វឌ្ឍន​, វដ្ដ​, វិវាទ​, អវិជ្ជន្ធការ​, អវិជ្ជមាន​, អវិរុទ្ធ​, អវិរុទ្ធ​, ពិរុទ្ធ​, អហង្ការ​

349
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​វឌ្ឍន វ័ត​-​ឍៈ​នៈ បា​.; សំ​. ( ន​. ) (​វឌ្ឍន​; វ​ទ៌្ធ​ន ឬ វ​ធ៌​ន​) សេចក្ដីចម្រើន​; ការលូត លាស់​; ដំណើរ ដុះដាល​; ដំណើរ​កើត​កាល​វាលគុម្ព ។ ព​. ផ្ទ​. ហាយន ឬ ហាយនៈ ។ វឌ្ឍនកម្ម អំពើ​ឬ​ការងារ ដែល​នាំ​ឲ្យ​ចម្រើន​ផលប្រយោជន៍ ។ វឌ្ឍនកាល ឬ​–​សម័យ កាល​ឬ​សម័យ​ដែលមាន​សេចក្ដី ចម្រើន​ប្រយោជន៍​ផ្សេងៗ ។ វឌ្ឍនធម៌ ធម៌​ឬ​សភាវៈ​ដែល​នាំ​ឲ្យ​កើត​សេចក្ដីចម្រើន ។ វេ​វ​. វប្បធម៌ ។ វឌ្ឍនភាព ភាវៈ​ឬ​ដំណើរ​នាំ​ឲ្យ​ចម្រើន ។ វឌ្ឍនាការ (​បា​. < វឌ្ឍន + អាការ​) អាការ​នៃ​សេចក្ដីចម្រើន ។​ល​។

​វដ្ដ វ័ត​-​ដៈ បា​.; សំ​. ( គុ​. ) (​វដ្ត​; វ្ឫ​ត្ត​) ដែល​វិល​; មូល​, ដែលជា​វង់​មូល ។ ន​. ការវិល​ទៅមក​; ដំណើរ​វិល​កើត​វិល​ស្លាប់​; វង់​មូល​; តម្លៃ​សម្រាប់​ចាយ​ប្រើ​ស្បៀង ។ វដ្ត​ទុក្ខ ទុក្ខ​ក្នុង​វដ្តៈ គឺ​ទុក្ខ សម្រាប់​សត្វ​ដែល​វិល​កើត​វិល​ស្លាប់ ។ វដ្ត​ភ័យ ភ័យ​អំពី​ការវិល​កើត​វិល​ស្លាប់ ។ វដ្ត​មូល ទីតាំង​របស់​វដ្តៈ​, ឫស​របស់​វដ្តៈ ។ វដ្ត​លោក លោក​គឺ​ការវិល​កើត​វិល​ស្លាប់ ។ វដ្ដសង្សារ (​បា​. –​សំសារ​) ដំណើរ​អន្ទោល​វិល​កើត​វិល​ស្លាប់ ។​

​វិវាទ ( ន​. ) ដំណើរ​ទាស់ទែង​គ្នា​, ដំណើរ​ឈ្លោះប្រកែក​គ្នា : មាន​វិវាទ​, កើត​វិវាទ​នឹង​គ្នា ។ វិវាទកម្ម អំពើ​វិវាទ ។ វិវាទការណ៍ ឬ វិវាទមូល (–​ទៈ –) ហេតុដែល​នាំ​ឲ្យ​កើត​វិវាទ​, ដំណើរ​វិវាទ ។ វិវាទការី (–​កា​រ៉ី​) អ្នក​ហៃ​ឈ្លោះ (​បើ​ស្ត្រី​ជា វិវាទការិនី​) ។ វិវាទបក្ខ ឬ​–​បក្ស (–​ទៈ​បុ័​ក​) ពួក​អ្នក​វិវាទ​, គូវិវាទ ។ វិវាទព័ស្តុ ឬ –​វត្ថុ (–​ទៈ​ព័ស ឬ –​ទៈ​វ័ត​-​ថុ​) រឿង​ឬ​ដំណើរ​វិវាទ ។ វិវាទាធិករណ៍ (​សំ​. បា​. < វិវាទ + អធិករណ​) អធិករណ៍​ដែល​កើត​ព្រោះ​ដំណើរ​ទាស់​មាត់ពាក្យ​គ្នា​; ការ​កើតក្តី​ព្រោះតែ​សម្តី ។ វិវាទាបន្ន (–​ប័ន​; សំ​. បា​. < វិវាទ + អាបន្ន “​ដែល​ដល់​, ដែល​ប្រទះ​”) អ្នក​ដែល​កំពុងមាន​វិវាទ​នឹង គ្នា​ដោយហេតុ​ណាមួយ ។​ល​។

