កងកម្លាំង​សន្តិសុខ​ឥណ្ឌា​ប៉ះទង្គិច​ជាមួយ​ពួក​អ្នកប្រឆាំង​ការបិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​

202
ចែករម្លែក

​កងកម្លាំង​សន្តិសុខ​ឥណ្ឌា​បាន​ប៉ះទង្គិច​ជាមួយ​ពួក​អ្នកស្រុក​ដែល​ខឹងសម្បា​និង​មិន​គោរព​វិធានការ​បិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ នៅ​ទីក្រុង​អា​មេ​ដា​បាត កាលពី​ថ្ងៃ​សុក្រ​​ទី​៨​ឧសភា ស្របពេល​ដែល​ប្រទេស​នេះ មាន​ការកើនឡើង​នៃ​អ្នក​ស្លាប់​ដោយសារ​វីរុស​នេះ និង​ករណី​ឆ្លង​កើនឡើង ដែល​ត្រូវបាន​ព្យាករថា​កាន់តែ​អាក្រក់​។​

​ខណៈពេលដែល ក្រុម​អាជ្ញាធរ​បាន​ទទូចថា វិបត្តិ​នេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​បាន​នៅក្នុង​ប្រទេស​ដែល​មាន​ប្រជាជន ១,៣​ពាន់​លាន​នាក់​នេះ ​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​អំពី​ការកើនឡើង​នៃ​​ករណី​ឆ្លង​និង​ស្លាប់ ទោះបីជាមាន​ចំណាត់ការ​បិទ​ប្រទេស​​ទាំង​ស្រុង ចំនួន​៦​សប្តាហ៍​ក៏ដោយ​។​

​ការ​បញ្ជា​ឱ្យ​ស្ថិតនៅ​ផ្ទះ កំពុង​ត្រូវបាន​បន្ធូរបន្ថយ​នៅក្នុង​តំបន់​ជាច្រើន​នៃ​ប្រទេស​ឥណ្ឌា​ប៉ុន្តែ ត្រូវ​បាន​រឹតបន្តឹង​នៅទីក្រុង​អា​មេ​ដា​បាត និង​នៅ​ទីក្រុង​ផ្សេងៗ​ទៀត​នៅ​រដ្ឋ ហ្គូ​ចា​រ៉ាត ដែល​បាន​ក្លាយ​​ជា​តំបន់​ឆ្លង​រាតត្បាត​ខ្លាំង​ដោយសារ​ជំងឺឆ្លង​នេះ​។​

​កងកម្លាំង​សន្តិសុខ​ចំនួន​៧០០​នាក់ បាន​ដើរ​ល្បាត​នៅ​ទីក្រុង​អា​មេ​ដា​បាត និង​នៅ​ទីក្រុង​ស៊ូ​រ៉ា​ត​និង​ទីក្រុង​វ៉ា​ដូ​ដា​រ៉ា​ដើម្បី​ហាម​ប្រជាជន​កុំ​ឱ្យ​ធ្វើ​ដំណើរ​តាមផ្លូវ​។​ស្ទើរតែ​គ្រប់​ហាង​លក់ដូរទាំងអស់​​ត្រូវបាន​បញ្ជា​ឱ្យ​បិទ យ៉ាងហោចណាស់​មួយ​សប្តាហ៍​។​

​បញ្ហា​បាន​ផ្ទុះឡើង​នៅ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​នៅពេលដែល​មនុស្ស​រាប់រ​យ​នាក់​បាន​រំលោភបំពាន​វិធានការ​បិទ​ប្រទេស ។ ប៉ូលិស​បាន​និយាយថា មនុស្ស​មួយ​ក្រុម បាន​គប់​ដុំ​ថ្ម​ទៅលើ​ពួក​គេ​ ហើយ​ពួកគេ​បាន​​ឆ្លើយ​តប​ដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​វាយ​នឹង​ដំបង​។ យ៉ាងហោច​ណាស់​មនុស្ស ១៥ នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​។​

​គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​ទី​៨​ខែ​ឧសភា ឥណ្ឌា​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន​១.៨៨៦​នាក់ និង​មាន​ករណី​ឆ្លង​វីរុស​នេះ​ចំនួន​៥៦.៣០០​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ប៉ូលិស​នៅ​រដ្ឋ​ហ្គូ​ចា​រ៉ា​ត ចាប់ខ្លួន​បុរស​ម្នាក់​បន្ទាប់ពី​ចោល​ដុំថ្ម​ទៅ​លើ​ប៉ូលិស​ក្នុងអំឡុងពេល​អនុវត្ត​វិធានការ​បិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​នេះ​កាលពី​ថ្ងៃ​សុក្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម