ក្រសួងបញ្ចប់ការស្ថាបនាច្រាំងទន្លេមេគង្គក្រុងកំពង់ចាមសម្រេចមួយ រយភាគរយ

175
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ចប់ការស្ថាបនាខឿនច្រាំងទន្លេមេគង្គក្រុងកំពង់ចាមដែលមានតម្លៃ ១,៦លាន ដុល្លារអាម៉េរិក កាលពីសប្តាហ៍កន្លងទៅនេះ។ ដោយបច្ចុប្បន្នក្រសួងមួយនេះបាន និងកំពុងស្ថាបនាពង្រាយបាវខ្សាច់ទប់ស្កាត់ការបាក់ស្រុតច្រាំងស្រុកកងមាសបន្តទៀត។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានឳ្យកាសែតរស្មីកម្ពុជានាពេលថ្មីៗនេះថា ក្រសួងធនធានទឹកបានស្ថាបនាសំណង់ខឿនច្រាំងទន្លេប្រវែង ១៧០ ម៉ែត្រ និងការរៀបបាវខ្សាច់ការពារច្រាំងទន្លេនេះប្រវែងជិត ៣០០ ម៉ែត្រនោះបានរួចរាល់ ១០០ ភាគរយហើយ។

លោកប្រធានមន្ទីរបានឳ្យដឹងទៀតថា ខណ:នេះបានដកសាឡង់បូមខ្សាច់ ចេញពីទន្លេមេគង្គក្រុងកំពង់ចាម ទៅបន្តបើកការដ្ឋានសង្រ្គោះការបាក់ស្រុកច្រាំងទន្លេដដែលនៅឯស្រុកកងមាស។

គួររំលឹកថា ខឿនច្រាំងទន្លេមេគង្គក្រុងកំពង់ចាមបានចាប់ផ្តើមដំណើរការសាងសង់កាលពីចុងខែមីនា ឆ្នាំ២០១៩ គឺអនុវត្តន៍គម្រោងដោយក្រសួងធនធានទឹក និងឧតុនិយមផ្ទាល់តែម្តង។ដោយ ប្រើប្រាស់កញ្ចប់ថវិការបស់រាជរដ្ឋាភិបាលចំនួន ១,៦លាន ដុល្លារអាម៉េរិក។

រីឯការជួយសង្រ្គោះច្រាំងទន្លេដដែលនេះនៅចំណុចប្រឈមខ្លាំងរបស់ក្រុងកំពង់ចាមប្រវែង ៣០០ ម៉ែត្រពីមហន្តរាយទឹកជំនន់ទន្លេមេគង្គឆ្នាំ២០១៩ គឺដោយក្រសួងធនធានទឹក និងឧតុនិយមកាលពីខែកុម្ភ: ឆ្នាំ២០២០ ប្រើប្រាស់បច្ចេកទេសចាក់រោយខ្សាច់បាតច្រាំង ហើយរៀបបាវខ្សាច់សង្កត់ពីលើ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម