កម្ពុជា ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក ១៥ ប្រភេទ​កីឡា ហ្វឹកហាត់ នៅ​ប្រទេស​ចិន រយៈពេល​យូរ​

222
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា ស៊ី​ហ្គេម ២០២៣ ( SEA GAMES 2023 ) បើក​កិច្ចប្រជុំ ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ចំនួន ១២ ដើម្បី​បញ្ជូន​កីឡាករ – កីឡាការិនី ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន រយៈពេល​យូរ ។​

​លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា កម្ពុជា នឹង​បញ្ជូន​កីឡាករ កីឡាការិនី ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន ដែល​នឹង​ចាប់ផ្តើម នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ប៉ុន្តែ​បញ្ហា​មេរោគ​កូ​រ៉ូ​ណា នៅតែ​មិន​ធូរស្រាល​នោះ អាច​ទៅ​ខែមីនា ឆ្នាំ​២០២១ វិញ ដើម្បី​ត្រៀម​ចូលរួម ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម និង ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​។​

​លោក​បាន​បន្តថា សហព័ន្ធ​កីឡា​ជាតិ ត្រូវ​ពិចារណា ក្នុងការ​ជ្រើសរើស​កីឡាករ កីឡាការិនី សម្រាប់​បញ្ជូនទៅ​ហ្វឹកហាត់ រយៈពេល​យូរ​នេះ និង​អត្ត​ព​លិ​ក មាន​សក្តានុពល គឺមាន​ឆន្ទៈ ក្នុងការ​ហ្វឹកហាត់ ក្រៅប្រទេស ឲ្យ​បានច្បាស់លាស់​។ ដោយមាន​កីឡាករ​- កីឡាការិនី មួយចំនួន ហ្វឹកហាត់​បាន​ត្រឹម​ពី ៣ ទៅ ៤ ខែ បែរជា​សុំ​ឈប់​ហ្វឹកហាត់ សកម្មភាព​បែបនេះ នឹងធ្វើ​ឲ្យ​បាត់បង់ ពេលវេលា​ដ៏​មានតម្លៃ​ហើយ​។​

​លោក​អគ្គលេខាធិការ បាន​បន្ថែមទៀតថា សម្រាប់​ការធ្វើដំណើរ ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា ស៊ី​ហ្គេម ២០២៣ ចេញថ្លៃ​សំបុត្រ​យន្តហោះ ចំណែក​ប្រាក់​ហោប៉ៅ គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ២០២៣ នឹង​ពិភាក្សា​ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា​៕v

ទិដ្ឋភាព​ប្រជុំ​
ទិដ្ឋភាព​ប្រជុំ​

ទីតាំងផ្សាយពាណិជ្ជកម្ម