​អវិជ្ជន្ធការ អៈ​វិច​-​ជ័ន​-​ធៈ​កា បា​. ( ន​. ) (< អវិជ្ជា “​សេចក្ដី​ល្ងង់​” + អន្ធការ “​ងងឹត​”) ងងឹត​គឺ​អវិជ្ជា​, អវិជ្ជា​ដែលជា​ងងឹត​សូន្យសុង​, សេចក្ដី​ល្ងង់ខ្លៅ​ខ្លាំង : សព្វ​សត្វលោក​តែងតែ​អន្ទោលកើតស្លាប់ ក្នុង​វាលវដ្ដសង្សារ​ត្រូវ​អវិជ្ជន្ធការ​បិទបាំង​គំនិត​ជានិច្ចកាល ។

​អវិជ្ជមាន អៈ​វិច​-​ជៈ មាន បា​. ( គុ​. ) ដែល​ផ្ទុយគ្នា​ពី វិជ្ជមាន គឺ​ដែល​កំពុងតែ​មិនមាន​, ដែល​ឥត មាន​សោះឡើយ ។ វេ​វ​. អធរមាន ។

​អវិរុទ្ធ អៈ​វិ​រុត សំ​. បា​. ( គុ​. ) ដែល​មិន​ខុស​, ឥត​ខុស​; ឥត​ទាស់​, ឥត​ឆ្គង គឺ​ត្រឹមត្រូវ​; ស្រួល​; ស្របគ្នា​, ត្រូវ​គ្នា (​ប្រើ​ជា អ​ពិរុទ្ធ ក៏បាន​) ។ ព​. ផ្ទ​. វិរុទ្ធ​, ពិរុទ្ធ ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. អៈ​វិ​រុត​-​ធៈ​, ដូចជា​អវិរុទ្ធកថា​, –​វាចា ឬ –​វាទ សម្ដី​ត្រឹមត្រូវ (​ព​. ផ្ទ​. វិរុទ្ធ​កថា ឬ –​វាចា , –​វាទ​) ។ អវិរុទ្ធបាឋ បាលី​ត្រឹមត្រូវ (​ព​. ផ្ទ​. វិរុទ្ធបាឋ​) ។ អវិរុទ្ធភាព ភាពត្រឹមត្រូវ​; ភាព​ឥត​ឆ្គង (​ព​. ផ្ទ​. វិរុទ្ធ​ភាព​) ។ អវិរុទ្ធសព្ទ សព្ទ​ត្រឹមត្រូវ​; សព្ទ​ស្របគ្នា (​ព​. ផ្ទ​. វិរុទ្ធសព្ទ​) ។ ល​។

​ពិរុទ្ធ –​រុត សំ​. បា​. ( គុ​. ) ខុស​, ដែល​ទីទៃ​ពីគ្នា​, ដែល​ផ្ទុយគ្នា : សេចក្ដី​ពិរុទ្ធ​, ពាក្យ​ពិរុទ្ធ ។ ខ្មែរ​ប្រើ​ជា កិ​. ក៏មាន​, សំដៅ​សេចក្ដី​ថា “​ពិនិត្យ​, សង្កេត​ឲ្យ​ឃើញ​ខុស​ឃើញ​ត្រូវ​” : ត្រូវ​ពិរុទ្ធ​មើល ។ ប្រើ​ជា ន​. ក៏មាន : ជាប់ពិរុទ្ធ ជាប់​ក្នុងការ​ត្រូវគេ​ពិនិត្យ​រក​កំហុស ។

​អហង្ការ អៈ​ហ័ង​-​ការ សំ​. បា​. ( ន​. ) (​អហំការ ឬ​ប្រើ​ជា អហង្ការ ក៏មាន​) សេចក្ដី​ប្រកាន់​ថា​អញ គឺ​សេចក្ដី​ប្រកាន់​ថា​អញ​ថា​គេ​; សេចក្ដី​ប្រកាន់ខ្លួន : មិន​ព្រម​ចុះចាញ់​គ្នា ដោយមាន​អហង្ការ ទាំងពីរ​ខាង ។ ខ្មែរ​ប្រើ​ជា កិ​. វិ​. សំដៅ​សេចក្ដី​ថា “​ដាច់ខាត​, ម៉ឺងម៉ាត់​” ក៏មាន : ប្រកែក​ដាច់អហង្ការ ប្រកែក​ដាច់ខាត ។ អហង្ការមមង្ការ ឬ អហំមមំការ (–​មៈ​ម័​ង​–) សេចក្ដី​ប្រកាន់​ថា​អញ ថា​របស់​អញ​; មានះ​ក្រៃពេក : មាន​អហង្ការមមង្ការ​តែ​រៀងរាល់​ខ្លួន ឥត​អ្នកណា​ស្ដាប់​អ្នកណា​; ពួក​រេហ៍ពល ទាំងពីរ​ខាង សុទ្ធ​តែមាន​អហំមមំការ​ដូចៗ​គ្នា​៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

ទីតាំងផ្សាយពាណិជ្ជកម្ម