របស់ ជប៉ុន ពោលគឺ ជប៉ុន មើលឃើញថា អាមេរិក មុខជា​នឹង​ជួយ អង់គ្លេស ប្រឆាំងនឹង ជប៉ុន ។

​ដោយហេតុនេះ ក្នុង​គោលដៅ បំបាក់ អាមេរិក ជាមុន នៅ​ព្រឹក​ព្រហាម​ថ្ងៃទី ៨ នៅ អាមេរិក ( ត្រូវ​នឹង​ថ្ងៃទី ៧ នៅ​ជប៉ុន ) ខែធ្នូ ឆ្នាំ​១៩៤១ ជប៉ុន បាន​បើក​ការវាយលុក​យ៉ាង​សន្ធាប់​ទៅ លើ​មូលដ្ឋាន​កងទ័ពជើងទឹក អាមេរិក នៅឯ​កំពង់ផែ ភៀ​ល ហា​ប៊ើ​រ៍ រដ្ឋ​ហា​វ៉ៃ ។ ក្រោយ​សម័យ សង្គ្រាម​ទើប​គេ​បានដឹងថា មាន​មន្ត្រី​ខ្លះ​របស់ អង់គ្លេស និង អាមេរិក បានដឹង​គម្រោង​ដែល ជប៉ុន ដាក់ចេញ ដើម្បី​វាយប្រហារ​ទៅលើ​អាមេរិក​នោះ ប៉ុន្តែ​ពួកគេ​មិនបាន​ទប់ស្កាត់​ទេ ហើយ​ថែម ទាំង​ធ្វើ​កិច្ចការ​ខ្លះ ដើម្បី ឱ្យ​ការវាយប្រហារ​របស់ ជប៉ុន ទៅលើ អាមេរិក នោះ​ត្រូវបាន​ធ្វើឡើង តាម​ការគ្រោងទុក​ទៀត​ផង ព្រោះថា ប្រសិនបើ អាមេរិក រង​ការវាយប្រហារ​ពី ជប៉ុន នោះ អាមេរិក នឹងមាន​ហេតុផល​គ្រប់គ្រាន់​ចូលខ្លួន​ទៅក្នុង​សង្គ្រាម​ប្រឆាំង​ជប៉ុន ។ នោះ​ហើយ​គឺជា​បំណង របស់​ពួកគេ ( មន្ត្រី​អង់គ្លេស និង អាមេរិក ) ។​

​ដូច​ក្តី​ប្រាថ្នា​ចង់បាន នៃ​មន្ត្រី​អាមេរិក និង​អង់គ្លេស​មែន នៅពេល​គម្រោង នៃ​ការវាយប្រហារ របស់​ជប៉ុន ទៅលើ​អាមេរិក ត្រូវបានធ្វើ​ឡើងជា​រូបរាង​បែប​នោះ អាមេរិក ក៏មាន​ហេតុផល គ្រប់គ្រាន់​ប្រកាសសង្គ្រាម​ប្រឆាំង​ជប៉ុន ហើយ​បាន​ទៅ​សហការ​ជាមួយ អង់គ្លេស និង​សម្ព័ន្ធមិត្ត ផ្សេងទៀត នៅ​អឺរ៉ុប យ៉ាង​ចេញមុខ​។ អ៊ីតាលី និង​អាល្លឺម៉ង់​ក៏បាន​ប្រកាស​ចូលខ្លួន​ក្នុង​សង្គ្រាម នោះដែរ ។ សង្គ្រាមលោកលើកទី​២ ក៏បាន​ឆាបឆេះ​ពេញ​រូបរាង​ឡើង នាពេល​នោះឯង ។​

​សង្គ្រាមលោកលើកទី​២ បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​អាយុជីវិត​របស់​មនុស្ស​ជាតិ​យ៉ាង ឥត​គណនា អស់​រយៈពេល​ប្រាំ​ឆ្នាំ ។ ក្រោយពី​បរាជ័យ​ជា​បន្ត​បន្ទាប់មក ពួក​សម្ព័ន្ធមិត្ត​បាន​វាយ ចូលដល់​ទីក្រុង​ប៊ែ​កឡាំង ពោលគឺ​ពួកគេ​ទន្ទ្រាន​ចូលដល់​សំបុក​របស់​ពួក​ណា​ស៊ី​ស របស់ អា​ដុល​ហ្វ៍ ហ៊ី​ទ្លែ​រ ដែលជា​មេក្លោង​សង្គ្រាម​ដ៏​សំខាន់​មួយ ។​

​បញ្ចប់សង្គ្រាម​
​ដោយ​ទឹក​ចូលដល់​ច្រមុះ​ទៅហើយនោះ នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ ១៩៤៥ អា​ដុល​ហ្វ៍ ហ៊ី​ទ្លែ​រ បានប្រកាស​ធ្វើអត្តឃាត នៅក្នុង​ការប្រយុទ្ធ​នៅ​ទីក្រុង​ប៊ែ​កឡាំង ដោយ​ឱ្យ ឧ​ត្ត​ម​សេនីយ៍ Reichspräsident Karl Dönitz ជា​អ្នក​ស្នង​តំណែង ពី អា​ដុល​ហ្វ៍ ហ៊ី​ទ្លែ​រ ។ លោក Reichspräsident Karl Dönitz បានប្រកាស​ចុះចាញ់​សង្គ្រាម នៅ​ចំពោះមុខ​ពួក​សម្ព័ន្ធមិត្ត ដែលមាន អង់គ្លេស និង អាមេរិក ជា​ប្រមុខ ។

​កតិកាសញ្ញា​ចុះចាញ់​របស់​កងទ័ព​ណា​ស៊ី​ស​អាល្លឺម៉ង់ ត្រូវបានធ្វើ​នៅ​ថ្ងៃទី​៧ ខែ មេសា ១៩៤៥ នា​ប្រទេស​បារាំង និង​ថ្ងៃទី​៨ ខែ​និង​ឆ្នាំ​ដដែល នាទី​ក្រុង​ប៊ែ​កឡាំង ប្រទេស អាល្លឺម៉ង់ ។​ព្រឹត្តិការណ៍ នេះ ក៏​ចាត់ទុកថា សង្គ្រាមលោកលើកទី​២ នៅ​អឺរ៉ុប បាន​ឈាន​ដល់ទី​អវសាន​ជា​ផ្លូវការ​ផងដែរ ។

​ទោះយ៉ាងណា​សង្គ្រាមលោកលើកទី​២ ដែល​ត្រូវបាន​ចាត់ទុកថា បានបញ្ចប់​ជា​ផ្លូវការ​ក្នុង​ក្រប ខណ្ឌ​ខាងលើនេះ គឺ​នៅក្នុង​ទឹកដី​អឺរ៉ុប តែប៉ុណ្ណោះ ។ ចំណែក​នៅ​ផ្នែក​ផ្សេងទៀត នៃ ពិភពលោក សង្គ្រាមលោកលើកទី​២ នោះ មិនទាន់​បញ្ចប់​នៅឡើយ ជាក់ស្តែង នៅ​អាស៊ី ឯណេះ សង្គ្រាម កំពុង​ប្រព្រឹត្តទៅ​យ៉ាង​ក្តៅគគុក​នៅឡើយ ហើយ​នៅ​សមរភូមិ​ខ្លះ គឺ ជប៉ុន ហាក់​មានប្រៀប​ជាង អង់គ្លេស នៅឡើយ ។ ដូច្នេះ​គេ​ត្រូវ​រង់ចាំ​ប៉ុន្មាន​ខែ ទៅមុខទៀត ។

​ទោះយ៉ាងណា ជោគជ័យ​របស់​សម្ព័ន្ធ​មិត្ត នៅ​អឺរ៉ុប គឺជា​គន្លឹះ​ដ៏​សំខាន់ ហើយ​ប្រាកដ​ណាស់​ថា បន្ទាប់ពីនោះ​ទៅ សម្ព័ន្ធមិត្ត មុខជា​នឹង​ប្រមូលផ្តុំ​កម្លាំង​ព្រួត​គ្នា​វាយប្រហារ ជប៉ុន នៅ​អាស៊ី ជាក់​ជាមិនខាន ដែល​គេ​អាច​និយាយ​ម្យ៉ាង​ទៀតថា ជប៉ុន មុខជា​មិនអាច​ទប់ទល់​បានឡើយ ។​

​ដំណាក់​កាលនោះ ពួក​ប្រមុខ នៃ​សម្ព័ន្ធមិត្ត ប្រាកដ​ណាស់ គឺ​បាន​គន់គូរ​កាន់តែច្បាស់​ឡើងៗ អំពី​រូបភាព​របស់​ពួកគេ និង ពិភពលោក នៅក្រោយពេល​សង្គ្រាមលោក​លើក​ទី ២ បញ្ចប់ទៅ ។ និយាយ​ឱ្យ​ច្បាស់​ជាង​នេះ​ថា ពួក​ប្រមុខ​សម្ព័ន្ធមិត្ត ចាប់ផ្តើម​បង្កើត​អំណាច​របស់​ពួកគេ​រៀងខ្លួន ដើម្បីឱ្យ​ប្រាកដថា នៅពេល​ចប់​សង្គ្រាម ពួកគេ​មានអំណាច​កម្រិតណា​បើ​ធៀប​ទៅនឹង​មហា អំណាច​ផ្សេងទៀត ។​

​អាមេរិក ដែល​កំពុង​ស្វះ​ស្វែងរក​ទីតាំង​ជា​មហាអំណាច​មួយ​ក្នុងចំណោម​មហាអំណាច​នានា​ក្នុង លោក បានដឹង​ច្បាស់​ណាស់​ថា ពិតជា​មិន​ស្រួល​ទេ ដែល​ពួកគេ​បង្ហាញខ្លួន​ជា​មហាអំណាច មួយ​តាម​ក្រោយ មហាអំណាច​ដ៏​យូរ​មកហើយ ( មុន​សង្គ្រាម​នោះ អាមេរិក ជា​ប្រទេស​ខ្លាំង​ហើយ ប៉ុន្តែ​មិនទាន់​ជា​មហាអំណាច​នៅឡើយ ) ។ ហេតុ​នោះ ពួកគេ​បានគិត​គូរ និង​ត្រៀមខ្លួន​រួច​ជា ស្រេច ក្នុងការ​ធ្វើ​អ្វី​ម្យ៉ាង ដែល​មហាអំណាច​ដទៃ​ធ្វើ​មិនកើត គឺ​ក្នុងន័យ​ចង់​ប្រាប់​ទៅ​មហា អំណាច​ទាំងឡាយ និង ពិភពលោក​ទាំងមូល​ថា ពួកគេ ( អាមេរិក ) មាន​សមត្ថភាព​គ្រប់គ្រាន់ ( ឬ លើសពី​មហាអំណាច​ដទៃ ) ក្នុងការ​ឈរ​នៅ​ទីតាំង​មហាអំណាច​ក្នុង​លោក ។

​ដោយហេតុនេះ ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ១៩៤៥ កងទ័ព អាមេរិក បាន​ទម្លាក់​គ្រាប់បែក នុយ​គ្លី​អ៊ែរ ទៅលើ​ទីក្រុង ហ៊ី​រ៉​ហ្ស៊ី​ម៉ា នៃ ប្រទេស ជប៉ុន ហើយ ៣ ថ្ងៃក្រោយ​ម គឺ​នៅ​ថ្ងៃទី ៩ ខែ និង ឆ្នាំ ដដែល​នោះ អាមេរិក បាន​ទម្លាក់​គ្រាប់បែក នុយ​គ្លី​អ៊ែរ មួយ​គ្រាប់​ទៀត​ទៅលើ​ទីក្រុង ណាហ្គា​សា​គី ធ្វើឱ្យ​ជប៉ុន ចុះចាញ់​សង្គ្រាម​នៅ​ខែ សីហា ឆ្នាំ ១៩៤៥ ហើយ​សង្គ្រាមលោកលើកទី ២ ក៏បាន​ដល់ទី​បំ​ញ្ច​ប់​ទាំងស្រុង ។​

​គប្បី​កត់សម្គាល់ថា នៅពេល ជប៉ុន ព្រម​ចុះចាញ់​សង្គ្រាមលោកលើកទី​២ ទឹកដី​វៀតណាម និយាយ​ដាច់ដោយឡែក និង​ឥណ្ឌូចិន និយាយ​ជារួម ត្រូវបាន​ប្រគល់​ទៅឱ្យ អង់គ្លេស ជា​អ្នក កាន់កាប់​ជំនួស​បារាំង ព្រោះ បារាំង ពុំ​សូវ​មាន​សមត្ថភាព​ទៀត​ទេ បន្ទាប់ពី​ត្រូវបាន អាល្លឺម៉ង់ ចូលកាន់​កាប់​នៅក្នុង​សម័យ​សង្គ្រាម ដូចដែល​បានលើកឡើង​ខាងលើ​។

​ប៉ុន្តែ​ដោយសារ​ពេលនោះ អង់គ្លេស ក៏​ពុំ​សូវ​មាន​កម្លាំង​គ្រប់គ្រាន់ បន្ទាប់ពី​សង្គ្រាមលោកលើកទី​២ ផង ណាមួយ​មើលឃើញ ឥណ្ឌូចិន មិនសូវមាន​ផលប្រយោជន៍​សម្រាប់​ខ្លួន ( អង់គ្លេស ) ផង ឥណ្ឌូចិន មាន​ចលនា​ប្រឆាំង​ដ៏​ស្មុគស្មាញ​ផង ភូមិសាស្ត្រ​ក៏​ស្មុគស្មាញ​ទៀត ជាពិសេស​ពេលនោះ អង់គ្លេស កំពុង​ជាប់ដៃ​ធ្វើសង្គ្រាម​បង្ក្រាប​ចលនា​ប្រឆាំង​អាណានិគម​អង់គ្លេស នៅ​អាល់​ហ្ស៊េ​រី ផង ទើប​អង់គ្លេស សម្រេចចិត្ត​បោះបង់ និង​ប្រគល់​ឥណ្ឌូចិន ទៅឱ្យ បារាំង ដែលជា​អាណានិគម​ចាស់ នៅទីនេះ ស្រាប់​ផង​វិញ ។ ដូច្នេះ ឥណ្ឌូចិន គឺ​រួមទាំង វៀតណាម ផង ក៏​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ បារាំង ម្តងទៀត ។​

​ត្រឡប់​ទៅ​ជោគជ័យ នៅ​ថ្ងៃទី​៨ ខែឧសភា វិញ គឺ​ដោយ​ការចុះចាញ់​របស់ អាល្លឺម៉ង់ នោះ​កម្មវិធី អបអរសាទរ ត្រូវបាន​គេ​ប្រារព្ធ​ធ្វើ​នៅ​ទូទាំង​ពិភពលោក ។ នៅ​ទីក្រុង​ឡុង​ដ៍ ហ្វូងមនុស្ស​ដ៏​ច្រើន មហិមា មី​ដេរដាស បាន​ទៅ​ជួបជុំគ្នា​នៅមុខ​ព្រះបរមរាជវាំង បាក់​ឃី​ង​ហែម ផា​ឡេស​ដែល​នៅ ទីនោះ នាយករដ្ឋមន្ត្រី វីន​ស្តុ​ន ឈឺ​ច​ឈី​ល (​ជា​មេ​សម្ព័ន្ធមិត្ត​មួយ​ក្នុងចំណោម​មេ​សម្ព័ន្ធមិត្ត ទាំងពីរ​ជាមួយ អាមេរិក ) បាន​ឈរ​អម​ស្តេច​ច​ច ទី​៦ និង​ម្ចាស់​ក្ស​ត្រី​យ៍ អេ​លីហ្សា​ប៊ែ​ត ចេញ ស្វាគមន៍​ពី យ៉ នៃ ប្រាសាទ ។

​នៅ​សហរដ្ឋអាមេរិក ឯណោះ ជោគជ័យ​នេះ បានកើត​ឡើង​ចំ​ថ្ងៃ​គម្រប់​ខួប​អាយុ ៦១​ឆ្នាំ​នៃ​ប្រ​ធា នា​ធិបតី ហារី ទ្រូ​ម៉ាន់ ។ គាត់​បាន​ឧទ្ទិស​ជោគជ័យ​នេះ​ចំពោះ​ដួង​វិញ្ញាណក្ខន្ធ​របស់​អតីត​ប្រ​ធានា ធិបតី ( ដែល​គាត់​ឡើងមក​បន្ត​តំណែង ) ហ្វ្រាំង​គ្លី​ន រូ​សេ​វែ​លត៍​ដែល​បាន​ស្លាប់​ដោយសារតែ​ការ ដាច់​សរសៃឈាម​ខួរក្បាល​មិនទាន់បាន​មួយខែ​ផង ។ ពេលនោះ​ទង់ជាតិ​កំពុង​ត្រូវបាន​ហូត​ត្រឹម ពាក់កណ្តាល​ជាការ​កាន់ទុក្ខ​ប្រធានាធិបតី ហ្វ្រាំង​គ្លី​ន រូ​សេ​វែ​លត៍ រយៈពេល​មួយខែ​នៅឡើយ ។

​ក្រោយមក ទិវា​ជោគជ័យ​នៅ អឺរ៉ុប នេះ​ត្រូវបានធ្វើ​នៅ​ថ្ងៃ​ខុសគ្នា​ខ្លះ​នៅក្នុង​ចំណោម​ប្រទេស នានា​នៅ អឺរ៉ុប គឺ​អាស្រ័យទៅលើ​ស្ថានភាព​របស់​ប្រទេស​នោះៗ គឺ​៖ អ៊ីតាលី ធ្វើ​នៅ​ថ្ងៃទី ២៥ ខែ មេសា , ដា​ណឺ​ម៉ាក និង ហុ​ល្លង់ នៅ​ថ្ងៃទី ៥ ខែ ឧសភា ថ្ងៃ ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី ទី ១ ខែ ឧសភា ក្រោយមក​ធ្វើ​នៅ​ថ្ងៃទី ៨ ខែ ឧសភា អាល្លឺម៉ង់ ខាងកើត អ៊ុយ​ក្រែ​ន ចរ​ជា រុស្ស៊ី កា​ហ្សា​ក់​ស្ថាន និង បេឡា​រូស ធ្វើ នៅ​ថ្ងៃទី ៩ ខែ ឧសភា ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​ដោយៈ មេសា​

ទិដ្ឋភាព មនុស្ស​ទៅ​ជួបជុំគ្នា​នៅមុខ បាក់​ឃី​ង​ហែម ផា​ឡេស
ពិធី​ចុះហត្ថលេខា ដែល អាល្លឺម៉ង់ ព្រម​ចុះចាញ់​សង្គ្រាមលោកលើកទី ២

ទីតាំងផ្សាយពាណិជ្ជកម្ម