គម្រោង​ធ្វើឱ្យ​ល្អប្រសើរ​ឡើងផ្លូវ​ជាតិ​​លេខ​៣ ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​ខេត្តកំពត មកទល់​បច្ចុប្បន្ន​សម្រេច​បានជាង​៦៩​ភាគរយ​

266
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៣ ត​ភ្ជាប់​រាជធានី​ភ្នំពេញ ទៅ​ខេត្តកំពត សម្រេចបាន​ជាង ៦៩​ភាគរយ​ហើយ គិត​ត្រឹម​ដើមខែ​ឧសភា ឆ្នាំ​២០២០​នេះ ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅក្នុង​ឆ្នាំ​២០២២ ខាងមុខ​។​នេះ​បើ​យោងតាម​លោក ហ៊ាង សុទ្ធា​យុទ្ធ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​លោក ហ៊ាង សុទ្ធា​យុទ្ធ បានឱ្យ​រស្មី​កម្ពុជា​ដឹងថា​៖​ផ្លូវ​នេះ​មាន​ប្រវែង​១៣៤,៨២៦ គីឡូម៉ែត្រ ដោយ​ក្រាល​បេតុង​កៅស៊ូ (AC)​និង​បាន​បើក​ការដ្ឋាន​សាងសង់នៅ​ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៨ និង​គ្រោងបញ្ចប់ នៅ​ថ្ងៃទី​១៦ ខែ តុលា ឆ្នាំ​២០២២ ដោយ​ប្រើ រយៈពេល ៤៨ ខែ​។​

​គម្រោង​នេះ​ចំណាយថវិកា​ប្រមាណ​ជាង ២១៥​លាន ដុល្លារ​អាម៉េរិក​ក្រោម ហិរញ្ញប្បទានសម្បទាន ពី​រដ្ឋាភិបាលចិន រួម ជាមួយ ថវិកាបដិភាគ​របស់ រាជរដ្ឋាភិបាល​កម្ពុជា​។​


​កំណាត់​ផ្លូវជាតិ​លេខ​៣ (​ភ្នំពេញ​-​កំពត​) មាន​ប្រវែង​សរុប​១៣៤,៧៩៦​គីឡូម៉ែត្រ ដោយ​ក្នុងនោះ ប្រវែង​៦៩​គីឡូម៉ែត្រ ចាប់ពី​ចោមចៅដល់​បែក​គុ​ស ត្រូវ​សាងសង់​ជា​ផ្លូវ ៤​គន្លង​(២​ទៅ​២​មក​)​សួនច្បារ​កណ្តាល ទទឹង​២៤.៥​ម និង​ចាប់ពី​បែក​គូស ដល់ទី​រួម​ខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវ​សាងសង់​ជា​ផ្លូវ ២​គន្លង​(១​ទៅ​១​មក ទទឹង​១២​ម៉ែត្រ​) ដោយ​ក្រាល​បេតុង​កៅស៊ូ (AC 70mm)​។​

​ពេល​កែលម្អ​រួចរាល់​ហើយ ផ្លូវ​នេះនឹងចូលរួម​ចំណែក​ច្រើន​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ការដឹកជញ្ជូន​ទំនិញ​ផលិតផល ពិសេស​ការដឹកជញ្ជូន​អំបិល​ពី​ខេត្តកំពត​ទៅកាន់​ខេត្ត​ផ្សេងៗ និង​សម្រាប់​វិស័យ​ទេសចរណ៍​ធ្វើដំណើរ​ទៅកាន់​ភូមិភាគ​ទិស​និរ​តី​នៃ​តំបន់​សមុទ្រ​កម្ពុជា​ផងដែរ​។​

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ចូ​ន ធ្លាប់បាន​បញ្ជាក់​អំពី​សា​រ​ប្រយោជន៍​នៃ​កំណាត់​ផ្លូវ​នេះ​ថា “​នៅពេលដែល​ផ្លូវជាតិ​លេខ​៣​នេះ បាន​សាងសង់​រួច ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​នឹង​ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​ផ្សេងៗ​បាន​ច្រើន​។ តាមរយៈ​ផ្លូវជាតិ​លេខ​៣​នេះ បើ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ចង់​ធ្វើដំណើរ​ទៅលេង​កំពង់សោម ក៏​អាចធ្វើដំណើរ​រ​តាម​ផ្លូវជាតិ​នេះ​បាន​ផងដែរ​។ ហើយ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ប្រកបមុខរបរ​តាមផ្លូវ​ជាតិ​លេខ​៣ ក៏​កាន់តែ​ងាយស្រួល​រកចំណូលបាន​ច្រើន​ថែមទៀត​”។ ​

​គេ​សង្កេតឃើញថា ទោះបីជា​បញ្ហា​ជំងឺ​កូ​វីដ​១៩​កំពុង​រាតត្បាត​ក៏ដោយ ក៏​សកម្មភាព​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៣​នេះ​នៅតែ​បន្ត​។ ទោះយ៉ាងណា​ក្តី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានស្នើ​សូម​ប្រជាពលរដ្ឋ​មេត្តា​អធ្យាស្រ័យ​ចំពោះ​ផលប៉ះពាល់​និង​ការរំខាន​នានា ដែល​កើតឡើង​អំឡុង​សាងសង់​នេះ​។ ក្រសួង​នឹង យកចិត្តទុកដាក់​តាម​ដាន និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សាងសង់ ធ្វើការ​ស្រោច​ទឹក​លើ​ដងផ្លូវ​ជាប្រចាំ ជាពិសេស​ក្នុង​តំបន់​ទីប្រជុំជន ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ (​ដី​ហុយ​) ទៅលើ​បរិស្ថាន និង​សុខភាព​”​៕ /Ha

ទីតាំងផ្សាយពាណិជ្ជកម្ម