កំណាត់​លេខ​២​និង​លេខ​២២ ប្រវែង​សរុប ៧២,១៧​គីឡូម៉ែត្រ សម្រេចបាន​ជាង​៨​ភាគរយ​

249
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញផ្លូវជាតិ​លេខ​២ និង​២២ ដែល​នឹង​ចំណាយ​ជាង​៥៦​លាន​ដុល្លារ​អាម៉េរិក បាន​សាងសង់​សម្រេចបាន​៨,៦៤​ភាគរយ​គិត​មកទល់​ដើមខែ​ឧសភា​នេះ បន្ទាប់ពី​ការបើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​លោក ហ៊ាង សុទ្ធា​យុទ្ធ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ចូ​ន បាន​ប្រាប់​រស្មី​កម្ពុជា​ថា​៖​ផ្លូវជាតិ​លេខ២ មាន​ប្រវែង​សរុប​ចំនួន​៦២,៥៦​គីឡូម៉ែត្រ គិត​ចាប់ពី​រង្វង់​មូល​តាខ្មៅ​-​អូរ​ចំបក់ ដល់​រង្វង់​មូល​ក្រុង​ដូន​កែវ ខេត្តតាកែវ និង​ផ្លូវជាតិ​លេខ ២២ មាន​ប្រវែង​សរុប​ចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់​គិតពី​រង្វង់​មូល​ក្រុង​ដូន​កែវ ដល់​អង្គតាសោម ផ្លូវជាតិ​លេខ ៣​។​គម្រោង​នេះឆ្លងកាត់​រាជធានី​-​ខេត្ត​ចំនួន​៣ រួមមាន​ខេត្តកណ្តាល រាជធានី​ភ្នំពេញ និង​ខេត្តតាកែវ​។​

​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នេះ​គ្រោង​ចំណាយ​ថវិកា ៥៦,១​លាន​ដុល្លា​រសហរដ្ឋ​អាម៉េរិក ដែលជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាលនៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង និង​ថ​វិ​កា​បដិភាគ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។​រយៈពេល​៣០​ខែ គឺ​ពី​ខែតុលា ឆ្នាំ​២០១៩ ដល់​ខែមេសា ឆ្នាំ​២០២២​។​

​គម្រោង​សាងសង់​ជួសជុល​ធ្វើ​ឲ្យ​ប្រសើរឡើង​ផ្លូវជាតិ​ទាំងពីរ​ខ្សែ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​Hanshin Engineering &Construction Co.,Ltd​។​


​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ធ្លាប់បាន​ឲ្យ​ដឹងថា គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​២​និង​ផ្លូវជាតិ​លេខ​២២​នេះ​នឹងត្រូវ​ពង្រីក​ពី ២​គន្លង ទៅ​៤ គន្លង ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅវិញទៅមក​ប្រកបដោយ​សុវត្ថិភាព​។​ការសាងសង់​ផ្លូវ​នេះ​នឹង​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ឱ្យ​កាន់តែ​ល្អប្រសើរ​ស្របតាម​កំណើន​ប្រជាពលរដ្ឋ​និង​កំណើន​យានយន្ត​នាពេល​បច្ចុប្បន្ននេះ​ ថែមទាំង​ជំរុញ​កំណើន​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា​មានការ​រីកចម្រើន អាច​ទាក់ទាញ​អ្នកវិនិយោគ​បាន​ច្រើន​ផងដែរ​។​

​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា តាម​លក្ខណៈ​បច្ចេកទេស​​ គម្រោង​ស្ថាបនា​នេះនឹង​ពង្រីក​លើផ្លូវ​ចាស់​ដោយ​ក្រាល​កៅស៊ូ AC សាងសង់​ស្ពាន​ថ្មី ចំនួន ១១​កន្លែង និង​ស្ថាបនា​លូ​រំដោះ​ទឹកភ្លៀង មាន​លូ​ជ្រុង​កាត់​ទទឹង​ថ្នល់​ចំនួន ៥៦​កន្លែង និង​លូ​មូល​កាត់​ទទឹង​ថ្នល់ ១៧​កន្លែង​។ ការស្ថាបនា​នេះ​គ្រោង​នឹង​ប្រើ​រយៈពេល ៣០​ខែ (​ប្រហែល ២​ឆ្នាំកន្លះ​)​បែងចែក​ជា​បី​កំណាត់​ផ្លូវធំៗ​គឺ​កំណាត់​ទី​១៖ ចាប់ផ្តើម​ចេញពី​រង្វង់​មូល​តាខ្មៅ​ដល់​រង្វង់​មូល​ស្ត្រី​បី​កូរ​ស្រូវ ដែលមាន​ប្រវែង​ជាង​៨​គីឡូម៉ែត្រ​ពង្រីក​ពី ២ គន្លង ទៅ ៤ គន្លង កំណាត់​ទី​២ ចាប់ផ្តើម​ចេញពី​រង្វង់​មូល​ស្ត្រី​បី​កួរស្រូវ ដល់​រង្វង់​មូល​អូរ​ចំបក់ ដែលមាន​ប្រវែង​ជាង​៥៣​គីឡូម៉ែត្រ​ស្ថិតក្នុង​តំបន់​ជនបទ​មាន ២​គន្លង និង​កំណាត់​ទី​៣ ចាប់ផ្តើម​ពី​រង្វង់​មូល​អូរ​ចំបក់ ដល់​ផ្សារ​អង្គតាសោម ផ្លូវជាតិ​លេខ​២២ ដែលមាន​ប្រវែង​ជាង​៩​គីឡូម៉ែត្រ​ស្ថិតក្នុង​តំបន់​ជនបទ​មាន​២​គន្លង​។​

​គួរបញ្ជាក់​ផងដែរ​ថា​៖ កាលពី​ថ្ងៃទី​៥​ខែឧសភា ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋ​ម​ន្រី្ត​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រាប់​ឱ្យ​ក្រុមហ៊ុន​ចិន ដែល​សាងសង់​ផ្លូវជាតិ​លេខ​២​និង​លេខ​២២ មាន​ភាពយឺតយ៉ាវ រក​ដំណោះស្រាយ​ឱ្យទាន់​ពេលវេលា​។ បើ​មិន​ដូច្នោះ​ទេ ក្រុមហ៊ុន​នេះនឹងរង​ការផាកពិន័យ​។​លោក ស៊ុន ចាន់ថុល បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ នៅ​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ រង្វង់​មូល​អ្នក​លឿង ផ្លូវ​ក្រវាត់ក្រុង​ព្រៃវែង និង​ចំណុច​ផ្លូវជាតិ​លេខ​២​និង​២២ ឃើញថា​ផ្លូវជាតិ​លេខ​២​និង​២២ មានការ​សាងសង់​យឺតយ៉ាវ ដោយសារ​តែមាន​ការដ្ឋាន​សាងសង់​តែ​ពីរ​កន្លែង​ប៉ុណ្ណោះ​។​

​បើតាម​លោក ស៊ុន ចាន់ថុល មូលហេតុ​នាំឱ្យ​ការសាងសង់​យឺតយ៉ាវ​នេះ ដោយសារ​គ្រឿងចក្រ​ជាប់គាំង​នៅ​ប្រទេស​វៀតណាម មិនទាន់​មក​កម្ពុជា​។ លោក ស៊ុន ចាន់ថុល បញ្ជា​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួល​សាងសង់ រក​ដំណោះស្រាយ​ផ្សេងទៀត ដើម្បី​ព​ន្លឿ​ន​ការស្ថាបនា​ផ្លូវ​នេះ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម