អាម៉េរិក​និង​ចិន ពិភាក្សាគ្នា​អំពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១

234
ចែករម្លែក

​ឧបនាយក​រដ្ឋមន្ត្រី​ចិន លោក លីវ ហឺ រដ្ឋមន្ត្រី​រតនាគា​រ​អាម៉េរិកលោក​ស្ទេ​វិន ម្នូ​ជីន និង​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក លោក រ៉ូ​ប៊ើត ឡាយ​ធី​ហ្សឺ បាន​ពិ​ភក្សា​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​សុក្រ​ទី​០៨​ឧសភា​ស្តីពី​​ពាណិជ្ជកម្ម​ទ្វេភាគី​ចិន​-​អាម៉េរិក​។​

​សេចក្តីថ្លែងការណ៍​របស់​ក្រសួងរតនាគារ​និង​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក​បាន​និយាយ​ថា​កិច្ចពិភាក្សា​រួមមាន កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១ រវាង​ប្រទេស​ទាំង​ពីរ ដែល​ត្រូវបាន​ចុះហត្ថលេខា​​នៅពេល​មុន​នេះ​ក្នុង​ឆ្នាំ​២០២០​នេះ ។​វា​និយាយថា ភាគី​ទាំងពីរ​បាន​យល់​ស្រប​ថា មាន​ការធ្វើអោយមាន​«​ការរីកចំរើន​ដ៏​ល្អ​»​ដើម្បី​បំពេញ​តាម​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១ និង​ថា​ពួក​គេ​រំពឹងថា​នឹង​​បំពេញ​កាតព្វកិច្ច​ក្រោម​កិច្ចព្រមព្រៀង​បាន​ទាន់ពេល​។​

​កិច្ចពិភាក្សា​នេះ​ត្រូវបាន​ធ្វើឡើង​នៅពេល​ភាព​តានតឹង​កញ្ជ្រោល​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំង​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ស្តីពី​ប្រភព​នៃ​វីរុស​កូរ៉ូណា​។​

​ប្រធានាធិបតី​ដូណាល់ ត្រាំ និង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត បាន​បន្ទោស​ចិន​ចំពោះ​ការស្លាប់​មនុស្ស​រាប់រយ​ពាន់​នាក់​ដោយសារ​ជំងឺ​កូវី​ដ​១៩​និង​បាន​គំរាម​ចាត់វិធានការ​ដាក់ពិន័យ រួម​មាន​ការ​យក​ពន្ធ​និង​​រើ​ខ្សែសង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់​ចេញ​ពី​ចិន​ផង​។​

​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយថា ក្នុងអំឡុងពេល​ពិភាក្សា ឧបនាយក​រដ្ឋមន្ត្រី​ចិន​លោក លីវ ហឺ រដ្ឋមន្ត្រី​រតនាគារ​និង​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក បាន​យល់ស្រប​គ្នា​ថា​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើការ​រួមគ្នា​​ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​មួយ​សំរាប់​អនុវត្ត​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១​។​

​ការិយាល័យ​ពាណិជ្ជកម្ម​អាម៉េរិក បាន​និយាយថា «​ភាគី​ទាំងពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​ថា ទោះ​ជា​ជួប​ស្ថានភាព​គ្រាអាសន្ន​សុខភាព​សកល​ក៏​ប្រទេស​ទាំង​ពីរ​រំពឹងថា​នឹង​ធ្វើ​តាម​កាតព្វកិច្ច​របស់​គេ​នៅ​​ក្រោម​កិច្ច​ព្រមព្រៀង អោយទាន់ពេល​»​។​

​នៅ​ក្រោម​កិច្ច​ព្រមព្រៀង ចិន​បាន​យល់ព្រម​បង្កើន​ការទិញ​ទំនិញ​អាម៉េរិក​ពី​កំរិត​មូលដ្ឋាន​ឆ្នាំ​២០១៧ ចំនួន​២០០​ពាន់​លាន​ដុល្លារ​បន្ថែម ក្នុង​រយៈពេល​២​ឆ្នាំ​ដោយ​ឆ្នាំ​ទី​១​ត្រូវ​បង្កើន​៧៧​ពាន់​លាន​ដុល្លារ និង​១២៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ទី​២​។​

​តែ​ជំងឺ​កូវី​ដ​១៩​ដែល​បាន​វាយប្រហារ​ចិន​មុនគេ បាន​វាយ​សំពង​លើ​សេចក្តីត្រូវការ​ចិន​ជាខ្លាំង ហើយ​សេដ្ឋកិច្ច​ចិន​ទើបតែ​រើប​រើ​ឡើង​វិញ​តែ​ប៉ុណ្ណោះ​៕​ប្រែ​សម្រួល​៖​វាសនា​

ឧបនាយក​រដ្ឋមន្ត្រី​ចិន លោក លីវ ហឺ​(​កណ្តាល​) រដ្ឋមន្ត្រី​រតនាគា​រ​អាម៉េរិកលោក​ស្ទេ​វិន ម្នូ​ជីន និង​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក លោក រ៉ូ​ប៊ើត ឡាយ​ធី​ហ្សឺ​បាន​ពិ​ភក្សា​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​សុក្រ​​ទី​៨​ឧសភា​ស្តីពី​ពាណិជ្ជកម្ម​ទ្វេភាគី​

ទីតាំងផ្សាយពាណិជ្ជកម្ម