បើក​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ​ត្រូវ​រថយន្ត​ធុន​ធំ​បុក​ពេញទំហឹង​របួសធ្ងន់​, រថយន្ដ​កិន​ម៉ូតូ​អូស​បែក​ផ្កាភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​

201
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: បុរស​ម្នាក់​បាក់ជើងរ​ង​របួសធ្ងន់ បន្ទាប់ពី​ជិះ​ម៉ូតូ​មួយគ្រឿង​កំពុង​ឆ្លងផ្លូវ ក៏ត្រូវ​រថយន្ត​ធុន​ធំ​បុក​ហើយ​កិន ម៉ូតូ​អូស​ជាច្រើន​ម៉ែត្រ​បែក​ផ្កាភ្លើង បណ្ដាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ កាលពី​វេលាម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង កែង​ផ្លូវ​ផ្សារ​ដី​ថ្មី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​។​

​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​មានឈ្មោះ ឆេង ឆាន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មុខរបរ​ប្រធានភូមិដំណាក់​ធំ​២ រស់នៅ​ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​។ ជិះ​ម៉ូតូ​ធុន​ធំ មិន​ចាំ​ម៉ាក និង​ផ្លាក​លេខ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​។ ចំណែកឯ​រថយន្ត យី​ឌុប ហៅ​៥​ភ្លៅ​ ក្បាល​ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 4A 5563 ដឹកទំនិញ​ពេញ ឆេះ​កាប៊ីន​ខ្ទេច​។​

​តាម​សម្ដី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធំ​មួយគ្រឿង បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​កើតមក​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បានបត់​ឆ្វេង​បំណង​ទៅ​ផ្លូវ​ផ្សារ​ដី​ថ្មី ក៏​ស្រាប់​តែមាន​រថយន្ត​យី​ឌុប​ធុន​ធំ​មួយគ្រឿង ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន​ល្មម ជ្រុល​ទៅបុក​ម៉ូតូ​ខាងលើ​ចំ​ពី​ចំហៀង​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់​ជា​ម្ចាស់​ម៉ូតូ​រងរបួស​បាក់ជើង​ធ្ងន់ រថយន្ត​បាន​កិន​ម៉ូតូ​អូសប្រហែល​១០​ម៉ែត្រ ធ្វើ​ឲ្យ​បែក​ផ្កាភ្លើង​ឆាបឆេះ​រថយន្ត និង​ម៉ូតូ​យ៉ាង​សន្ធោសន្ធៅ​តែម្ដង​។

​ប្រភព​ដដែល​បាន​ប្រាប់ទៀតថា ភ្លាមៗ​នោះ​តៃកុង​រថយន្ត​និង​ព្រូ បាន​ចុះ​មកជួយ​លើក​ជនរងគ្រោះ​ដាក់លើ​ចិញ្ចើមផ្លូវ រួច​គេចខ្លួនបាត់​។ គ្រា​នោះដែរ អ្នកជិតខាង​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជាច្រើន​មក​បាញ់ តែ​មិន​រលត់ ទើប​មាន​កម្លាំងសមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជួយ​អន្តរាគមន៍ និង​មានការ​សហការ​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី បាញ់​ទឹក​ពន្លត់​អស់​ចំនួន​៣​ឡាន ទើប​រលត់ទៅវិញ​ជា​ស្ថាពរ​។

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចុះមក​វាស់វែង​ស្ទូច​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម